នៅពេលព្រះអាទិត្យបញ្ចេញថាមពលច្រើនហួស ការរុញផែនដីឱ្យចេញឆ្ងាយដោយប្រើប្រាស់ម៉ាស៊ីនរុញច្រានដ៏មហិមា អាចជាជម្រើសមួយដែលក្រុមអ្នកវិទ្យាសាស្ត្រគិតដល់។
ក្នុងរយៈពេលមួយពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងបញ្ចេញកម្ដៅខ្លាំងជាងបច្ចុប្បន្ន នាំឱ្យបរិមាណនៃអុកស៊ីសែននៅលើផែនដីត្រូវថយចុះរហូតដល់ថ្នាក់មិនអាចទ្រទ្រង់ជីវិតស្មុគស្មាញបន្តទៀតបាន នេះបើតាមអត្ថបទស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Nature Geoscience។
អ្នកវិទ្យាសាស្ត្រ Ethan Siegel បានលើកឡើងនូវដំណោះស្រាយដ៏មហាអស្ចារ្យមួយ នោះគឺការដំឡើងម៉ាស៊ីនរ៉ុក្កែតខ្នាតយក្សនៅតំបន់ប៉ូលខាងត្បូង ដើម្បីផ្លាស់ទីគន្លងគោចររបស់ផែនដី។
ជាការពិត បរិមាណនៃ អេល្យូម ក្នុងស្នូលរបស់ព្រះអាទិត្យ ចេះតែកើនឡើងទៅតាមពេលវេលា ដែលនាំឱ្យវារួញចូលមកវិញដោយសារតែកម្លាំងទំនាញ បណ្ដាលឱ្យស្នូលខាងក្នុងព្រះអាទិត្យឡើងកម្ដៅកាន់តែខ្លាំង ធ្វើឱ្យដំណើរនៃប្រតិកម្មនុយក្លេអែរកាន់តែលឿនជាងមុន។ ប្រការនេះនឹងនាំឱ្យបរិមាណថាមពលដែលព្រះអាទិត្យបញ្ចេញមកក្រៅ ត្រូវកើនឡើងប្រហែល 10% ក្នុងរយៈពេលមួយពាន់លានឆ្នាំ ខណៈដែលផែនដីមានតែខែលធម្មជាតិប៉ុណ្ណោះសម្រាប់ការពារខ្លួន។ ដូច្នេះហើយបានជា អ្នកវិទ្យាសាស្ត្រ Ethan Siegel លើកឡើងនូវវិធីសាស្ត្រនេះ។
លោក Ethan Siegel គណនាឃើញថា ផែនដីត្រូវការផ្លាស់ទីចេញឆ្ងាយពីព្រះអាទិត្យប្រមាណ 4.9% បន្ថែមទៀត ពីគម្លាត់មធ្យម 149.6 លានគីឡូម៉ែត្រ ឡើងទៅ 164 លានគីឡូម៉ែត្រ ដើម្បីរក្សាបរិមាណនៃថាមពលដែលទទួលបានពីព្រះអាទិត្យឱ្យនៅដូចបច្ចុប្បន្ន។
ម៉ាស៊ីនដែលប្រើប្រាស់សម្រាប់ការផ្លាស់ទីផែនដីនេះ នឹងត្រូវការថាមពលច្រើនជាង 500,000 ដង ធៀបនឹងថាមពលសរុបដែលមនុស្សជាតិបង្កើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលពីរពាន់លានឆ្នាំ។ សាស្ត្រាចារ្យ Ethan Siegel ថ្លែងថា ប្រភពថាមពលនេះ អាចត្រូវបានផ្ដល់ដោយប្រព័ន្ធផ្ទាំងសូឡាដ៏មហិមា។
ម៉ាស៊ីនរុញច្រាននឹងត្រូវបានបង្កើតឡើងនៅតំបន់ប៉ូលខាងត្បូងរបស់ផែនដី។ វានឹងមិនរាំងស្ទះដល់ទិសដៅបច្ចុប្បន្នរបស់ផែនដី ហើយឆ្លងកាត់រាប់លានឆ្នាំ វាអាចនាំផែនដីទៅកាន់គន្លងគោចរធំជាង និងសុវត្ថិភាពជាង ធៀបនឹងព្រះអាទិត្យ។
យន្តការនៃការផ្លាស់ទីអាចរួមមានទាំងការបាញ់ចេញនូវរលកនៃគ្រាប់ដែលផ្ទុកអគ្គិសនី ដែលអាចរុញច្រានផែនដីទៅមុខដោយប្រើគោលការណ៍រូបវិទ្យាដូចទៅនឹងការបាញ់បង្ហោះរ៉ុក្កែតចូលទៅក្នុងទីអវកាស ប៉ុន្តែទាមទារឱ្យមានថាមពលប្រហាក់ប្រហែលនឹងការបាញ់រ៉ុក្កែតឡើងទីអវកាសចំនួន 300,000,000,000,000,000,000 ដងឯណោះ។
យោងតាមសាស្ត្រាចារ្យ Siegel គន្លងគោចរថ្មីនឹងនាំផែនដីចេញពីផ្លូវគោចររបស់វត្ថុអវកាសមួយចំនួន និងចូលទៅដល់ផ្លូវហោះហើររបស់វត្ថុអវកាសដទៃ។ ប៉ុន្តែ យើងអាចសម្រេចគោលដៅនៃការកាត់បន្ថយបរិមាណវិទ្យុសកម្មដែលជះចេញពីព្រះអាទិត្យមកលើផែនដី៕