រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ការបើកដំណើរការកម្មវិធីទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស នឹងអនុវត្តក្រោយគម្រោងសាកល្បងនៅក្នុងខេត្ត ព្រះសីហនុ និងតំបន់តារាសាគរនៃខេត្ត កោះកុង នៅចុងខែវិច្ឆិកា ឆ្នាំ 2021 ខណៈដែលខេត្ត សៀមរាប ត្រៀមអនុវត្តនៅក្នុងខែមករា ឆ្នាំ 2022។
ការចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ នៅក្នុងខេត្តទាំង 3 ខាងលើ គឺជាជំហានទីមួយ មុននឹងឈានដល់ជំហានទីពីរ ដែលអនុញ្ញាតឱ្យទទួលទេសចរអន្តរជាតិ មកទស្សនាកំសាន្តនៅតំបន់ទេសចរណ៍សុវត្ថិភាពដទៃទៀត និងការបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស ក្នុងជំហានទីបី។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ថោង ខុន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិ COVID-19 ដែលបានបញ្ជាក់នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង» នាថ្ងៃទី 28 ខែតុលានេះ។
ការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះ គឺស្ថិតក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលទេសចរអន្តរជាតិនឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ និងទស្សនាកំសាន្តក្នុងតំបន់ទេសចរណ៍សុវត្ថិភាព រយៈពេល 5 ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែ តម្រូវឱ្យមានប័ណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់ និងធ្វើតេស្តរហ័ស នៅពេលមកដល់អាកាសយានដ្ឋានរបស់ កម្ពុជា។
យោងតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រសួងក៏មានផែនការទ្រទ្រង់ និងគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុកសុវត្ថិភាពផងដែរ៕