Skip to content

សេចក្តីព្រាងច្បាប់ ពាក់ព័ន្ធ​ការកំណត់​ឱ្យមាន​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័នកំពូលៗ​របស់​ជាតិ​ ត្រូវបាន​រដ្ឋសភា​អនុម័ត​រួចហើយ

ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ នេះ ត្រូវបាន​រដ្ឋសភា​អនុម័ត​នា​ថ្ងៃនេះ ដោយ​សំឡេងគាំទ្រ 111/111 សំឡេង នៅក្នុង​កិច្ចប្រជុំពេញអង្គ ដែល​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សមាជិក111 រូប​របស់​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី 25 ខែតុលា ឆ្នាំ 2021។

មូលហេតុ​នាំឱ្យមាន​សេចក្តីព្រាងច្បាប់​ដែលមាន​បំណង​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់ មេដឹកនាំ​ស្ថាប័នកំពូលៗរបស់​រដ្ឋ​នេះ ត្រូវបាន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន ថ្លែងថា គឺ​ដើម្បី​បញ្ជាក់ថា សម្តេច​មាន​សញ្ជាតិ​តែមួយ និង ដើម្បី​បញ្ចៀស​ការជ្រៀតជ្រែក​រប​ស់បរ​ទេស​លើ​កិច្ចការ​ផ្ទៃក្នុង​របស់ កម្ពុជា ក៏ដូចជា​ការបង្ហាញ​នូវ​ភក្តីភាព​សម្រាប់​ជាតិ​របស់​មេដឹកនាំ​នៃ​ស្ថាប័នកំពូល។

កិច្ច​ប្រជុំ​នេះ​ក៏​មាន​វត្តមាន​របស់​ សម្ដេច​ ហ៊ុន​ សែន​ ផងដែរ​

រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការសម្រេច​លើ​កិច្ចការសំខាន់ៗ របស់​ប្រទេសជាតិ។

នៅក្នុង​កិច្ចប្រជុំ​នេះដែរ រដ្ឋសភា ក៏បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការបំពេញបន្ថែម​សមាសភាព​សមាជិក នៃ​រាជរដ្ឋាភិបាល​ដល់ ឯកឧត្តម ប៉ា សុជាតិ​វង្ស ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស។ រដ្ឋសភា ក៏បាន​ពិភាក្សា អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​អង្គការសហប្រជាជាតិ ទាក់ទង​ទៅនឹង​ការ​កាត់សេចក្តី​នៅក្រោម​ច្បាប់​កម្ពុជា ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​នៅក្នុង​រយៈកាល នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ស្តីពី​ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ។  ក្រៅពីនេះ រដ្ឋសភា ក៏បាន​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *