ឯកឧត្ដម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងរបស់ធនាគារជាតិនៃកម្ពុជា កាលពីល្ងាចថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 បានអញ្ជើញចូលរួមវេទិកាប្រចាំឆ្នាំរបស់ធនាគារពិភពលោក ស្តីពី ភាពជាដៃគូនៃការគ្រប់គ្រង និងប្រឹក្សាលើទុនបម្រុងអន្តរជាតិ (RAMP)។
វេទិកាដែលមានវត្តមានរបស់ថ្នាក់ដឹកនាំធនាគារកណ្ដាល នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងមន្ត្រីជំនាញគ្រប់គ្រងទុនបម្រុងអន្តរជាតិនេះ មានគោលបំណងផ្ដល់ឱកាសសម្រាប់ការពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចពិភពលោក បទពិសោធន៍នៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងទស្សនវិស័យនាពេលខាងមុខ ហើយប្រធានបទបច្ចុប្បន្នភាពសំខាន់ៗដែលវេទិកានេះបានលើកឡើងដែរនោះរួមមាន៖ ការកើនឡើងនៃអត្រាអតិផរណា ការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ ការកើនឡើងកម្រិតបំណុល ការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ វេទិកានេះក៏បានលើកឡើងអំពីកំណើននៃការប្រើប្រាស់ពីសំណាក់អតិថិជន ដែលជំរុញឱ្យមានការបង្កើតរូបិយប័ណ្ណអេឡិចត្រូនិក ផ្អែកលើបច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និងរូបិយវត្ថុអេឡិចត្រូនិករបស់ធនាគារកណ្ដាល (Central Bank Digital Currency/CBDC) ដែលកំពុងក្លាយជាជំហានថ្មីនៃការប្រែប្រួលរបស់រូបិយប័ណ្ណ។
ចំពោះការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅ កម្ពុជា ធនាគារជាតិ បានគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់បាគង ដែលប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ (Financial Inclusion) ដែលជាការផ្ដល់វេសាហិរញ្ញវត្ថុដល់អតិថិជនគ្រប់ស្រទាប់ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបាន (interoperability) ជួយសម្រួលការទូទាត់ទាំងក្នុងស្រុក និងសមាហរណកម្មទៅក្នុងតំបន់៕