រយៈពេល 19 ខែ រាប់ចាប់ពីរោគរាតត្បាត COVID-19 ផ្ទុះឆ្លងរាលដាល សាលារៀនក្នុងពិភពលោក ត្រូវបង្ខំចិត្តបិទទ្វារ ហើយមកដល់បច្ចុប្បន្ន មានសាលារៀនប្រហែលជាពាក់កណ្ដាលប៉ុណ្ណោះ បានបើកដំណើរការបង្រៀន និងរៀនផ្ទាល់ ខណៈដែលសាលារៀនភាគច្រើននៅតែប្រើរូបមន្តបូកផ្សំរវាងការបង្រៀនតាមអនឡាញ និងផ្ទាល់។
យោងតាមគេហទំព័រ COVID-19 Global Education Recovery Tracker ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Johns Hopkins, ធនាគារពិភពលោក (WB) និងមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) ក្នុងបំណងជួយដល់ការសម្រេចចិត្តរបស់បណ្ដាប្រទេស ដោយការធ្វើបច្ចុប្បន្នភាពស្ថានភាពបើកទ្វារ និងការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិ COVID-19 នៅក្នុងប្រទេសជាង 200 ក្នុងពិភពលោក បង្ហាញថា «80% នៃសាលារៀនក្នុងពិភពលោក កំពុងស្ថិតក្នុងឆ្នាំសិក្សាថ្មី។ ក្នុងចំណោមនេះ មាន 54% បានវិលត្រលប់មកបង្រៀន និងរៀនផ្ទាល់ក្នុងសាលា, 34% អនុវត្តរូបមន្តបូកផ្សំរវាងអនឡាញ និងផ្ទាល់។ សាលារៀន 10% បន្តបង្រៀនពីចម្ងាយ ខណៈដែល 2% បានផ្អាកការបង្រៀនបណ្ដោះអាសន្នទាំងស្រុង»។
WB កំពុងជំរុញឱ្យបណ្ដាប្រទេស បើកទ្វារសាលារៀនឡើងវិញ។ WB វាយតម្លៃថា ការបើកទ្វារសាលារៀនឡើងវិញ មិនបានធ្វើឱ្យកើនឡើងនូវអត្រានៃការចូលពេទ្យដោយសារ COVID-19 នោះទេ។ ទន្ទឹមនឹងនេះ ការស្រាវជ្រាវមួយផ្សេងទៀត បានបង្ហាញថា ស្ថានការណ៍ឆ្លងវីរុសក្នុងថ្នាក់រៀនគឺតែងតែដើរតាមស្ថានភាពរួមនៃការឆ្លងរាលដាលក្នុងសហគមន៍។
ក្នុងឆ្នាំ 2020 COVID-19 បានធ្វើឱ្យសាលារៀននៅក្នុងប្រទេសជាង 180 ត្រូវបិទទ្វារ រំខានដល់ការសិក្សារបស់ក្មេងប្រមាណ 1.6 ពាន់លាននាក់ ប្រហាក់ប្រហែលនឹង 75% នៃចំនួនក្មេងដែលស្ថិតក្នុងវ័យសិក្សា។ របាយការណ៍បានបញ្ជាក់ថា ការសម្រេចចិត្តបិទទ្វារសាលារៀនកាលពីឆ្នាំ 2020 បណ្ដាលមកពីបណ្ដាប្រទេសយល់ដឹងតិចតួចនៅឡើយអំពី COVID-19 និងវិធីសាស្ត្រទប់ទល់។ ក្រោយរយៈពេលជាង 1 ឆ្នាំ ពិភពលោកបានដឹងច្រើនជាងមុនអំពីវីរុស ក៏ដូចជាវិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាល។ អង្គការនានា មានដូចជា WHO ជាដើម បានផ្ដល់អនុសាសន៍ថា ការបិទទ្វារសាលារៀនគួរតែត្រូវបានចាត់ទុកជាជម្រើសចុងក្រោយបង្អស់។
យោងតាម WB ទិន្នន័យនៃការស្រាវជ្រាវលើការតាមដានពលរដ្ឋ និងការឆ្លងរាលដាល បង្ហាញថា «ធៀបនឹងមនុស្សពេញវ័យ និងក្មេងជំទង់ កុមារដែលមានអាយុក្រោម 10 ឆ្នាំ មានលទ្ធភាពតិចតួចក្នុងការឆ្លង COVID-19។ របាយការណ៍សរសេរថា «អត្រានៃករណីមានអាការធ្ងន់ធ្ងរ និងស្លាប់ នៅក្នុងចំណោមកុមារដែលបានឆ្លង COVID-19 គឺមានតិចតួចបំផុត ពោលគឺពួកគេស្លាប់ ឬមានអាការធ្ងន់ធ្ងរដោយសារមានជំងឺប្រចាំកាយស្រាប់។
WB ផ្ដល់យោបល់ថា ដើម្បីជំរុញការស្ដារវិស័យអប់រំ បណ្ដាប្រទេសគួរផ្ដល់អាទិភាពដល់ការចាក់វ៉ាក់សាំងជូនដល់គ្រូបង្រៀនជាបន្ទាន់នៅពេលអាចធ្វើទៅបាន។ ក្នុងករណីមិនទាន់ធ្វើបាន ក៏នៅមានវិធីបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។ បើតាមបទពិសោធន៍របស់បណ្ដាប្រទេសដែលធ្លាប់បានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពចំពោះការឆ្លងរាលដាលក្នុងសាលារៀន គេអាចអនុវត្តយុទ្ធសាស្ត្រត្រួតពិនិត្យសាមញ្ញៗ និងចំណាយប្រាក់ទាប។ នោះគឺការអនុវត្តវិធានការពាក់ម៉ាស ធានាបរិស្ថានមានខ្យល់ចេញ-ចូលល្អ និងរក្សាគម្លាត៕