អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់របស់រាជធានី អនុវត្តវិធានការនៃការហាមមិនឱ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកម្សាន្តដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
បទបញ្ជានេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពី ការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅ ភ្នំពេញ នារសៀលថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលបានបើកប្រទេសឱ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកម្សាន្ត និងខារ៉ាអូខេ គឺមិនអនុញ្ញាតឱ្យបើកដំណើរការនោះទេ ខណៈភោជនីយដ្ឋាន និងបៀរហ្គាឌិន ត្រូវបានអនុញ្ញាត។ ការដាក់បម្រាមនេះ ត្រូវបានអភិបាលរាជធានី ពន្យល់ថា ក្លឹបកម្សាន្ត និងខារ៉ាអូខេ គឺជាទីតាំងដែលមានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺ COVID-19។
ឯកឧត្តម អភិបាល ក៏បានជំរុញឱ្យអាជ្ញាធរ រៀបចំ អនុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងឡាយដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ឱ្យបានល្អ នៅពេលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង៕