Technovation ជាគម្រោងធំមួយដែលត្រូវបានបង្កើតឡើងដំបូងក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិកដើម្បីបណ្តុះបណ្តាល និងផ្តល់ឱកាសឱ្យកុមារីវ័យចន្លោះពី 10 ដល់ក្រោម 19 ឆ្នាំទទួលបានឱកាសប្រកួតប្រជែង Mobile Apps ជាមួយកុមារីមកពីបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។
សម្រាប់ឆ្នាំ 2017 នេះ គឺជាឆ្នាំទី 4 ហើយដែល Technovation បានធ្វើកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យា។ ហើយកន្លងមកយើងឃើញហើយថា តាមរយៈការបណ្តុះណ្តាលពីសាស្រ្តាចារ្យជំនាញ កុមារីកម្ពុជាបានបង្កើតឡើងនូវ Mobile Apps ល្អៗជាច្រើនដើម្បីបង្ហាញដល់គណៈកម្មការដែលមកពីពហុវិស័យ ដែល Apps នីមួយៗសុទ្ធតែអាចចូលរួមដោះស្រាយបញ្ហារបស់កម្ពុជាបាន ដូចជា កម្មវិធីសម្រាប់ទិញលក់ផលិតផលកសិកម្ម កម្មវិធីចែកចាយសៀវភៅ និងកម្មវិធីសំខាន់ៗជាច្រើនទៀត។
កុមារីដែលចូលរួមក្នុងកម្មវិធី Technovation នេះនឹងត្រូវទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ជំនាញធ្វើបទបង្ហាញ និងជំនាញទីផ្សារ (ពាណិជ្ជកម្ម) ដើម្បីធ្វើយ៉ាងណាឱ្យពួកគេមានលទ្ធភាព ក្នុងការបង្កើត Mobile Apps និងមានសមត្ថភាពដើម្បីធ្វើបទបង្ហាញជាសាធារណៈនៅក្នុងការប្រកួត។
ម្យ៉ាងវិញទៀត ក្រៅពីការធ្វើបទបង្ហាញ និងជំនាញបច្ចេកវិទ្យា កុមារីកម្ពុជាដែលត្រូវចូលរួមក៏ត្រូវតែជាអ្នកពូកែនិយាយភាសាអង់គ្លេសផងដែរ ព្រោះបទបង្ហាញនឹងធ្វើជាភាសាអង់គ្លេសដើម្បីបង្ហាញដល់គណៈកម្មការចម្រុះជាតិសាសន៍។
ខាងក្រោមនេះជាវីដេអូនៃក្រុម Cambodia Identity Product ដែលបានធ្វើបទបង្ហាញគំនិតអាជីវកម្ម និងការបង្កើតកម្មវិធីទួរស័ព្ទដៃរបស់ពួកគេ នៅក្នុងកម្មវិធីប្រកួតជុំចុងក្រោយរបស់ Technovation នៅទីក្រុងសានហ្វ្រានស៊ីស្កូ សហរដ្ឋអាមេរិក៖