(នូវែលសេឡង់)-គ្រូមន្តអាគមម្នាក់បានចុះកិច្ចព្រមព្រៀង និងទទួលបានប្រាក់បៀវត្សចំនួន 11,300 ដុល្លារអាម៉េរិក/ឆ្នាំ ជាថ្នូរនឹងការ «ប្រោះព្រំវេទមន្ត» ដល់ទីក្រុង Christchurch ក្នុងរយៈពេល 2 ទសវត្សរ៍កន្លង។
ក្រុមប្រឹក្សាទី Christchurch នៃ ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី 09 តុលា បានប្រកាសថា នឹងបញ្ចប់កិច្ចសន្យាជាមួយ Wizard (គ្រូវេទមន្ត) របស់ទីក្រុងនេះ នៅចុងឆ្នាំ 2021។ ខ្ទង់ប្រាក់ខែចុងក្រោយនឹងត្រូវបានទូទាត់នៅក្នុងខែធ្នូខាងមុខ។
ឈ្មោះផ្លូវការរបស់រាជគ្រូ Wizard គឺ Brackenbury Channell អាយុ 88 ឆ្នាំ កើតនៅ ប្រទេសអង់គ្លេស បានចាប់ផ្ដើមសកម្មភាពប្រើប្រាស់វេទមន្ត និងសិល្បៈកំសាន្តនៅទីសាធារណៈ នៅពេលទៅដល់ ប្រទេសនូវែលសេឡង់ កាលពីឆ្នាំ 1976។
ឆ្នាំ 1982 សមាគមនាយកវិចិត្រសាលសិល្បៈនូវែលសេឡង់ (New Zealand Art Gallery Directors Association) បានប្រកាសតែងតាំងលោក Brackenbury Channell ជាស្នាដៃសិល្បៈរស់ ហើយក្រោយមក នៅឆ្នាំ 1990 នាយករដ្ឋមន្ត្រីរបស់ នូវែលសេឡង់ កាលណោះគឺ Mike Moore បានស្នើឱ្យលោកធ្វើជារាជគ្រូនៃប្រទេសនេះ។
«ខ្ញុំបារម្ភថា មន្តអាគមរបស់លោក មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅទូទាំងប្រទេស។ ដូច្នេះ ខ្ញុំស្នើឱ្យលោកប្រញាប់ពិចារណាអំពីសំណើតែងតាំងជារាជគ្រូរបស់ នូវែលសេឡង់, អង់តាកតិកនៃនូវែលសេឡង់ (Antarctica New Zealand) និងតំបន់សមុទ្រដែលជាប់ទាក់ទង។ ប្រាកដណាស់ថា មន្តអាគមនានា មានឥទ្ធិពលលើអំពើអាបធ្មប់ បណ្ដាសា និងបញ្ហាជំនឿអរូបីផ្សេងទៀតដែលស្ថិតនៅក្រៅសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី» Mike Moore កាលណោះថ្លែងដូច្នេះ។
តាំងពីពេលនោះមក Channell ក៏ចាប់ផ្ដើមធ្វើសកម្មភាពសម្ដែងឫទ្ធិនៅទីក្រុង Christchurch ដើម្បីបួងសួងសុំទឹកភ្លៀងនៅ នូវែលសេឡង់ និង អូស្ត្រាលី។ លោកក៏ធ្លាប់ទទួលបានមេដាយបម្រើមហាក្សត្រី អង់គ្លេស កាលពីឆ្នាំ 2009 ផងដែរ។
រាជគ្រូ Brackenbury Channell បានចុះកិច្ចព្រមព្រៀងជាមួយទីក្រុង Christchurch ចាប់តាំងពីឆ្នាំ 1998 ដើម្បី «ផ្ដល់សេវាកម្មវេទមន្ត និងសេវាកម្មដទៃទៀតដែលប្រហាក់ប្រហែលនឹងវេទមន្ត ដែលដូចទៅនឹងផ្នែកមួយនៃកិច្ចការផ្សព្វផ្សាយសម្រាប់ទីក្រុង Christchurch» ដោយទទួលបានប្រាក់បៀរវត្ស 16,000 ដុល្លារនូវែលសេឡង់ (11,300 ដុល្លារអាម៉េរិក)/ឆ្នាំ រយៈពេល 23 ឆ្នាំកន្លង។ ទឹកប្រាក់សរុបដែល Channell បានទទួលក្នុងអំឡុងពេលនោះ ស្មោះនឹង 368,000 ដុល្លារអាម៉េរិក។
ថ្មីៗនេះ ក្រុមប្រឹក្សាទីក្រុង បានប្រកាសថា បានផ្ញើលិខិតទៅអរគុណលោក Channell ចំពោះការលះបង់របស់លោកនៅក្នុងកិច្ចការបម្រើទីក្រុងអស់រយៈពេលជាង 20 ឆ្នាំកន្លង ទន្ទឹមនឹងនេះក៏បានប្រកាសថា ជិតបញ្ចប់កិច្ចសន្យាជាមួយរាជគ្រូនេះផងដែរ នេះបើតាមអ្នកនាំពាក្យ Lynn McClelland។ លោកស្រីនិយាយបន្ថែមថា ក្រុមប្រឹក្សាក្រុង មានការច្របូកច្របល់ចិត្តនៅពេលសម្រេចបញ្ចប់កិច្ចសន្យានេះ ប៉ុន្តែ បានសង្កត់ធ្ងន់ថា លោក Channell «នៅតែជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ Christchurch»។
ទីក្រុងនេះកំពុងតែជំរុញវិស័យទេសចរណ៍ទៅតាមទិសដៅថ្មី បង្ហាញថាជា «ទីក្រុងមមាញឹក សម្បូរបែប ទាន់សម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសមកទស្សនា ព្រមទាំងទាក់ទាញក្រុមហ៊ុនថ្មីៗ និងកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ចូលមកបណ្ដាក់ទុន និងធ្វើការ»។
លោក Channell ឱ្យដឹងថា ការដែលក្រុមប្រឹក្សាក្រុងបញ្ចប់កិច្ចព្រមព្រៀងនេះ ក៏ព្រោះតែយល់ថា លោកលែងសមស្របនឹងរូបភាពថ្មីរបស់ទីក្រុង។ លោកនិយាយថា លោកត្រូវបានគេចាត់ទុកថាជាមនុស្សចូលចិត្តបង្កហេតុ។
លោក Channell ជាបុគ្គលដែលមានគេស្គាល់ច្រើននៅទីក្រុង Christchurch ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមិនសូវបានបង្ហាញខ្លួននៅទីសាធារណៈ។ លោកឱ្យដឹងថា មូលហេតុគឺដោយសារក្រុមប្រឹក្សាធ្វើឱ្យលោកអវត្តមានច្រើនជាងមុន និងមិនបានឆ្លើយតបនឹងសំណើកែលម្អវិស័យទេសចរណ៍ដែលលោកលើកឡើង។
ក្រោមការឧបត្ថម្ភពីក្រុមប្រឹក្សាក្រុង មជ្ឈមណ្ឌលសិល្បៈ Christchurch នឹងប្រារព្ធពិធីតាំងពិព័រណ៍មួយស្ដីពីដំណើរជីវិតរបស់រាជគ្រូរូបនេះនៅក្នុងខែតុលា។
នៅពេលត្រូវបានសួរថា «តើលោកបានដាក់បណ្ដាសាដល់ក្រុមប្រឹក្សាក្រុង ព្រោះតែបានបញ្ចប់កិច្ចសន្យាជាមួយលោក ឬទេ?» លោក Channell ឆ្លើយថា លោក «ចូលចិត្តជូនពរជាង»៕