គម្រោងរកស៊ីដែលទាក់ទងនឹងបាល់ទាត់ និងមានការចូលរួមពី Ronaldo (CR7) របស់មហាសេដ្ឋីសិង្ហបុរី នឹងផ្ដល់សេវាកម្មកំសាន្តតាមអនឡាញ ជួយឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីនៅពេលចូលរួមលេងហ្គេមបាល់ទាត់។
កាលពីពេលថ្មីៗនេះ នៅលើទំព័របណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន កំពូលតារាបាល់ទាត់ ជនជាតិព័រទុយហ្កាល់ លោក Cristiano Ronaldo បានបង្ហោះរូបថតមួយសន្លឹកបង្ហាញពីការចាប់ដៃរវាងលោក និងមហាសេដ្ឋី Peter Lim ដែលជាម្ចាស់ក្លឹបបាល់ទាត់ Valencia ដែលបច្ចុប្បន្ន កំពុងចូលរួមប្រកួតនៅ La Liga ជាពានរង្វាន់លំដាប់កំពូលបំផុតសម្រាប់បណ្ដាក្រុមបាល់ទាត់នៅ ប្រទេសអេស្ប៉ាញ។
អ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺ កំពូលតារាបាល់ទាត់របស់ក្លឹប Manchester United រូបនេះ បានបង្ហោះរូបថតដែលអមនឹងសារ «ដំណឹងល្អជិតមកដល់» ជាមួយនឹង hashtag #WritingTheFutureOfFootball ហើយមានទាំងតំណភ្ជាប់ទៅកាន់គេហទំព័ររបស់ ZujuGP។
ទស្សនាវដ្ដី Forbes ឱ្យដឹងថា ZujuGP គឺជាក្រុមហ៊ុនធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់តែពិភពបាល់ទាត់ និងត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី Peter Lim រួមនឹងកូនប្រុសឈ្មោះ Kait Lim ក្រោមការយល់ព្រម និងសហការពី Cristiano Ronaldo។
ទាក់ទងនឹងកិច្ចសហការនេះ Ronaldo ឱ្យដឹងថា៖ «ខ្ញុំរីករាយណាស់ដែលបានសហការជាមួយ ZujuGP ពិសេសគឺមិត្តយូរឆ្នាំរបស់ខ្ញុំ Peter Lim។ ខ្ញុំបានស្គាល់គាត់ច្រើនឆ្នាំ ហើយការចូលរួមក្នុងគម្រោងនេះ ធ្វើឱ្យខ្ញុំពេញចិត្តជាខ្លាំង។ ពិសេស កិច្ចសហការនេះបង្ហាញថា ជនជាតិនៅលោកខាងលិច និងខាងកើត ពិតជាអាចបង្កភាពសុខដុមនឹងគ្នា។ ប្រការនេះធ្វើឱ្យខ្ញុំមានមោទកភាពថែមទៀត»។
ក្រុមហ៊ុន ZujuGP បានឱ្យដឹងថា ពួកគេកំណត់គោលដៅធ្វើឌីជីថលូបនីយកម្មលើបទពិសោធន៍លេងហ្កេមអនឡាញសម្រាប់អ្នកគាំទ្រ ដោយការផ្ដល់ជម្រើសផ្នែកកំសាន្ត បណ្ដាញផ្ទាល់ខ្លួន និងពាណិជ្ជកម្មអេឡិចត្រូនិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនធុរកិច្ចថ្មីនេះក៏នឹងកសាងបណ្ដាញសេវាកម្មអនឡាញមួយសម្រាប់ភ្នាក់ងារប្រមាញ់កីឡាកររបស់ក្លឹបនានាក្នុងពិភពលោក បណ្ដុះបណ្ដាល និងប្រឹក្សាយោបល់ដល់អ្នកលេង តាមរយៈប្រព័ន្ធដែលគ្រប់គ្រងដោយបញ្ញាសិប្បនិម្មិត (AI)។
ក្រុមហ៊ុនធុរកិច្ចថ្មីនៅ ប្រទេសសិង្ហបុរី នេះ ចាត់ទុក ទ្វីបអាស៊ី ថាជាអនាគតរបស់ពិភពបាល់ទាត់ បន្ទាប់ពី ទ្វីបអឺរ៉ុប និង ទ្វីបអាម៉េរិក។ ពួកគេឱ្យដឹងថា តំបន់ដែលមានប្រជាជន 60% នៃប្រជាជនសរុបរបស់ពិភពលោក មានការគាំទ្រយ៉ាងខ្លាំងក្លាដល់កីឡាបាល់ទាត់។ ដូច្នេះ ចំនួនអ្នកគាំទ្រនឹងកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលនេះនឹងនាំមកនូវឱកាសយ៉ាងធំធេងដល់ក្រុមហ៊ុនអភិវឌ្ឍហ្គេមអនឡាញ និងសេវាកម្មនានាដែលជាប់ទាក់ទងនឹងការប្រកួតពានដណ្ដើមរង្វាន់បាល់ទាត់លំដាប់កំពូលៗនៅលើពិភពលោក។
បច្ចុប្បន្ន Cristiano Ronaldo កំពុងកាន់កាប់តំណែងលេខមួយនៅលើបណ្ដាញសង្គម Instagram ដោយមានអ្នកចុះឈ្មោះតាមដានជាង 357 លាននាក់។ អត្ថបទដែល CR7 បង្ហោះនៅលើបណ្ដាញសង្គមនេះ ក៏ទទួលបានការចុចចូលចិត្តជាង 5.3 លានលើក រួមនឹងការបញ្ចេញមតិជិត 28,000 លើក។ ជាមួយនឹងភាពល្បីល្បាញ និងឥទ្ធិពលខ្លាំងនៅក្នុងវិស័យបាល់ទាត់របស់ Ronaldo តាមគម្រោង ក្រុមហ៊ុន ZujuGP អាចសម្រេចបានគោលដៅថ្មីនាពេលអនាគត។
ចំណែកមហាសេដ្ឋី Peter Lim ដែលជាកំពូលអ្នកជំនួញជនជាតិសិង្ហបុរី ក៏ធ្លាប់ជាកំពូលអ្នកគក់ជេរភាគហ៊ុននៃប្រទេសនេះ ហើយបច្ចុប្បន្ន លោកកំពុងវិនិយោគក្នុងវិស័យជាច្រើន។ កាលពីឆ្នាំ 2019 ទស្សនាវដ្ដី Forbes ធ្លាប់ចាត់ឈ្មោះលោកទៅក្នុងលំដាប់ថ្នាក់ទី 10 នៃតារាងចំណាត់ថ្នាក់អ្នកមានជាងគេនៅ សិង្ហបុរី ដោយមានទ្រព្យចំនួន 2.5 លានដុល្លារអាម៉េរិក។ លោក Peter Lim ក៏ជាអ្នកក្ដោបក្ដាប់ Mint Media Sport ដែលជាក្រុមហ៊ុនកាន់កាប់សិទ្ធិគ្រប់គ្រងរូបភាពរបស់ Cristiano Ronaldo ផងដែរ៕