ភ្នំពេញៈ ជាមួយនឹងក្តីរីករាយនឹងការអភិវឌ្ឍយ៉ាងលឿននៅខេត្តព្រះសីហនុ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍនេះយើងក៏មានការព្រួយបារម្ភ និងប្រុងប្រយ័ត្នផងដែរទាក់ទងនឹងការបំពុលបរិស្ថាននៅតំបន់ឆ្នេរដ៏ស្អាតមួយនេះ។
លោកបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ កញ្ញានេះថា បច្ចុប្បន្នយើងកំពុងរីករាយនឹងកំណើនភ្ញៀវទេសចរណ៍ និងការវិនិយោគពិសេសរបស់ចិនដែលរហូតមកទល់ពេលនេះសណ្ឋាគារស្ទើរតែទាំងអស់នៅខេត្តព្រះសីហនុ ត្រូវបានអ្នកវិនិយោគចិនជួលយកអស់ហើយ ប៉ុន្តែនៅឆ្នាំ2018ខាងមុខនេះ សណ្ឋាគារថ្មីៗចន្លោះពី1,000 ទៅ2,000បន្ទប់ទៀតនឹងអាចដាក់ដំណើរការ។
លោកបន្តថា បច្ចុប្បន្នអ្វីដែលជាកង្វល់របស់យើង គឺប្រព័ន្ធចម្រោះទឹកស្អុយចេញពីសណ្ឋាគារ ភោជនីយដ្ឋាននៅតាមតំបន់ឆ្នេរដែលជាការងារមួយចាំបាច់ត្រូវធ្វើបន្ទាន់ ព្រោះយើងមានរៀបចំប្រព័ន្ធចម្រោះបានមួយរួចហើយ តែមិនគ្រប់តម្រូវការទេ។
លោកបន្តថា “អ្វីដែលសំខាន់នាពេលនេះគឺត្រូវមានការរៀបចំប្លង់មេ និងរៀបចំតំបន់អភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ថា តើតំបន់ណាជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់ឆ្នេរសម្រាប់បំរើការកម្សាន្ត”។ លោកបន្តថា “ការអភិវឌ្ឍដែលយើងត្រូវផ្តោត គឺជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនមែនពេលភ្ញៀវច្រើនមកដល់ឆ្នេររបស់យើងត្រូវរងការបំពុលនោះទេ”។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ក្រុងព្រះសីហនុកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការកើនឡើងនូវភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគចិនបានកើនឡើងយ៉ាងលឿន។
លោកបន្តថា ការមកដល់នៃភ្ញៀវទេសចរ និងកំណើនអ្នកវិនិយោគជាអ្វីដែលយើងរីករាយស្វាគមន៍ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើឲ្យប្រាកដថា ការអភិវឌ្ឍនោះមិនមែនជាការបំពុលបរិស្ថានដោយធ្វើយ៉ាងណាឲ្យការអភិវឌ្ឍមាននិរន្តរភាព។
លោកបន្តថា “ប្រសិនជាយើងមិនយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន នៅទីបញ្ចប់យើងនឹងបាត់បង់ចំណូលទាំងអស់គ្នា និងបំផ្លាញអាជីវកម្មទាំងអស់គ្នា”៕