ការចូលចិត្តជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន និងការរចនារូបភាព ម៉ាកសញ្ញាតាមប្រព័ន្ធឌីជីថល បានជំរុញឱ្យកូនខ្មែរមួយរូបគឺ លោក ម៉ិល ខន បង្កើតបានក្រុមការងារមួយដើម្បីរចនារូបភាពបែបសិល្បៈ និងវប្បធម៌ខ្មែរប្រកបដោយភាពច្នៃប្រឌិត និងទទួលបានការគាំទ្រច្រើនពីសំណាក់ក្រុមហ៊ុន អាជីវកម្មនានាក្នុង ប្រទេសកម្ពុជា។
ក្នុងចំណោមច្នៃដៃ ឬផលិតផលដែលបានច្នៃប្រឌិត ដូចជា ការរចនាផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ឬស្លាកសញ្ញា ឡូហ្គោ ជាដើម គេឃើញថា ការរចនារូបភាពតាមបែបខ្មែរនៅលើកែវកាហ្វេ ទទួលបានការនិយមជាពិសេស ពីក្រុមហ៊ន សាលារៀន ហាងកាហ្វេ និងគម្រោងរបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀត។
លោក ម៉ិល ខន ដែលអ្នកស្រុកអង្គរបុរី ខេត្ដតាកែវ ហើយបច្ចុប្បន្នរស់នៅក្នុង រាជធានីភ្នំពេញ បានប្រាប់ថា គិតមកដល់ពេលនេះ ក្រុមរបស់លោកបានរចនារូបភាពតាមបែបសិល្បៈ និងជាភាសាខ្មែរ ដាក់នៅលើកែវកាហ្វេ របស់ហាងនានាជាង 5,000 កន្លែងរួចហើយ។
បុរសរូបនេះបន្ថែមថា ជោគជ័យនាបច្ចុប្បន្នរបស់ក្រុមលោក ដំបូងឡើយគឺផ្តើមចេញពីការងារតិចតូច ទាក់ទងនឹងការរចនាម៉ាកសញ្ញាហាងកាហ្វេ និង ភាពច្នៃប្រឌិតតាមរចនាបថខ្មែរបែបបុរាណ និងទំនើប។ តម្រូវការដ៏ធំនៃទីផ្សារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ន បានជួយឱ្យលោក ម៉ិល ខន និងក្រុមការងារ ពង្រីកមុខជំនាញទាំងនេះបានធំជាងមុន ហើយទទួលបានការគាំទ្រកាន់តែច្រើន ពិសេសគឺពីសំណាក់ម្ចាស់ហាងកាហ្វេនានា។
«ការរៀបចំរចនារូបភាពនៅលើកែវកាហ្វេនេះ គឺក្នុងគោលដៅដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងចូលរួមលើកស្ទួយ ផ្សព្វផ្សាយវប្បធម៌ សិល្បៈ និងភាសាខ្មែរ» នេះបើតាមលោក ម៉ិល ខន។
នៅ កម្ពុជា គេសង្កេតឃើញថា ហាងកាហ្វេលក្ខណៈគ្រួសារ រីកដុះដាលដូចផ្សិត ប៉ុន្តែភាគច្រើនមិនទាន់មានម៉ាកយីហោត្រឹមត្រូវ។ លោក ម៉ិល ខន យល់ឃើញថា ហាងកាហ្វេមួយដែលមានម៉ាកសញ្ញាត្រឹមត្រូវ អាចជួយរួមចំណែកធ្វើឱ្យហាងកាហ្វេ និងផលិតផលរបស់ម្ចាស់ហាង ទទួលបានការចាប់អារម្មណ៍ច្រើនជាងមុន។
លោក ម៉ិល ខន បង្ហើបឱ្យដឹងថា លោកធ្លាប់ឆ្លងកាត់បទពិសោធ៍ជាង 10 ឆ្នាំ លើការងារជាអ្នករចនាម៉ាកសញ្ញានានា។ លោកធ្លាប់រចនាម៉ាកសញ្ញាឱ្យសាលារៀនជាតិ-អន្តរជាតិជាច្រើន ហើយលោកក៏ធ្លាប់បានសរសេរផែនការគ្រប់គ្រងទីផ្សារជាច្រើនសម្រាប់សាលាឯកជន ទាំងសាលាថ្នាក់ជាតិ និងសាលាអន្តរជាតិផងដែរ ក្រោយពីបានបញ្ចប់ថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង៕