សម្តេចតេជោ ហ៊ុនសែន ប្រកាសបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យជាបណ្តើរៗ ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះតទៅ ដោយការរស់នៅតាមប្រក្រតីភាពថ្មី ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
នាវិមានសន្តិភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ពលរដ្ឋដែលមានអាយុ 6 ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ 5 ឆ្នាំ នាព្រឹកថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា៖ «ថ្ងៃនេះជាមួយនឹងការប្រកាសបិទបញ្ចប់ជាផ្លូវការនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងជុំទីមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេស យើងក៏ប្រកាសបើកទំព័រថ្មីមួយទៀត គឺការរស់នៅជាមួយ COVID-19 ក្នុងក្របខ័ណ្ឌនៃប្រក្រតីភាពថ្មី តាមរយៈការបើកឡើងវិញជាបណ្តើរៗនូវសកម្មភាពសង្គម-សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ផ្នែក និងគ្រប់វិស័យ ប្រសិនបើមិនមានប្រភេទវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលអាចបង្កជាហានិភ័យដ៏ធ្ងន់ធ្ងរឡើងវិញដល់សុខភាពសាធារណៈនោះទេ យើងអាចវាយតម្លៃបានថា ប្រទេសជាតិយើងទាំងមូលកំពុងចាប់ផ្ដើមចាកចេញពីវិបត្តិនៃ COVID-19 នេះ ក្នុងភាពរឹងមាំ ត្រឡប់ទៅរកមាគ៌ា នៃកំណើន និងការអភិវឌ្ឍ»។
គិតត្រឹមថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 ការចាក់វ៉ាក់សាំងនៅ កម្ពុជា រួមមាន ទីមួយ៖ អាយុ 18 ឆ្នាំ ឡើងទៅ ចាក់បាន 100%, ទីពីរ៖ អាយុ 12 ឆ្នាំ ដល់ 17 ឆ្នាំ ចាក់បាន 97.89% និងទីបី៖ អាយុចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ ចាក់បាន 101.22%។