Leonardo គឺជារ៉ូបូតដំបូង ប្រើប្រាស់ជើងដែលមានសន្លាក់ពហុអ័ក្ស រួមនឹងកម្លាំងរុញច្រានដោយស្លាបកង្ហារ អាចធ្វើសកម្មភាពលំបាកៗ ទាំងនៅលើដី និងនៅលើអាកាស។
កាលពីថ្ងៃទី 6 តុលា ក្រុមអ្នកស្រាវជ្រាវប្រចាំ Caltech បានបង្ហាញរ៉ូបូតមួយគ្រឿង ឈ្មោះ Leonardo (LEO) ដែលអាចដើរដោយថ្មើរជើង និងហោះហើរ។ ដោយមានការរចនាជារូបរាងពិសេស LEO ថែមទាំងអាចលោត ជិះស្គីបន្ទះ និងដើរលើខ្សែទៀតផង។
នេះគឺជារ៉ូបូតដំបូងគេ ប្រើប្រាស់ជើងដែលមានសន្លាក់ពហុអ័ក្ស និងកម្លាំងរុញច្រានដោយស្លាបកង្ហារ ជួយឱ្យវារក្សាលំនឹង និងធ្វើកិច្ចការលំបាកៗជាច្រើនបានដោយងាយ។ អនាគត រ៉ូបូតនេះ អាចត្រូវបានប្រើសម្រាប់បំពេញភារកិច្ចស្មុគស្មាញ និងគ្រោះថ្នាក់ ដូចជា ត្រួតពិនិត្យ និងដំឡើងឧបករណ៍ដែលមនុស្សពិបាកទៅដល់ ឬក្នុងវិស័យយោធា ដោយសារតែភាពរហ័សរហួន បត់បែន និងការរក្សាលំនឹងបានល្អរបស់វា។
LEO ត្រូវបានបង្កើតឡើងដោយយកលំនាំតាមតួអង្គភាពយន្តគំនូរជីវចរ Astro Boy និងឈុតហោះហើររបស់ Iron Man។ Soon-Jo Chung ដែលជាសហស្ថាបនិកនៃក្រុមស្រាវជ្រាវ ឱ្យដឹងថា គម្រោងនេះក៏យកលំនាំតាមសត្វបក្សីផងដែរ។
LEO មានទម្ងន់ប្រហែល 2.6 គីឡូក្រាម និងកម្ពស់ 75 សង់ទីម៉ែត្រ។ វាមានប្រព័ន្ធសន្លាក់ចំនួន 3 និងប្រព័ន្ធកង្ហារចំនួន 4 នៅលើស្មា។ តាមរយៈប្រព័ន្ធបញ្ជាចលនារួមរវាងការដើរ និងការហោះហើរ ស្លាបកង្ហាររបស់រ៉ូបូត អាចជួយឱ្យវារក្សាលំនឹងបាននៅពេលដើរ។ ប្រព័ន្ធសន្លាក់ពហុអ័ក្ស ជួយឱ្យរាងកាយសំដៅទៅមុខ។ ថ្ម ញាណសិប្បនិម្មិត និងប្រព័ន្ធដំណើរការ ត្រូវបានបំពាក់នៅលើដងខ្លួន អនុញ្ញាតឱ្យវាផ្លាស់ទីដោយឯករាជ្យ។
រ៉ូបូតធម្មតាដែលមានជើង 2 រឹងមាំ អាចផ្ទុករបស់ធ្ងន់ ហក់លោត ដើរលើកាំជណ្ដើរ ប៉ុន្តែ ពិបាកផ្លាស់ទីលើសណ្ឋានដីស្មុគស្មាញ និងមិនអាចទៅដល់ទីខ្ពស់។ យន្តហោះគ្មានមនុស្សបើក (drone) អាចធ្វើសកម្មភាពរហ័ស អាចទៅដល់ទីតាំងលំបាកៗ ប៉ុន្តែ ត្រូវចំណាយថាមពលច្រើន និងមិនអាចផ្ទុកទម្ងន់បានច្រើន។ ដូច្នេះ LEO ត្រូវបានបង្កើតឡើងដើម្បីចូលមកបំពេញគុណសម្បត្តិរបស់ឧបករណ៍ទាំងនេះ៕