ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានឈ្នះសិទ្ធិរបស់ពួកគេដើម្បីធ្វើការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី9ជាប់ៗគ្នា ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុមជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត បានឈ្នះកៅអីរបស់ពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងប្រទេសរុស្ស៊ី នៅឆ្នាំក្រោយ បន្ទាប់ពីបានកត់ត្រាជ័យជម្នះ 1-០ លើក្រុមជម្រើសជាតិជប៉ុន។
កីឡាករបម្រុង Fahad Al Muwallad របស់អារ៉ាប៊ី សាអ៊ូឌីត បានរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមរបស់លោក Bert van Marwijk ដើម្បីធ្វើឲ្យពួកគេឈ្នះកៅអីទៅ World Cup ជាលើកទី1 បើគិតចាប់តាំងពីឆ្នាំ2006 តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិជប៉ុន ដែលបានឈ្នះកៅអីទៅជុំផ្តាច់ព្រ័ត្ររួចជាស្រេច។
លទ្ធផលនេះ បានធ្វើឲ្យក្រុមជម្រើសជាតិអូស្ត្រាលី ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ3 នៃពូល B ក៏ដូចជាត្រូវធ្វើការប្រកួតវគ្គ Playoff ខណៈដែលពួកគេនឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិស៊ីរី ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3 ក្នុងពូល A។
កីឡាករ Lee Keun-ho, Son Heung-min និង Lee Dong-gook របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង សុទ្ធសឹងបានស៊ុតបាល់ប៉ះទៅនឹងរបាទី ខណៈដែលពួកគេទទួលបាន1ពិន្ទុដែលបានធ្វើឲ្យពួកគេត្រូវបញ្ចប់ដោយការឈរក្នុងចំណាត់ថ្នាក់លេខ2ក្នុងពូល A នៃយុទ្ធនាការប្រកួតជម្រុះពូល A ប្រតំបន់អាស៊ី បន្ទាប់ពីក្រុមខ្លាំងអ៊ីរ៉ង់។
ក្រុមជម្រើសជាតិស៊ីរី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3 ក្នុងពូលដដែលនោះ នៅពេលដែលកីឡាករ Omar Al Soma បានរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួតជាមួយនឹងអ៊ីរ៉ង់ ដែលបានធ្វើឲ្យអ៊សបេគីស្ថាន ធ្លាក់ចេញពីវគ្គ Playoff តែម្តង៕
ប្រភពពី៖ Daily Stars