សំនួរក្នុងកិច្ចសម្ភាសប្រកបដោយភាពរីករាយរបស់មហាសេដ្ឋី អាម៉េរិក Jeff Bezos គឺ៖ «មានបង្អួចសរុបចំនួនប៉ុន្មាន នៅក្នុងទីក្រុង?»។
អត្ថបទនេះគឺជាការចែករំលែករបស់នាង Ann Hiatt ដែលជាអតីតអ្នកយុទ្ធសាស្ត្រមួយរូបនៅជ្រលងភ្នំ Silicon (silicon valley) នៃរដ្ឋ California សហរដ្ឋអាម៉េរិក។ នាង Ann Hiatt មានបទពិសោធន៍ 15 ឆ្នាំ ទាក់ទងនឹងការងារជាសហការិនី ឬជំនួយការរបស់មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរូប មានដូចជា មហាសេដ្ឋី Jeff Bezos, Marissa Mayer និង Eric Schmidt ជាដើម។ ថ្មីៗនេះ Hiatt បានបង្កើត និងទទួលភារកិច្ចជានាយិកាប្រតិបត្តិរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ដែលមានអតិថិជនជា CEO របស់បណ្ដាក្រុមហ៊ុននៅទូទាំងពិភពលោក។
«ខ្ញុំបានដាក់ពាក្យសុំការងារជាជំនួយការនៅឯក្រុមហ៊ុន Amazon កាលពីឆ្នាំ 2002។ កាលណោះ ខ្ញុំមិនបានស្គាល់អ្នកណាទាំងអស់នៅក្នុងក្រុមហ៊ុន និងមិនមានសញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ថែមទាំងមិនមានបទពិសោធន៍ក្នុងកិច្ចការជាលេខារបស់ CEO ណាមួយនោះដែរ។
ហើយនេះគឺជាបទពិសោធន៍នៃកិច្ចសម្ភាសសុំការងាររបស់ខ្ញុំ នៅ Amazon ៖
កិច្ចសម្ភាសដំបូងរបស់ខ្ញុំនៅឯក្រុមហ៊ុន Amazon ច្រើនដល់ថ្នាក់វិលមុខ។ ខ្ញុំបានសម្ភាសផ្ទាល់ជាមួយជំនួយការជាន់ខ្ពស់ទាំងអស់របស់ក្រុមហ៊ុននេះ ក្នុងចំណោមនោះ មានខ្លះស៊ីពេលពេញមួយថ្ងៃ។
ជាងនេះ ក៏មានកិច្ចសម្ភាសមួយដែលធ្វើឡើងនៅក្នុងបន្ទប់ងងឹត មានតែពន្លឺអេក្រង់កុំព្យូទ័រដែលពេញដោយកូដ និងអំពូលភ្លើងរាត្រីច្រើនពណ៌នៅឯជ្រុងបន្ទប់។ ប៉ុន្តែ វាមិនចម្លែកប៉ុន្មានទេ ព្រោះធ្លាប់ជួបរឿងនេះ (ឪពុក ម្ដាយរបស់ខ្ញុំគឺជាអ្នកធ្វើការក្នុងវិស័យនេះ)។
ប៉ុន្មានខែក្រោយមក ខ្ញុំគិតថា ប្រហែលជាធ្លាក់បាត់ហើយ ព្រោះមិនមានការឆ្លើយតបសោះ។ ប៉ុន្តែ បុគ្គលិកធនធានមនុស្សម្នាក់របស់ Amazon បានហៅទូរស័ព្ទ និងអញ្ជើញខ្ញុំទៅសម្ភាសលើកចុងក្រោយ។ ប៉ុន្តែ ម្នាក់នេះមិនបានប្រាប់ថា ខ្ញុំនឹងត្រូវសម្ភាសជាមួយមហាសេដ្ឋី Jeff Bezos នោះឡើយ។
សំនួរដំបូងនៅក្នុងកិច្ចសម្ភាសជាមួយម្ចាស់ Amazon
ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តនៅពេលត្រូវសម្ភាស។ Bezos ឈានជើងចូលដល់ អង្គុយទល់មុខនឹងខ្ញុំ រួចក៏ណែនាំខ្លួន។ គាត់ប្រាប់ថា នឹងសួរតែពីរសំនួរគត់ ហើយសំនួរដំបូងនឹងជាសំនួរ «សប្បាយរីករាយ»។
«ខ្ញុំចង់ឱ្យអ្នកគណនា។ មានបង្អួចចំនួនប៉ុន្មាននៅក្នុងទីក្រុង?» លោក Bezos និយាយបណ្ដើរ គូររូបបង្អួចនៅលើក្ដារខៀនបណ្ដើរ។
ភ្លាមនោះ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។ ក្រោយមក ខ្ញុំក៏ដកដង្ហើមមួយយ៉ាងវែងដើម្បីសម្រួលអារម្មណ៍ និងរំលឹកខ្លួនឯងអំពី «គោលបំណង» របស់ Bezos នៅពេលសួរសំនួរនោះ។ ខ្ញុំគិតថា ប្រការនេះគឺដើម្បីសង្កេតមើលថា តើខ្ញុំរហ័សរហួនដល់កម្រិតណា ហើយគាត់ចង់ឃើញវិធីដែលខ្ញុំបំបែកបញ្ហាស្មុគស្មាញជាចំណែកតូចៗ ដើម្បីគ្រប់គ្រង។
ខ្ញុំចាប់ផ្ដើមដោយលើកឡើងអំពីចំនួនប្រជាជននៅទីក្រុង Seattle (ប្រហែល 1 លាននាក់)។ បន្ទាប់មក ខ្ញុំលើកឧទាហរណ៍ថា ក្នុងមនុស្សម្នាក់មានផ្ទះមួយខ្នង រថយន្តមួយគ្រឿង និងការិយាល័យមួយ ឬសាលារៀនមួយកន្លែង ដែលទាំងអស់នេះសុទ្ធតែមានបង្អួច។ ហើយយើងក៏ចាប់ផ្ដើមគណនាជាមួយគ្នា ដោយពិនិត្យមើលរាល់ករណីដែលអាចកើតឡើង ប្រក្រតីភាព រួមនឹងករណីលើកលែង។ ខ្ញុំនិយាយ ចំណែក Bezos បង់លេខទៅលើក្ដារខៀន។ កិច្ចការនេះស៊ីពេលអស់ជាង 10 នាទី មុននឹងគាត់សរសេរអំពីការប៉ាន់ស្មានចុងក្រោយ រួចបញ្ចេញយោបល់៖ «ស្ដាប់ទៅ ទំនងត្រូវ»។
ដូច្នេះ សំនួរ «សប្បាយរីករាយ» ក៏បានបញ្ចប់។
សំនួរទីពីររបស់លោក Jeff Bezos ៖ «តើគោលដៅនៃមុខរបររបស់អ្នកគឺជាអ្វី?»
ខ្ញុំនិយាយថា Amazon ត្រូវបានគេបញ្ជាក់ថា ជាក្រុមហ៊ុនមួយដែលពោរពេញដោយមនុស្សដែលមានមហិច្ឆតា និងការជាប់ចិត្ត។ ខ្ញុំចង់ដូចពួកគាត់ និងរៀនសូត្រពីពួកគាត់។ ចំនុចខ្លាំងរបស់ពួកគាត់គឺជាអ្វីដែលខ្ញុំចង់រីកចម្រើន។ ទោះបីកន្លងមក ខ្ញុំមានបំណងក្លាយជាសាស្ត្រាចារ្យ ប៉ុន្តែ ខ្ញុំបានផ្លាស់ប្ដូរការគិត ហើយចង់ទទួលបានបទពិសោធន៍ពីក្រុមហ៊ុន Amazon។
ខ្ញុំក៏បានបន្ថែមថា ខ្ញុំមិនមានបទពិសោធន៍ធ្វើការជាជំនួយការ ប៉ុន្តែ តែងតែយល់ច្បាស់អំពីសារសំខាន់ដែលគួរនៅក្រៅរង្វង់សុវត្ថិភាពដើម្បីអភិវឌ្ឍខ្លួន និងដើម្បីជោគជ័យ។
បន្ទាប់មក Bezos មិនបានទុកឱ្យខ្ញុំត្រូវរង់ចាំទៀតនោះទេ គាត់ប្រកាសនៅនឹងកន្លែងថា ខ្ញុំត្រូវបានជ្រើសរើស។ គាត់ក៏បង្ហាញតុធ្វើការរបស់ខ្ញុំដែលមានចម្ងាយប្រហែល 3 ជំហាន ពីកន្លែងអង្គុយរបស់គាត់។ នោះគឺជាតុដែលនៅជិតកន្លែងធ្វើការរបស់ Bezos ជាងគេ នៅក្នុងក្រុមហ៊ុននេះ។
ពេលវេលាបានកន្លងទៅអស់ជាច្រើនឆ្នាំ ទើបខ្ញុំយល់អំពីមូលហេតុដែល Bezos បែរជាផ្ដល់ឱកាសការងារដល់បេក្ខភាពដែលមិនមានបទពិសោធន៍ដូចខ្ញុំ។ គាត់មានបំណងបង្កើតក្រុមបុគ្គលិកដែលពេញដោយមហិច្ឆតា ច្នៃប្រឌិតក្នុងការងារ ដោយមិនគិតដល់ការដែលពួកគេខ្វះជំនាញមួយចំនួន៕