ភ្នំពេញ៖ ទីផ្សារដំឡួងមីបានរួមចំណែកដល់ទៅជិត 4% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលនេះជាការលើកឡើងរបស់ឯកឧត្តម នីក បឺរីសហ្វ៉ដ (Nick Beresford) នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា ។
លោក Nick Beresford បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអភិវឌ្ឍន៍គោលនយោបាយជាតិដំឡូងមីកម្ពុជានៅទីស្តីការក្រសួងពាណិជ្ជកម្មនៅថ្ងៃទី5 ខែកញ្ញានេះថា ក្នុងនាមអង្គការសហប្រជាជាតិ UNDPតាំងចិត្តក្នុងការជួយក្រសួងពាណិជ្ជកម្មលើការពង្រឹងសមត្ថភាពស្ថាប័នដើម្បីដឹកនាំរៀបចំ និងអនុវត្តគោលនយោបាយដំឡូងមី រួមទាំងការអភិវឌ្ឍចង្វាក់តម្លៃ និងការពង្រីកទីផ្សារសម្រាប់ដំណាំដ៏មានសក្តានុពលនេះទៀតផង។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មបានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃការរៀបចំគោលនយោបាយដំឡូងមីដើម្បីបម្រើទីផ្សារទាំងក្នុង និងក្រៅប្រទេស និងដើម្បីជាមគ្គុទេសក៍សម្រាប់កៀងគរហិរញ្ញប្បទាន និងជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍នៅក្រោមយន្តការអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAP) របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការពិភាក្សា និងការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីតាក់តែង និងអនុវត្តគោលនយោបាយជាតិសម្រាប់ដំឡូងមីកម្ពុជាប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់សំដៅប្រមូលធាតុចូលផ្សេងៗ សម្រាប់រៀបចំគោលនយោបាយជាតិដំឡូងមីកម្ពុជា ដែលជាដំណាំដ៏មានសក្តានុពលទី2បន្ទាប់ពីដំណាំស្រូវដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា(CTIS)។ គោលនយោបាយនេះនឹងជួយជំរុញការអភិវឌ្ឍដំឡូងមីប្រកបដោយនិរន្តរភាព និងបង្កើនតម្លៃសេដ្ឋកិច្ចសម្រាប់កម្ពុជា ជាពិសេសសហគ្រាសខ្នាតតូចនិងធម្យម អ្នកវិនិយោគ និងប្រជាកសិករដែលដាំដុះដំឡូងមី។
នៅក្នុងពិភពលោក ដំឡូងមីត្រូវបានគេទទួលស្គាល់ថា ជាកសិផលប្រចាំសតវត្សរ៍ទី21 ដោយវាត្រូវបានដាំដុះរាប់តាំងពីជាលក្ខណៈគ្រួសារ រហូតដល់ការនាំចេញជាទ្រង់ទ្រាយធំ ដើម្បីបម្រើឧស្សាហកម្មម្ហូបអាហារ និងការផលិតប្រេងឥន្ធនៈអេតាណុលទៀតផង។ សម្រាប់ប្រទេសកម្ពុជាការដាំដុះដំឡូងមី មានការរីកចម្រើនយ៉ាងខ្លាំងចាប់ពី16ពាន់ហិកតាក្នុងឆ្នាំ2000 ដល់ទៅជាង 600ពាន់ហិកតា ហើយបានផ្តល់ទិន្នផលសរុប 13លានតោន កាលពីឆ្នាំ2016៕