មូលបត្រ Tesla បានកើនឡើង 13% កាលពីម្សិលមិញ (25/តុលា) ដែលជាការឡើងថ្លៃខ្ពស់បំផុតរាប់ចាប់តាំងពីដើមខែមីនា ឆ្នាំ 2021 ជួយឱ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក នេះ បានកើនឡើងលើសពី 1 លានលាន (ទ្រីលាន/1000,000,000,000) ដុល្លារអាម៉េរិក។
យោងតាមសារព័ត៌មាន Bloomberg ក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុនដែលសម្រេចបានគោលដៅនៃមូលធនទីផ្សារ 1 លានលានដុល្លារ លឿនជាងគេលំដាប់ទីពីរក្នុងពិភពលោកបន្ទាប់ពី Facebook ដោយចំណាយពេលតែជាង 11 ឆ្នាំ រាប់ចាប់ពីថ្ងៃធ្វើ IPO ក្នុងខែមិថុនា ឆ្នាំ 2010។ ដូច្នេះ ក្លឹបនៃក្រុមហ៊ុនដែលមានមូលធនទីផ្សារ 1 លានលានដុល្លារបច្ចុប្បន្ន រួមមាន ក្រុមហ៊ុន Facebook, Amazon, Microsoft, Alphabet និង Tesla ដែលសុទ្ធតែជាក្រុមហ៊ុនរបស់ អាម៉េរិក។
មូលបត្រ Tesla បានឡើងថ្លៃខ្លាំងបន្ទាប់ពីក្រុមហ៊ុន Hertz Global Holdings បានបញ្ជាទិញរថយន្តចំនួន 100,000 គ្រឿង។ នេះគឺជាជំហានដំបូងនៅក្នុងគម្រោងប្រកបដោយមហិច្ឆតាដើម្បីក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីសម្រាប់ជួលរបស់ Hertz Global Holdings។
នេះអាចជាការជួញដូរធំបំផុតមិនធ្លាប់មានពីមុនមក ហើយវានាំមកនូវចំណូល 4.2 ពាន់លានដុល្លារដល់ Tesla។ នេះបើតាមប្រភពព័ត៌មានរបស់ Bloomberg។
គ្រាន់តែក្នុងថ្ងៃម្សិលមិញ មហាសេដ្ឋី Elon Musk ដែលជា CEO របស់ក្រុមហ៊ុន Tesla ក៏រកបានប្រាក់ចំនួន 36.2 ពាន់លានដុល្លារ។ Bloomberg ឱ្យដឹងថា បច្ចុប្បន្ន មហាសេដ្ឋីអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ មានទ្រព្យចំនួន 288.6 ពាន់លានដុល្លារអាម៉េរិក៕