(អាល្លឺម៉ង់)- ជាងភ្លើងម្នាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ដោយសារអះអាងថាខ្លួនជាអ្នកឯកទេសផ្នែកសុខាភិបាល និងបានកាត់ចោលប្រដាប់ភេទរបស់បុរសជាច្រើននាក់។
នៅក្នុងសវនាការមួយនាទីក្រុង Munich កាលពីថ្ងៃទី 28 តុលា ជាងភ្លើងម្នាក់អាយុ 66 ឆ្នាំ បានសារភាពថា បានកាត់ចោលប្រដាប់ភេទរបស់បុរសចំនួន 8 នាក់ ចាប់តាំងពីខែកក្កដា ឆ្នាំ 2018 ដល់ខែមីនា ឆ្នាំ 2020។ ជនជាប់ចោទនេះបាននិយាយថា ខ្លួនបានធ្វើការវះកាត់ទៅតាមសំណើរបស់មនុស្សទាំងនោះ។
ជននេះក៏បានបដិសេធលើការចោទប្រកាន់ដែលថា ខ្លួនបានធ្វើឱ្យមនុស្សម្នាក់បាត់បង់ជីវិតក្រោយពីទទួលការវះកាត់។ 3 សប្ដាហ៍បន្ទាប់មក ប៉ូលិសបានរកឃើញសាកសពនៅក្នុងធុងមួយ។
ដំបូងឡើយ ជនជាប់ចោទ បានប្រកាសលក់ខ្លួននៅលើគេហទំព័ររបស់ក្រុមសង្គមងងឹតនានាដើម្បីរកប្រាក់មកសងបំណុល។ ក្រោយមក ជននេះបានអះអាងថា ខ្លួនជាគ្រូពេទ្យឯកទេស ហើយបានធ្វើការវះកាត់ប្រដាប់ភេទនៅក្នុងផ្ទះបាយរបស់ខ្លួន នៅឯទីរួមស្រុក Markt Schwaben។
ចៅក្រមបានចោទជនសង្ស័យនេះពីបទមនុស្សឃាត ព្រោះតែមិនបានហៅឡានពេទ្យសង្គ្រោះបន្ទាន់ រួមនឹងបទចោទបង្ករបួសធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកដទៃ៕