នាង Rumeysa Gelgi នៅ ប្រទេសតួកគី ត្រូវបានអង្គការកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records) ទទួលស្គាល់ថាជាស្ត្រីដែលខ្ពស់ជាងគេបង្អស់ ដោយមានកម្ពស់ជាង 2.15 ម៉ែត្រ។
Rumeysa Gelgi អាយុ 24 ឆ្នាំ រស់នៅក្នុងខេត្ត Karabuk កើតជំងឺ Weaver បណ្ដាលឱ្យរាងកាយលូតលាស់លឿនខុសប្រក្រតី នេះបើតាមអង្គការកំណត់ត្រា Guinness World Records។ ឆ្នាំ 2014 នាង Gelgi ធ្លាប់ត្រូវបានគេទទួលស្គាល់ថាជា នារីដែលខ្ពស់ជាងគេក្នុងពិភពលោក នៅក្នុងវ័យ 18 ឆ្នាំ។
Gelgi មិនអាចធ្វើដំណើរដោយគ្មានរទេះសម្រាប់ជនពិការបានឡើយ។ ប៉ុន្តែ នាងអាចផ្លាស់ទីបានក្នុងរយៈពេលខ្លី ដោយប្រើឧបករណ៍សម្រាប់អ្នករៀនដើរ។
«គ្រប់យ៉ាងដែលជាឧបសគ្គ អាចប្រែទៅជាប្រយោជន៍របស់ខ្លួន ដូច្នេះចូរទទួលយកនូវអ្វីដែលជារបស់ខ្លួន ស្វែងយល់អំពីសក្ដានុពលរបស់ខ្លួន និងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព» Gelgi និយាយដូច្នេះ។
លោក Craig Glenday និពន្ធនាយកនៃសៀវភៅកំណត់ត្រាពិភពហ្គីណេស ថ្លែងថា៖ «ពិតជាមានកិត្តិយស នៅពេលបានទទួលស្វាគមន៍ Rumeysa ដែលបានត្រលប់មកកាន់កំណត់ត្រាពិភពលោក។ ស្មារតីរឹងមាំ និងមោទកភាពលើខ្លួនឯងនៅពេលបង្ហាញខ្លួននៅចំពោះមុខសាធារណជនរបស់នាងគឺជាប្រភពថាមពលសម្រាប់លើកទឹកចិត្តដល់គ្រប់គ្នា»។
បុរសដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោកគឺ Sultan Kosen ក៏ជាពលរដ្ឋមកពី ប្រទេសតួកគឺ ដោយមានកម្ពស់ 2.51 ម៉ែត្រ។ អង្គការហ្គីណេស ឱ្យដឹងថា តំណែងជាបុរស និងស្ត្រីខ្ពស់ជាងគេក្នុងពិភពលោក ដែលសុទ្ធតែជាពលរដ្ឋរបស់ប្រទេសតែមួយគឺជា «រឿងកម្រជួបប្រទះ»។
ករណីដូចគ្នានេះ បានកើតឡើងកាលពីឆ្នាំ 2009។ កាលណោះ Bao Xishun មានកម្ពស់ 2.36 ម៉ែត្រ និង Yao Defen មានកម្ពស់ 2.33 ម៉ែត្រ មកពី ប្រទេសចិន សុទ្ធតែគ្រប់គ្រងតំណែងបុរស និងស្ត្រីដែលមានកម្ពស់ខ្ពស់ជាងគេក្នុងពិភលោក។
ស្ត្រីខ្ពស់ជាងគេបំផុតក្នុងលោកដែលធ្លាប់ត្រូវបាន ហ្គីណេស ទទួលស្គាល់គឺ Zeng Jinlian មកពី ប្រទេសចិន ដោយមានកម្ពស់ជាង 2.46 ម៉ែត្រ ប៉ុន្តែ ស្ត្រីរូបនេះបានទទួលមរណភាពកាលពីឆ្នាំ 1982 ទៅហើយ៕