គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) កំណត់យកប្រព័ន្ធប្រកួត និងពេលវេលាប្រកួតត្រូវថ្មី សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ 2021 ដោយក្រុមនានានឹងត្រូវប្រកួតតែមួយជើងគត់នៅក្នុងវគ្គជម្រុះ។
ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី 15 រដូវកាល 2021 ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2021 ខាងមុខនេះ នឹងត្រូវប្រើប្រាស់ប្រព័ន្ធប្រកួតថ្មី ដែលមានរយៈពេលខ្លីជាងមុន។ ក្នុងនោះ ការប្រកួតវគ្គជម្រុះ 16 ក្រុមថ្នាក់ជាតិ និងវគ្គ 8 ក្រុមចុងក្រោយ ត្រូវជួបគ្នាតែមួយជើងគត់ ហើយក្រុមទាំងឡាយដែលបានបាញ់នឹងធ្លាក់ចេញពីវគ្គជម្រុះតែម្តង។
ដើមឡើង ការប្រកួតថ្នាក់ជាតិត្រូវជូបគ្នាចំនួនពីរជើង ទាំងវគ្គ 16 ក្រុម និងវគ្គ 8 ក្រុមចុងក្រោយ ក្នុងនោះ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពីរក្រុមដែលឈ្នះនឹងត្រូវឡើងទៅប្រកួតដណ្ដើមជើងឯក និងចំណាត់ថ្នាក់លេខ 2 ខណៈពីរក្រុមដែលចាញ់នឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ 3។
នាថ្ងៃទី 09 ខែវិច្ឆិកា ឆ្នាំ 2021 នឹងមាន 4 ប្រកួត៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយក្រុមកោះកុងអេហ្វ.ស៊ី, ក្រុមភ្នំពេញក្រោន នឹងប៉ះក្រុមខេត្តត្បូងឃ្មុំ, ក្រុមវិសាខា នឹងប៉ះជាមួយក្រុមខេត្តបន្ទាយមានជ័យ និងក្រុមណាហ្គាវើលដ៍ ត្រូវប្រកួតនឹងក្រុមនគរបាលជាតិ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ 2021 ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 9 ខែវិច្ឆិកា ខាងមុខនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2021៕