ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាង កម្ពុជា និង កូរ៉េខាងត្បូង នៅព្រឹក ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 នេះ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអ៊ីនធើណិត។
តាមគម្រោង កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងឱ្យភាគី កម្ពុជា និង ឯកឧត្តម YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម ថាមពល តំណាងឱ្យភាគី កូរ៉េខាងត្បូង នេះ នឹងចូលជាធរមាន នៅដើមឆ្នាំក្រោយ។
កិច្ចព្រមព្រៀងនេះ និយាយអំពី ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម វិធានការអនាម័យ និងភូតគាមអនាម័យ និង ព្រមទាំងមានវិសាលភាពលើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសានប្បញ្ញត្តិ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម កម្ពុជា។
យោងតាម Koreatimes កូរ៉េខាងត្បូង នឹងលុបចោលពន្ធ 95.6% នៃផលិតផលសរុបដែលនាំចូលពី កម្ពុជា ខណៈ កម្ពុជា ក៏នឹងលើកលែងពន្ធចំនួន 93.8% នៃទំនិញសរុបដែលនាំចូលពី កូរ៉េខាងត្បូង ផងដែរ។
កិច្ចព្រមព្រៀងនេះត្រូវបានឯកឧត្តមបានបញ្ជាក់ថា នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ រួមទាំងការជួយស្តារសេដ្ឋកិច្ចរបស់ កម្ពុជា ក្រោយវិបត្តិ COVID-19។
ទំហំពាណិជ្ជកម្មទ្វេរភាគី រវាង កម្ពុជា-កូរ៉េខាងត្បូង គិតត្រឹមរយៈពេល 8 ខែ នៃឆ្នាំ 2021 នេះ សម្រេចបានជាង 514 លានដុល្លារអាម៉េរិក ពោលគឺកើនឡើងជាង 11% ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ 2020។
នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរហើយ ដែល កម្ពុជា ធ្លាប់បានធ្វើឡើង។ មុននេះ កម្ពុជា ក៏ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដូចគ្នានេះជាមួយនឹង ប្រទេសចិន ផងដែរ៕