គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២របស់ខ្សែប្រយុទ្ធ Ciro Immobile បានជួយឲ្យក្រុមជម្រើសជាតិអ៊ីតាលី វិលទៅកាន់ជ័យជម្នះវិញតាមរយៈការដណ្តើមបានជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិអ៊ីស្រាអែល ក្នុងទីក្រុង Reggio Emilia កាលពីថ្ងៃអង្គារ
ដើម្បីធ្វើឲ្យពួកគេរក្សាការដេញតាមពីក្រោយក្រុមអេស្ប៉ាញ យ៉ាងប្រកៀកក្នុងជម្រុះ World Cup ឆ្នាំ២០១៨។ ក្រោយពីចាញ់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Bernabeu កាលពីថ្ងៃសៅរ៍ ក្រុមជម្រើសជាតិអ៊ីតាលី បានត្រូវជ័យជម្នះជាចាំបាច់ដើម្បីបន្តប្រជែងយកចំណាត់ថ្នាក់លេខ១ក្នុងពូល G ក៏ដូចជាកៅអីទៅ World Cup ឆ្នាំ២០១៨។ ក្រុមជម្រើសជាតិអ៊ីតាលី នៅតែមានឱកាសក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ខណៈដែលពួកគេកំពុងតែដេញតាមពីក្រោយអេស្ប៉ាញ ចំនួន៣ពិន្ទុ ស្របពេលនៅសល់ការប្រកួតជម្រុះ២លើកទៀត ប៉ុន្តែ ប្រហែលជាគេចមិនផុតពីការត្រូវប្រកួតក្នុងវគ្គ Playoff ឡើយ។
ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអេស្ប៉ាញ បានលត់ក្រុមជម្រើសជតិលិចតិនស្តាញ យ៉ាងចាស់ដៃក្នុងលទ្ធផល ៨-០។ ការដណ្តើមបាន៣ពិន្ទុនៅកីឡដ្ឋាន Mapei បានជួយឲ្យក្រុមជម្រើសជាតិអ៊ីតាលី មានសុវត្ថិភាពក្នុងការឈ្នះចំណាត់ថ្នាក់លេខ២ ក្នុងពូល G ដោយនាំមុខ៦ពិន្ទុដាច់លើក្រុមឈរលេខ៣ អាល់បានី ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមម៉ាសេដ្វាន។ លោកគ្រូបង្វឹក Giampiero Ventura បានឲ្យដឹងថា៖ «វាពិតណសា់ថា លទ្ធផលគឺជារឿងអាទិភាព ប៉ុន្តែ ខ្ញុំពិតជារីករាយណាស់»។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិអេស្ប៉ាញ ក៏អាចពឹងផ្អែកទៅលើការមានប្រៀបលើគ្រាប់បាល់ចំនួន១៧គ្រាប់ផងដែរ លើក្រុមជម្រើសជាតិអ៊ីតាលី ផងដែរ ហេតុនេះ មានន័យថា ការដណ្តើមបានជ័យជម្នះលើទឹកដ៏ខ្លួនឯងលើក្រុមជម្រើសជាតិអាល់បានី នាខែក្រោយនេះ នឹងធ្វើឲ្យពួកគេឈ្នះកៅអីទៅកាន់ World Cup។
ក្រុមម្ចាស់ជើងឯក World Cup ឆ្នាំ២០១០ មួយនេះ បានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំក្នុងពេលក្រុមទាំងពីរជួបគ្នាកាលពីជើងទី១ ខណៈដែលពួកគេក៏បានផ្តួលក្រុមលិចតិនស្តាញ ក្នុងលទ្ធផល ៨-០ ផងដែរ កាលពីរយៈពេល១ឆ្នាំមុន៕
ប្រភពពី៖ Eurosport