ក្នុងវ័យ 21 ឆ្នាំ កំលោះរូបនេះ ទិញបានអគារស្នាក់នៅ (apartment) មួយខ្នង ដែលមានរហូតដល់ 20 បន្ទប់ ទុកសម្រាប់ជួល។
នៅពេល Abraham Anderson ទិញបានអគារមួយខ្នងដែលមាន 20 បន្ទប់ គឺជាឆ្នាំដែលគាត់មានអាយុទើបតែ 21 ប៉ុណ្ណោះ ហើយពេលនេះ (2021) ស្ថិតក្នុងវ័យ 26 ឆ្នាំ កំលោះនេះមានផ្ទះរហូតដល់ 1,300 ខ្នង ទុកសម្រាប់ជួល។
Anderson មិនមែនជាអ្នកជំនាញខាងអចលនទ្រព្យ ហើយគាត់ក៏មិនមានសញ្ញាបត្រមហាវិទ្យាល័យនោះដែរ។ វ័យ 18 ឆ្នាំ Anderson ចាប់ផ្ដើមធ្វើជាអ្នកលក់ធានារ៉ាប់រង ដូច្នេះ ប្រាក់ចំណូលសំខាន់របស់គាត់បានមកពីកម្រៃជើងសារ។ សម្រាប់គាត់ ប្រការនេះមានន័យថា គាត់អាចរកប្រាក់បានយ៉ាងច្រើន ធៀបនឹងវ័យរបស់ខ្លួន ឱ្យតែគាត់ឧស្សាហ៍ព្យាយាមគ្រប់គ្រាន់។
ក្នុងឆ្នាំដំបូង គាត់រកបាន 143,000 ដុល្លារអាម៉េរិក រស់នៅជាមួយឪពុកម្ដាយ និងសន្សំសំច័យប្រាក់យ៉ាងខ្លាំង។ នៅពេលត្រូវធ្វើដំណើរផ្លូវឆ្ងាយដើម្បីចុះកិច្ចសន្យា គាត់តែងតែគេងនៅក្នុងរថយន្តដើម្បីចៀសវាងការជួលបន្ទប់សណ្ឋាគារ។ អាហារពេលព្រឹករបស់គាត់គឺនំប៉័ងតម្លៃទាបមួយដើមដែលទិញពី Walmart។
ការប្រឹងប្រែងរបស់ Anderson ក៏ទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត។ ខ្ទង់ចំណូលដែលគាត់សន្សំបាន ក៏បានជួយប្ដូរផ្លាស់ជីវិតរបស់គាត់ និងជួយឱ្យគាត់សម្រេចបាន «សេរីភាពផ្នែកហិរញ្ញវត្ថុ» ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ការជួញដូរដំបូង
ក្នុងវ័យ 19 ឆ្នាំ Anderson ចំណាយប្រាក់ 56.000 ដុល្លារ ដើម្បីទិញដីមួយដុំនៅ Cleveland ក្នុងរដ្ឋ Tennessee។ ឪពុករបស់មិត្ត Anderson គឺជាអ្នកម៉ៅការសំណង់ ទើបក្លាយជាអ្នកទទួលយកការងារសាងសង់ផ្ទះមួយខ្នងនៅលើដីនេះ។
ដើម្បីមានប្រាក់ Anderson បានចុះឈ្មោះខ្ចីប្រាក់ឥណទានពីធនាគារមួយនៅក្នុងតំបន់។ ជាធម្មតា វាពិបាកទៅរួច សម្រាប់ការខ្ចីប្រាក់ដែលមានចំនួនស្មើនឹងប្រាក់ចំណូលពេញមួយឆ្នាំ ចំពោះមនុស្សម្នាក់ដែលមានអាយុប៉ុននេះ។ ប៉ុន្តែ ឪពុករបស់មិត្តម្នាក់នោះ បានណែនាំ Anderson ជាមួយនឹងធនាគារមួយ ដែលនេះបានជួយឱ្យទំនុកចិត្តកើនឡើង។ គាត់ខ្ចី 300,000 ដុល្លារ ជាមួយនឹងការប្រាក់ 5%។ មួយរយៈពេល បន្ទាប់ពីបានបញ្ចប់ការសាងសង់ Anderson ក៏បានលក់អគារនេះ និងសងបំណុល ហើយចំណេញបាន 74,000 ដុល្លារ។
«នេះមិនមែនជាវិធីដែលខ្ញុំណែនាំដល់អ្នកវិនិយោគដំបូងនោះទេ។ បើសិនជាទិញបានផ្ទះមួយខ្នង ហើយជួសជុល កែលម្អ រួចហើយលក់ទៅវិញ ខ្ញុំអាចរកប្រាក់បានច្រើនជាងនេះ ឬយ៉ាងហោចក៏ស្មើនេះ។ ចំណែកការស្វែងរកទិញដី ខ្ចីប្រាក់ សាងសង់ផ្ទះ សុទ្ធតែត្រូវការពេលវេលា និងកម្លាំងច្រើន។ សំណាងល្អដែលខ្ញុំអាចខ្ចីបានប្រាក់ ព្រោះតែបញ្ជាក់បានអំពីលទ្ធភាពសងបំណុល»។
ពង្រីកវិស័យសម្រាប់វិនិយោគ
នៅពេលសាងសង់ និងលក់ផ្ទះដំបូង Anderson នៅតែធ្វើការក្នុងក្រុមហ៊ុនធានារ៉ាប់រង និងរស់នៅយ៉ាងសន្សំសំច័យ។ ក្នុងឆ្នាំនោះ គាត់សន្សំបាន 150,000 ដុល្លារ។ គាត់សម្រេចចិត្តវិនិយោគទៅលើអចលនទ្រព្យពហុមុខងារ នៅ Sevierville ក្នុងរដ្ឋ Tennessee ដែលអនុញ្ញាតឱ្យធ្វើជាការិយាល័យផង និងស្នាក់នៅផង។ Anderson បានប្រើប្រាស់វា ធ្វើជាទ្រព្យបញ្ចាំនៅក្នុងការទិញដូរបន្ទាប់។
លើកនេះ គាត់សម្រេចចិត្ត «លេងធំ» ដោយទិញអគារស្នាក់នៅដែលមានបន្ទប់ចំនួន 20 ក្នុងតម្លៃ 1.3 លានដុល្លារ។ ដោយសារតែម្ចាស់អគារនេះត្រូវការប្រាក់បន្ទាន់ ទើប Anderson អាចទិញក្នុងតម្លៃទាបជាងទីផ្សារ។ គាត់ទូទាត់មុន 10% ស្មើនឹង 130,000 ដុល្លារ។
បន្ទាប់ពីបានទិញ Anderson ក៏បានជួសជុល កែលម្អ ហើយក៏ដាក់ឱ្យជួល។ ក្នុងរយៈពេល 7 ឆ្នាំកន្លងមកនេះ គាត់បានទិញ និងលក់អចលនទ្រព្យជាច្រើន ដើម្បីរកចំណេញ និងទុកជួល។
នាពេលបច្ចុប្បន្ន ក្រៅពីការបន្តវិនិយោគលើអចលនទ្រព្យ លោក Anderson ក៏ថែមទាំងចែករំលែកបទពិសោធន៍ដោយមិនគិតថ្លៃនៅលើគេហទំព័រ និងឆានែល Youtube របស់ខ្លួនផងដែរ ដើម្បីជួយដល់គ្រប់គ្នា ទទួលបានចំណេះដឹងច្រើននៅក្នុងដំណើរវិនិយោគលើវិស័យអចលនទ្រព្យ៕