ក្រុមហ៊ុន Facebook សម្រេចបានកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារសារព័ត៌មានមួយចំនួននៅ ប្រទេសបារាំង ទាក់ទងនឹងការទូទាត់ថ្លៃខ្លឹមសារអត្ថបទដែលអ្នកប្រើប្រាស់បណ្ដាញសង្គមនេះចែករំលែក។
កាលពីថ្ងៃទី 21 តុលា Facebook បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងផ្ដល់ការអនុញ្ញាតជាមួយនឹងសម្ព័ន្ធសារព័ត៌មាន APIG របស់ បារាំង រួមមានបណ្ដាស្ថាប័នសារព័ត៌មានជាតិ និងតំបន់ ដែលនេះ «មានន័យថា អ្នកប្រើប្រាស់ Facebook អាចបង្ហោះ និងចែករំលែកអត្ថបទសារព័ត៌មានដោយសេរី ទន្ទឹមនឹងនេះក៏ធានានូវកម្មសិទ្ធិបញ្ញារបស់ដៃគូដែលជាអ្នកផលិតអត្ថបទ» ផងដែរ។
ជាមួយនឹងការដែលត្រូវបង់ប្រាក់សម្រាប់អត្ថបទសារព័ត៌មានរបស់ បារាំង ក្រុមហ៊ុន Facebook ក៏នឹងបញ្ចេញសេវាកម្មព័ត៌មានជាភាសាបារាំង ដែលហៅថា Facebook News នៅខែមករា ឆ្នាំ 2022 ដើម្បី «ផ្ដល់កន្លែងសម្រាប់អ្នកប្រើប្រាស់ចូលទៅអានព័ត៌មានដែលមានប្រភពពីទីភ្នាក់ងារសារព័ត៌មានល្បីៗ និងគួរជាទីទុកចិត្ត»។
ការដោះដូរនេះត្រូវបានគេយល់ថាជា ជោគជ័យមួយចំពោះការតវ៉ាដើម្បីការពារសិទ្ធិក្នុងការផលិតព័ត៌មានរបស់បណ្ដាញសារព័ត៌មាននានានៅ ប្រទេសបារាំង។ កាលពីខែមករា ក្រុមហ៊ុន Google ក៏បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងលើសេចក្ដីព្រាងជាមួយ APIG ក្នុងការបង់ប្រាក់សម្រាប់អត្ថបទរបស់បណ្ដាទីភ្នាក់ងារសារព័ត៌មានដែលបង្ហាញខ្លួននៅលើឧបករណ៍រុករកនេះផងដែរ។
ឆ្នាំ 2019 បារាំង បានក្លាយជាប្រទេសដំបូងគេនៅក្នុង សហភាពអឺរ៉ុប (EU) ដែលបានធ្វើឱ្យបទបញ្ជាស្ដីពីសិទ្ធិអ្នកនិពន្ធ ក្លាយទៅជាច្បាប់របស់រដ្ឋ៕