ឧបករណ៍ តូកាម៉ាក (Tokamak) ដែលកំពុងត្រូវបានពិសោធនៅ ប្រទេសចិន បង្ហាញអំពីយន្តការប្រមូលផ្ដុំ អ៊ីដ្រូសែន របស់ព្រះអាទិត្យ និងបង្កើតបានកម្ដៅរហូតដល់ 120 លានអង្សាសេ។
ក្រុមអ្នកវិទ្យាសាស្ត្រចិន កំពុងអភិវឌ្ឍ «ព្រះអាទិត្យសិប្បនិម្មិតមួយដួង» ដែលមានកម្ដៅខ្លាំងជាងស្នូលរបស់ព្រះអាទិត្យរហូតដល់ 8 ដងឯណោះ ដោយការធ្វើត្រាបតាមយន្តការប្រតិកម្មនៃបណ្ដុំ អ៊ីដ្រូសែន របស់ព្រះអាទិត្យ ដើម្បីបង្កើតបានជាថាមពល នៅលើផែនដីតែម្ដង។
យោងតាមអង្គការថាមពលអាតូមិកអន្តរជាតិ កម្ដៅរបស់ព្រះអាទិត្យ ជួយធានាឱ្យ អ៊ីដ្រូសែន ផ្លាស់ទីក្នុងល្បឿនលឿន ក៏ដូចជាទំហំ និងទម្ងន់របស់វាត្រូវបានកំណត់ក្នុងបរិវេណជាក់លាក់ នាំឱ្យមានការប៉ះទង្គិចគ្នា បង្កើតបានជាថាមពលដ៏មហិមា។
ម៉ាស៊ីនប្រតិកម្ម តូកាម៉ាក ដ៏ទំនើប ដែលត្រូវបានធ្វើការពិសោធនៅឯទីក្រុង Hefei នៃប្រទេសចិន ដំណើរការដោយវិធីសាស្ត្របង្កបង្កើតជាថ្មីនូវលក្ខណទាំងឡាយខាងលើ។ តូកាម៉ាក ប្រើប្រាស់កងមេដែកដើម្បីរក្សាលំហូរនៃរស្មី ផ្លាស្មា (plasma) របស់ អ៊ីដ្រូសែន ដ៏មហាសែនក្ដៅ ឱ្យផ្លាស់ទីនៅក្នុងវត្ថុមួយដែលមានរូបរាងដូចពោះវៀនកង់ឡាន (torus)។
នៅពេល អ៊ីដ្រូសែន អណ្ដែតនៅខាងក្នុងបន្ទប់មេដែក ហើយ តូកាម៉ាក បញ្ចេញអេឡិចត្រូម៉ាញេទិក ដើម្បីបំបែកអាតូមនានារបស់ អ៊ីដ្រូសែន ចេញពី អ៊ីឡិចត្រុង របស់ពួកវា បង្កើតបានជាស្ថានភាព ផ្លាស្មា ហើយក្រោយមកធ្វើឱ្យវាឡើងកម្ដៅ។
ដោយសារតែផ្កាយសិប្បនិម្មិតរបស់ ប្រទេសចិន មិនអាចបង្ហាប់ ផ្លាស្មា រហូតដល់កម្រិតមួយដូចព្រះអាទិត្យ ដូច្នេះគ្រាប់អាតូមនានាត្រូវការដុតកម្ដៅច្រើនជាងដើម្បីបង្កើនលទ្ធភាពនៃការប៉ះទង្គិចគ្នា។
កាលពីខែឧសភា ម៉ាស៊ីនប្រតិកម្ម តូកាម៉ាក បានបង្កើតកម្ដៅ ផ្លាស្មា រហូតដល់ 120 លានអង្សាសេ ឯណោះ ក្នុងរយៈពេល 101 វិនាទី៕