ដំណើរការប្រកបដោយភាពសមហេតុសមផល បានជួយឱ្យក្រុមហ៊ុនរីកចម្រើនខ្លាំង សូម្បីតែនៅក្នុងវិបត្តិសុខភាពដែលបង្កើតឡើងដោយ COVID-19។
ZipLunch បានបង្ហាញវត្តមានក្នុងទីផ្សារ ចំកាលៈទេសៈដែលមិនមានអ្វីអាក្រក់ដូច។ ក្រុមហ៊ុនធុរកិច្ចថ្មី (startup) នេះ បានណែនាំសេវាកម្មដឹកជញ្ជូនអាហាររបស់ខ្លួន ដោយតម្រង់គោលជាបុគ្គលិកការិយាល័យដែលទទួលទានអាហារថ្ងៃត្រង់នៅក្នុងទីក្រុង Toronto កាលពីខែមីនា ឆ្នាំ 2020 ពោលគឺតែ 4 ថ្ងៃប៉ុណ្ណោះ មុនពេលទីក្រុងត្រូវគ្របដណ្ដើមដោយ COVID-19។
ក្រុមហ៊ុនបានកែសម្រួលរូបមន្តអាជីវកម្មរបស់ខ្លួន ហើយមិនដល់ 4 ខែក្រោយមក ក្រុមអ្នកដឹកជញ្ជូនរបស់ ZipLunch បាននាំអាហារទៅឱ្យបុគ្គលិកក្រុមហ៊ុននានានៅឯផ្ទះរបស់ពួកគេ ជំនួសឱ្យការដឹកជញ្ជូនដល់អគារការិយាល័យ។ ការប្ដូរផ្លាស់នេះ ជួយឱ្យ ZipLunch រីកចម្រើន ហើយនៅតែរក្សាតម្លៃស្នូលរបស់វាដូចដើម នោះគឺ អាហារពីបណ្ដាភោជនីយដ្ឋានដែលមានគុណភាព តម្លៃសមរម្យ និងបញ្ចេញឧស្ម័នកាបូនតិចតួច។
សហស្ថាបនិក Majdi Alnabih និង Maj Qureshi បានឱ្យដឹងថា អាហារពី ZipLunch មានតម្លៃទាបជាង 55% ធៀបនឹងសេវាកម្មដូចគ្នានេះនៅលើកម្មវិធីបញ្ជាទិញអាហារដទៃ ហើយផលប៉ះពាល់ដល់បរិស្ថានដែលកើតពីសកម្មភាពប្រគល់ទំនិញរបស់ក្រុមហ៊ុននេះ ក៏ទាបជាង 95% ផងដែរ។ ប្រការនេះកើតឡើងដោយសារតែ ZipLunch មានការទិញ និងប្រគល់ទំនិញក្នុងបរិមាណច្រើន និងផ្ទេរខ្ទង់ប្រាក់ដែលសំច័យបាន ទៅឱ្យអតិថិជន។
គន្លឹះដើម្បីរស់៖ ប្រមូលការបញ្ជាទិញក្នុងបរិមាណច្រើន និងរៀបចំការដឹកជញ្ជូនក្នុងតំបន់តែមួយ ក្នុងពេលតែមួយ
ក្រុមហ៊ុននេះ ផ្គត់ផ្គង់តារាងមុខម្ហូបមានកំណត់ ដែលត្រូវបានរៀបចំ និងសម្របសម្រួលការបញ្ជាទិញ ដើម្បីកាត់បន្ថយគម្លាតនៃការធ្វើដំណើរដឹកជញ្ជូន កាត់បន្ថយការចំណាយ និងបរិមាណឧស្ម័នដែលបញ្ចេញដោយយានយន្ត។ អតិថិជនមិនអស់ថ្លៃដឹកជញ្ជូន ប៉ុន្តែ សម្រាប់អាហារថ្ងៃត្រង់ ឬល្ងាច ត្រូវតែបញ្ជាទិញមុនការដឹកជញ្ជូនក្នុងរយៈពេលជាក់លាក់ ហើយមិនអាចកែមុខអាហារដែលបានបញ្ជាទិញ។ ប្រការនេះអនុញ្ញាតឱ្យភោជនីយដ្ឋាននានា ចម្អិនអាហាររួចរាល់ក្នុងបរិមាណច្រើនបានយ៉ាងឆាប់រហ័ស។
បុគ្គលិកដឹកជញ្ជូនម្នាក់ៗ ប្រគល់អាហារចាប់ពី 30 ដល់ 50 ឈុត នៅក្នុងតំបន់ជាក់លាក់មួយ។ អតិថិជននឹងទទួលបានទំនិញក្នុងអំឡុង 30 នាទី រាប់ចាប់ពីពេលអ្នកដឹកជញ្ជូនបានទាក់ទង និងមានពេលតែប៉ុន្មាននាទីប៉ុណ្ណោះនៅក្នុងការជួបទទួលទំនិញក្បែរដងផ្លូវ។
Qureshi អ្នកគ្រប់គ្រងក្រុមហ៊ុននេះ បានឱ្យដឹងថា៖ «យើងមិនមែនជាកម្មវិធីដែលសម្របទៅតាមការស្នើនោះទេ។ បើសិនអ្នកជាមនុស្សរវល់ ហើយអ្នកចូលចិត្តហូបចុក អ្នកត្រូវការភាពសម្បូរបែប ដូច្នេះកម្មវិធីរបស់យើង នឹងបម្រើដល់អ្នក»។
រូបមន្តដោះស្រាយបញ្ហាតម្លៃ ពេលវេលារង់ចាំរបស់ភ្ញៀវ និងតារាងមុខម្ហូប?
Alnabih និង Qureshi ជួបគ្នានៅសាលាមធ្យមសិក្សា។ ពួកគេបានកំណត់គោលដៅអភិវឌ្ឍរូបមន្តប្រគល់អាហារដោយការកែសម្រួលបញ្ហាដែលពួកគេធ្លាប់បានជួបប្រទះ៖ ថ្លៃសេវាកម្មខ្ពស់ ពេលវេលារង់ចាំយូរ និងបញ្ហាស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថាគួរញ៉ាំអ្វី។ ពួកគេមានបំណងផ្ដល់ជម្រើសច្រើនដល់អតិថិជន ទាក់ទងនឹងមុខម្ហូបសម្បូរបែប។
នៅពេលមានការបិទខ្ទប់ដោយសារ COVID-19 ភោជនីយដ្ឋានជាង 100 នៅលើកម្មវិធីប្រគល់អាហារនេះ ZipLunch ក៏បានបន្ថយតម្លៃបណ្ដោះអាសន្នចំនួនពាក់កណ្ដាលនៃតម្លៃសេវាកម្ម ចុះមកនៅត្រឹម 10%/ការបញ្ជាទិញ។ បច្ចុប្បន្ន ការបរិភោគនៅខាងក្រៅត្រូវបានអនុញ្ញាតឡើងវិញ ហើយអត្រាតម្លៃសេវាកម្មក៏ត្រលប់មកត្រឹម 20% ដូចមុន បើទោះតួលេខនេះនៅតែទាបជាងស្ដង់ដារបស់វិស័យដឹកជញ្ជូនអាហារ (ពី 25-30%)។
Aashwin Jeyakumar អគ្គនាយករបស់ក្រុមហ៊ុន Ravisoups ឱ្យដឹងថា សេវាកម្មរបស់ ZipLunch មានតម្លៃសេវាទាប ប្រហាក់ប្រហែលនឹងការដែលភោជនីយដ្ឋានមួយ ជួលអ្នកដឹកជញ្ជូនជំនាញម្នាក់ ប៉ុន្តែ សេវាកម្មនេះពិតជាស័ក្ដិសម។ «ZipLunch មិនដូចទៅនឹង App ដទៃ វាមានលក្ខណៈជាបុគ្គលច្រើនជាង។ ខ្ញុំដឹងថា អាហារសុទ្ធតែត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ពិសេសគឺស៊ុប» Jeyakumar ថ្លែងដូច្នេះ។
អាជីវកម្មរីកចម្រើន ប៉ុន្តែប្រកបដោយការប្រកួតប្រជែង
នៅពេលបុគ្គលិកការិយាល័យត្រលប់ចូលធ្វើការវិញ Qureshi គិតឃើញថា កិច្ចការជំនួញដែលបានពីអតិថិជនជាក្រុមហ៊ុន កំពុងរីកចម្រើន។ Qureshi ឱ្យដឹងថា ប្រការដែលលោកស្ដាយក្រោយជាងគេក្នុងរយៈពេល 18 ខែកន្លងទៅគឺការដែលមិនបានធ្វើឱ្យខ្លាំងក្លាគ្រប់គ្រាន់។ នៅពេលប្រគល់ទំនិញដល់ផ្ទះ ក្រុមហ៊ុនអាចនឹងដណ្ដើមបានចំណែកទីផ្សារច្រើនជាង ដោយការពង្រីកខ្លួនទៅកាន់តំបន់នានានៅក្បែរខាង ជំនួសឱ្យការផ្ដោតលើតែមួយតំបន់។ «មានបញ្ហាជាច្រើនដែលមិនទាន់ដឹង។ យើងកំពុងតែព្យាយាមប្រឹងប្រែងដោយប្រុងប្រយ័ត្ន»។
ZipLunch កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនដឹកជញ្ជូនអាហារយ៉ាងតិច 4 នៅក្នុងតំបន់ Toronto។ ក្រុមហ៊ុនកំពុងដណ្ដើមចំណែកទីផ្សារ ហើយតែងបញ្ចុះតម្លៃលើមុខអាហារមកនៅក្រោមតម្លៃដែលភោជនីយដ្ឋានគិតថ្លៃ។ ការបញ្ចុះតម្លៃនេះគឺដើម្បីជំរុញការបញ្ជាទិញ និងទាក់ទាញទីផ្សារ។
Qureshi ឱ្យដឹងថា ប្រាក់ចំណូលបានកើនជាមធ្យម 22% ធៀបនឹងខែមុន ហើយក្នុងរយៈពេល 6 ខែដើមឆ្នាំនេះ វាបានកើនទ្វេដង ធៀបនឹងពេញមួយឆ្នាំ 2020។ ក្រុមហ៊ុនកំពុងតែស្វែងរកប្រភពទុនបន្ថែម ដើម្បីពង្រីកអាជីវកម្មនៅ Toronto ហើយចុងក្រោយនឹងពង្រីកខ្លួនទៅកាន់ទីក្រុងនានានៅ អាម៉េរិកខាងជើង៕