ការគ្រប់គ្រងហិរញ្ញវត្ថុជារឿងសំខាន់មួយសម្រាប់ជីវិតមនុស្សម្នាក់ៗ ព្រោះថា ប្រសិនបើមនុស្សមិនអាចគ្រប់គ្រងចំណូល និងចំណាយបានទេ ពួកគេនឹងធ្លាក់ទៅក្នុងវិបត្តិបំណុលនៅក្នុងជីវិត ហើយកាន់តែអាក្រក់ទៅទៀតនោះគឺពួកគេនឹងមិនអាចសល់អ្វីសោះនៅក្នុងជីវិត ហើយថែមទាំងគ្មានថវិកាសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាក្នុងជីវិតទៀតផង។
ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជា បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «តោះ! និយាយពីលុយ» ដើម្បីឱ្យសិស្សនៅបឋមសិក្សាបានរៀនពីវិធីសាស្រ្តសន្សំលុយ និងសារៈសំខាន់នៃការសន្សំ រួមទាំងអប់រំពីការចំណាយជាច្រើនទៀតដល់ពួកគេ។
អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សិរី បានលើកឡើងថា ការសន្សំលុយមិនចាំបាច់ទាល់តែធំហើយទើបរៀបចំសន្សំនោះទេ ប្រសិនបើយើងពន្យល់ឱ្យក្មេងៗចេះសន្សំតាំងពីតូចនោះ គាត់នឹងមានពេលច្រើនសម្រាប់ការសន្សំដែលធ្វើឱ្យគាត់មានហិរញ្ញវត្ថុរឹងមាំនៅពេលដែលគាត់ចេញធ្វើការ។ លោកជំទាវបានបញ្ជាក់ផងដែរថា មិនមែនទាល់តែមានលុយច្រើនទើបអាចសន្សំបាននោះទេ តាមពិតទៅទោះមានចំណូលកម្រិតប៉ុនណា ក៏យើងអាចសន្សំបានដែរ ប្រសិនបើយើងចង់សន្សំ ហើយគ្រប់គ្រងការចាយឱ្យបានសមល្មមជាមួយនឹងចំណូលដែលទទួលបាន។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការគ្រប់គ្រងហិរញ្ញវត្ថុ ជាផ្នែកយ៉ាងសំខាន់មួយដែលក្រសួងកំពុងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាអប់រំឱ្យក្មេងៗចេះសន្សំ ហើយក្លាយជាធនធានដែលមានទម្លាប់ល្អក្នុងការសន្សំនៅថ្ងៃអនាគត។ កន្លងមក ក្រសួងអប់រំ បានសហការជាមួយដៃគូទាំងរដ្ឋ និងឯកជន ដើម្បីបណ្តុះបណ្តាលកុមារតូចៗឱ្យមានចំណេះដឹងជាមូលដ្ឋានដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ព្រោះថា នៅពេលដែលក្មេងតូចៗមានទម្លាប់ល្អក្នុងការសន្សំលុយតាំងពីគាត់នៅក្មេង គាត់នឹងអាចក្លាយជាមនុស្សដែលមានសមត្ថភាពផ្នែកលុយកាក់រឹងមាំនៅថ្ងៃអនាគត។
ខាងក្រោមនេះ ជាវីដេអូ ដែលផលិតដោយកម្មវិធី តោះ! និយាយពីលុយ ដែលអប់រំពីការសន្សំលុយរបស់កុមារតូច អាចដោះស្រាយបញ្ហាចាំបាច់បានក្នុងជីវិត៖