(ឥណ្ឌា)-លោកយាយម្នាក់ឈ្មោះ Jivunben Rabari បានក្លាយជាស្ត្រីកូនខ្ចីដែលមានវ័យចំណាស់ជាងគេបំផុតមួយរូបនៅលើពិភពលោក បន្ទាប់ពីបានឆ្លងទន្លេក្នុងវ័យ 70 ឆ្នាំ ដោយវិធីបង្កកំណើតនៅក្នុងឧបករណ៍វិទ្យាសាស្ត្រ ដែលហៅថា In Vitro Fertilization។
លោកយាយ Rabari និងស្វាមី Maldhari អាយុ 75 ឆ្នាំ រស់នៅក្នុងភូមិ Mora រដ្ឋ Gujurat រៀបការជាមួយគ្នាបាន 45 ឆ្នាំហើយ និងតែងតែចង់បានកូននឹងគេ។ រហូតមកដល់ខែនេះ ទើបពួកគាត់បានទទួលស្វាគមន៍កូនដំបូង តាមរយៈវិធីសាស្ត្រ IVF។
លោកយាយ Rabari ឱ្យដឹងថា គាត់មិនមានលិខិតស្នាមបញ្ជាក់ពីអាយុផ្ទាល់ខ្លួន ប៉ុន្តែអះអាងថា មានអាយុ 70 ឆ្នាំ។ ប្រការនេះបាននាំឱ្យលោកយាយក្លាយជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីកូនខ្ចីដែលមានវ័យចំណាស់ជាងគេក្នុងពិភពលោក។
«លើកដំបូង ពួកគាត់បានមករកខ្ញុំ ខ្ញុំប្រាប់ថា ពួកគាត់មិនអាចមានកូននៅក្នុងវ័យចំណាស់នេះទេ ប៉ុន្តែពួកគាត់នៅតែចង់បង្កើតកូន។ ពួកគាត់និយាយថា សមាជិកច្រើននាក់របស់គ្រួសារគាត់ក៏ធ្លាប់បានប្រើប្រាស់វិធីសាស្ត្របង្កកំណើតក្នុងឧបករណ៍វិទ្យាសាស្ត្រ» វេជ្ជបណ្ឌិត Naresh Bhanushali រៀបរាប់អំពីប្ដីប្រពន្ធលោកយាយ Rabari និងបន្ថែមថា៖ «ករណីដូចប្ដីប្រពន្ធមួយគូនេះគឺកម្រជួបប្រទះខ្លាំងណាស់»។
កាលពីឆ្នាំ 2019 លោកយាយជនជាតិឥណ្ឌាម្នាក់ ឈ្មោះ Mangayamma Yarmati ក៏ធ្លាប់បានធ្វើឱ្យមានការចាប់អារម្មណ៍ផងដែរ ព្រោះតែបង្កើតបានកូនស្រីពីរនាក់នៅក្នុងវ័យ 73 ឆ្នាំ ដោយប្រើវិធីដូចខាងលើ។ ឆ្នាំ 2016 លោកយាយ Daljinder Kaur ដែលជាស្ត្រីជនជាតិឥណ្ឌាម្នាក់ផ្សេងទៀត ក៏បង្កើតបានកូនប្រុសក្នុងវ័យ 70 ឆ្នាំ ដោយសារវិធីសាស្ត្រ In vitro fertilization នេះដែរ។
ជាធម្មតា ស្ត្រីស្ទើរតែទាំងអស់ សុទ្ធតែឆ្លងកាត់ដំណាក់កាលអស់រដូវ ដែលកើតឡើងចាប់ពីវ័យប្រហែល 50 ឆ្នាំឡើងទៅ ដូច្នេះ ការមានផ្ទៃពោះតាមបែបធម្មជាតិក្នុងវ័យ 70 ឆ្នាំគឺស្ទើរតែមិនអាចទៅរួច។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ការប្រើប្រាស់វិធីសាស្ត្របង្កកំណើតក្នុងឧបករណ៍វិទ្យាសាស្ត្រ ស្ត្រីនៅតែអាចមានផ្ទៃពោះក្នុងពេលមានវ័យចំណាស់ ឱ្យតែស្បូននៅមានសុខភាពល្អ៕