ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែ មិនឱ្យមានកម្មវិធីជួបជុំទ្រង់ទ្រាយធំ ដើម្បីគោរពតាមវិធានសុខាភិបាល បំណងបង្ការជំងឺ COVID-19។
នៅឯវិមានសន្ដិភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជុំទីមួយ សម្រាប់ក្រុមពលរដ្ឋអាយុចាប់ពី 6 ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការដល់កុមារ អាយុ 5 ឆ្នាំ នាព្រឹកថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអនុញ្ញាតឱ្យរៀបការធម្មតា ប៉ុន្តែ ការរៀបចំពិធីរៀបការត្រូវមានមនុស្សក្រោម 50 នាក់ និងមានការរក្សាគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលនានា។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវពិធីរៀបអាពាហ៍ពិពាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តពលរដ្ឋដើរកម្សាន្តឱ្យបានច្រើន ដោយត្រូវចេះការពារខ្លួនពីជំងឺ COVID-19 ជាមួយនឹងការពាក់ម៉ាស ការរក្សាគម្លាត និងគោរពតាមវិធានការសុខាភិបាលផ្សេងៗទៀត៕