(សហរដ្ឋអាម៉េរិក)-Talens អាយុ 41 ឆ្នាំ រស់នៅក្នុងរដ្ឋ Virginia បោះពុម្ភប័ណ្ណបញ្ចុះតម្លៃផលិតផល (voucher) ក្លែងក្លាយ ដើម្បីលក់យកប្រាក់ ធ្វើឱ្យក្រុមហ៊ុននានានៅ សហរដ្ឋអាម៉េរិក ខាតបង់ជិត 32 លានដុល្លារ។
ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់សហរដ្ឋអាម៉េរិក កាលពីចុងសប្ដាហ៍មុន បានប្រកាសថា បានរកឃើញប័ណ្ណបញ្ចុះតម្លៃក្លែងក្លាយដែលមានតម្លៃជាង 1 លានដុល្លារ នៅពេលឆែកឆេរផ្ទះរបស់នាង Lori Ann Talens និងប្ដីឈ្មោះ Pacifico Talens នៅឯ ទីក្រុង Virginia Beach រដ្ឋ Virginia។
អធិការប្រៃសណីយ៍ Jason Thomasson ឱ្យដឹងថា៖ «ប័ណ្ណបញ្ចុះតម្លៃក្លែងក្លាយទាំងនេះត្រូវបានញាត់ជាបាច់ៗចូលក្នុងហោប៉ៅ ដាក់គរក្នុងរថយន្តរបស់ពួកគេ»។ សមត្ថកិច្ចក៏បានរកឃើញថា ក្នុងកុំព្យូទ័ររបស់ Talens ក៏មានគំរូដែលអាចជួយឱ្យស្ត្រីរូបនេះ បោះពុម្ភប័ណ្ណ បញ្ចុះតម្លៃក្លែងក្លាយរបស់ផលិតផលជាង 13,000 ប្រភេទ ដោយខ្លួននាងផ្ទាល់។
«នាងរៀនបច្ចេកទេសផ្សេងៗគ្នាដោយខ្លួនឯង ដើម្បីធ្វើឱ្យកូដនៅលើ ប័ណ្ណបញ្ចុះតម្លៃក្លែងក្លាយដំណើរការ» សមត្ថកិច្ចម្នាក់ឈ្មោះ Shannon Brill ប្រាប់សារព័ត៌មានដូច្នេះ។
នាង Talens ត្រូវបានចោទប្រកាន់ពីបទបង្កើតកូដលើប័ណ្ណបញ្ចុះតម្លៃក្លែងក្លាយ ជាមួយនឹងការបញ្ចុះតម្លៃជិតស្មើ ឬខ្ពស់ជាងតម្លៃលក់រាយរបស់ផលិតផលជាក់ស្ដែងមួយមុខទៀតផង។ Thomasson ឱ្យដឹងថា៖ «នាងបោះពុម្ភប័ណ្ណបញ្ចុះតម្លៃ ដែលមានតម្លៃ 24.99 ដុល្លារ សម្រាប់ខោទឹកនោមមួយកញ្ចប់តម្លៃ 25 ដុល្លារ ហើយអាចយកវាចេញទៅដោយស្ទើរតែមិនត្រូវចំណាយប្រាក់»។
បុគ្គលិកផ្នែកគិតលុយរបស់ហាងនានា មិនយកចិត្តទុកដាក់ចំពោះប័ណ្ណបញ្ចុះតម្លៃនោះទេ ឱ្យតែម៉ាស៊ីនស្កេនស្គាល់កូដលើប័ណ្ណនោះ។ ប័ណ្ណបញ្ចុះតម្លៃទាំងនេះត្រូវបានគេរកឃើញថាក្លែងក្លាយនៅពេលវាត្រូវបានប្រមូលបញ្ជូនទៅកាន់ក្រុមហ៊ុន ប៉ុន្តែ វាត្រូវចំណាយពេលជាច្រើនខែ ហើយស្ទើរតែមិនអាចរកឃើញប្រភព។
Talens មិនបានប្រើប្រាស់ប័ណ្ណបញ្ចុះតម្លៃនេះទាំងស្រុងនោះទេ តែនាងលក់វានៅលើបណ្ដាញសង្គម ហើយទាក់ទងអ្នកទិញតាមរយៈកម្មវិធីផ្ញើសារដែលបានបំប្លែងជាកូដ។ ប័ណ្ណក្លែងក្លាយ ក្រោយមកនឹងត្រូវផ្ញើតាមប្រៃសណីយ៍ទៅឱ្យអ្នកទិញ។
FBI ឱ្យដឹងថា Talens រកបានប្រាក់ចំណេញជាង 400,000 ដុល្លារ តាមរយៈប្រាក់ឌីជីថល ដូចជា bitcoin ជាដើម ហើយពេលខ្លះនាងប្ដូរប័ណ្ណបញ្ចុះតម្លៃក្លែងក្លាយនេះដើម្បីយកក្រដាសពិសេសសម្រាប់បោះពុម្ភប័ណ្ណនេះ»។
ករណីឆបោកនេះកើតឡើងអស់រយៈពេល 3 ឆ្នាំ រហូតដល់ថ្ងៃមួយ មានអ្នកទិញម្នាក់សង្ស័យថា នេះគឺជាប័ណ្ណក្លែងក្លាយ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។
កាលពីខែកញ្ញា ឆ្នាំ 2021 នាង Talens ត្រូវបានកាត់ទោសដាក់ពន្ធនាគារ 12 ឆ្នាំ ដោយសារតែបានបោះពុម្ភប័ណ្ណបញ្ចុះតម្លៃក្លែងក្លាយ ធ្វើឱ្យហាងលក់រាយ និងក្រុមហ៊ុនផលិត ខាតបង់ប្រាក់ 31.8 លានដុល្លារ។ ចំណែកប្ដីរបស់ Talens ក៏ត្រូវជាប់ពន្ធនាគារ 7 ឆ្នាំ ព្រោះតែទោស «បានដឹងអំពីសកម្មភាពរបស់ប្រពន្ធ ប៉ុន្តែមិនរាយការណ៍ប្រាប់សមត្ថកិច្ច និងទទួលផលប្រយោជន៍ពីអំពើនេះ» នេះបើតាមក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក។
ស្ត្រីជាជនល្មើសបានសារភាពថា នាងមានការ «ខ្មាសអៀនខ្លាំងណាស់» ចំពោះសកម្មភាពល្មើសច្បាប់របស់ខ្លួន៕