ភ្នំពេញ៖ ដើម្បីបង្កទំនុកចិត្តកាន់តែខ្ពស់ទៅដល់វិនិយោគិនបរទេស និងសហគ្រិនក្នុងស្រុក ក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីសន្លាងមួយជាមួយនឹងអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសសិង្ហបុរី។
ពិធីចុះកិច្ចព្រមព្រៀងធ្វើឡើង ខណៈដែលឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី6 និងកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញាក្រោមប្រធានបទ “គំនិតគឺជាទ្រព្យសម្បត្តិក្នុងការជំរុញសេដ្ឋកិច្ចនាពេលអនាគតជាមួយកម្មសិទ្ធិបញ្ញា” ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីកាលពីដើមខែកញ្ញានេះ។
កិច្ចព្រមព្រៀងស្តីពីសហប្រតិបតិ្តការអំពីកម្មសិទិ្ធឧស្សាហកម្មនេះ គឺជាសញ្ញាមួយដ៏ល្អក្នុងការបន្តពង្រឹងទំនាក់ទំនងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែរឹងមាំថែមទៀតលើវិស័យកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា និងបើកទូលាយនូវឱកាសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចបង្កើនវិនិយោគបរទេសចូលមកក្នុងប្រទេសដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។
ក្រោយពីចុះកិច្ចព្រមព្រៀងប្រតិភូកម្ពុជាក៏បានចូលរួមកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញានៅមជ្ឈមណ្ឌលពិព័រណ៍សិង្ហបុរី Sands Expo & Convention center ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីក៏បានធ្វើបទបង្ហាញអំពី “គំនិតគឺជាទ្រព្យក្នុងការជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនក្នុងពេលអនាគតជាមួយកម្មសិទ្ធិបញ្ញា” ដោយឯកឧត្តមបានពន្យល់លម្អិតអំពីទ្រព្យដែលកើតពីគំនិតច្នៃប្រឌិត និងបញ្ញាបង្កើតជាបច្ចេកវិជ្ជាដើម្បីការពារទ្រព្យកម្មសិទ្ធិបញ្ញាក្នុងការចូលរួមជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនទៅអនាគត។
បទបង្ហាញរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាព សង្គមបច្ចុប្បន្នដែលមានការរីកចម្រើនផ្នែកបច្ចេកវិជ្ជា ដែលកើតពីគំនិតផ្តួចផ្តើមនៃការច្នៃប្រឌិតថ្មី ដើម្បីបង្កើតជាទ្រព្យជួយទ្រទ្រង់វិស័យសេដ្ឋកិច្ចជាតិឱ្យមានសម្ទុះរីកចម្រើនក្នុងពេលអនាគត ហើយជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះកម្ពុជាទទួលបានផ្លែផ្កា និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពកម្មសិទ្ធិបញ្ញាលើពីភពលោក និងដៃគូវិនិយោគបរទេសជាច្រើនទៀតក្នុងពិភពលោក៕