John Lee សម្រេចចិត្តធ្វើការដើម្បីដកបទពិសោធន៍ទាក់ទងនឹងកិច្ចការរៀបចំ បោសសម្អាតផ្ទះសម្បែង មុនពេលចេញរកស៊ីជាមួយនឹងក្រុមហ៊ុន H20 Hospitality។
John Lee ធ្វើកិច្ចការបោសសម្អាត រៀបចំបន្ទប់ ផ្ទះសម្បែង នៅ ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល 6 ខែ ក្រោយពីបានឈប់ពីការងារនៅឯធនាគារ Morgan Stanley កាលពីឆ្នាំ 2014។
ជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងសណ្ឋាគារ នៅសាកលវិទ្យាល័យ Cornell អ្នកជំនួញវ័យ 33 ឆ្នាំរូបនេះ មានគោលដៅធំមួយ៖ គាត់ចង់បានភាពលេចធ្លោនៅក្នុងវិស័យពាណិជ្ជកម្មដែលខ្លួនវាយតម្លៃថា បានទុំជោរទៅហើយ។ ដូច្នេះ កំលោះជនជាតិកូរ៉េខាងត្បូងម្នាក់នេះ ក៏បានចូលខ្លួន ទៅ «ទទួលបទពិសោធន៍» ការងារផ្នែករៀបចំ បោសសម្អាតនៅអគារនានារបស់ក្រុមហ៊ុន Airbnb ក្នុងរដ្ឋធានី សេអ៊ូល។
«ខ្ញុំត្រូវរកបទពិសោធន៍ទាំងនោះ។ សេវាកម្មរៀបចំបន្ទប់គឺជាការងារលំដាប់ទាបបំផុតនៅក្នុងអាជីវកម្មសណ្ឋាគារ ហើយនេះគឺជាវិធីដែលយើងជ្រៀតចូលក្នុងវិស័យនេះ»។
បច្ចុប្បន្ន ក្រុមហ៊ុន H20 Hospitality ដែល Lee បានបង្កើតឡើង កំពុងផ្ដល់សេវាកម្មគ្រប់គ្រងមួយចប់ឱ្យសណ្ឋាគារ តំបន់លម្ហែកាយ និងផ្ទះសំណាក់នានានៅ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ។ ក្រុមហ៊ុនធុរកិច្ចថ្មីនេះ បានធ្វើការប្រមូលទុនមួយជុំកាលពីខែមុន ជាមួយនឹងការកំណត់តម្លៃ 180 លានដុល្លារអាម៉េរិក។ នេះបើតាមការឱ្យដឹងពី John Lee។
John Lee នាយកប្រតិបត្តិរបស់ H20 Hospitality បាននិយាយថា ក្រុមហ៊ុននេះគ្រប់គ្រងបន្ទប់ចំនួន 12,000 នៅក្នុងប្រទេសទាំងបីខាងលើ។ H20 កំណត់គោលដៅសម្រេចឱ្យបានកំណើនទ្វេដង ធៀបនឹងចំនួនបន្ទប់ខាងលើនៅចុងឆ្នាំ 2021 ដោយសារទទួលបានការងារច្រើនពីបណ្ដាសណ្ឋាគារដែលកំពុងដំណើរការដោយត្រដាបត្រដួសដើម្បីរស់នៅក្នុងសម័យ COVID-19។
John Lee ឱ្យដឹងថា បើសិនជាសណ្ឋាគារមួយ ប្រើប្រាស់សេវាកម្មរបស់ H20 ដើម្បីអនុវត្តកិច្ចការមួយចំនួន ឬហៅថា «ជួលក្រៅ» ពួកគេអាចកាត់បន្ថយការចំណាយបាន 50%។ មូលហេតុគឺដោយសារ H20 ប្រើប្រាស់វិធីសាស្ត្រធ្វើការទំនើបជាង មានដូចជា ការទទួលកក់បន្ទប់តាមអនឡាញ សោឆ្លាតវៃ និងសេវាកម្មអតិថិជនដោយយោងទៅតាមការជជែកជាមួយគ្នា។
H20 ប្រមូលទុនបាន 30 លានដុល្លារ នៅក្នុងការប្រមូលទុនជុំ Series C កាលពីខែកញ្ញា 2021។ អ្នកវិនិយោគថ្មីរបស់ H20 រួមមាន ក្រុមហ៊ុនវិនិយោគ Kakao និង ធនាគារអភិវឌ្ឍកូរ៉េខាងត្បូង។
ក្រុមហ៊ុន H20 កំពុងស្វែងរកឱកាសដើម្បីពង្រីកអាជីវកម្មមកកាន់តំបន់អាស៊ីអាគ្នេយ៍។ John Lee បង្ហើបឱ្យដឹងថា H20 កំពុងចរចាជាមួយបណ្ដាយីហោសណ្ឋាគារអន្តរជាតិនៅក្នុងប្រទេសមួយចំនួននៅតំបន់នេះ មានដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី និង វៀតណាម ជាដើម។ តាមផែនការ ក្រុមហ៊ុន H20 Hospitality នឹងធ្វើ IPO (ព្រឹត្តិការណ៍បោះផ្សាយមូលបត្របំណុលជាសាធារណៈលើកដំបូង) ក្នុងរយៈពេល 5 ឆ្នាំទៀត៕