Skip to content

កំពង់ផែ​ទេសចរណ៍​តម្លៃ10លាន​ដុល្លារ​ក្នុង​ខេត្តកំពត​នឹង​សាងសង់​ចុងឆ្នាំ​នេះ

ភ្នំពេញៈ កំពង់ផែ​ទេសចរណ៍​ថ្មី​មួយ​ដែលមាន​តម្លៃ10លាន​ដុល្លារ​ក្រោម​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំនេះ និង​បញ្ចប់​នៅ​ចុងឆ្នាំ 2019ខាងមុខ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី5 កញ្ញា​នេះ​ថា ក្រោម​ជំនួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ក្នុង​ក្របខ័ណ្ឌ​នៃ​បណ្តា​ប្រទេស​តាម​អនុតំបន់​ទន្លេមេគង្គ​នៃ​ច្រករបៀង​ភាគខាងត្បូង ធនាគារ​នេះ​បានផ្តល់​ឥណទាន​ចំនួន18លាន​ដុល្លារ​ដើម្បី​សាងសង់​កំពង់ផែ​ទេសចរណ៍​មួយ​នេះ។ កំពង់ផែ​នេះ​គ្រោង​ចំណាយ​ទឹកប្រាក់10លាន​ដុល្លារ និង​ថវិកា​ដទៃទៀត​គ្រោង​នឹង​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​ផ្សារ​ក្តាម​ក្នុង​ខេត្តកំពត​ផងដែរ។

លោក​បន្តថា កំពង់ផែ​នេះ​នឹង​ជួយ​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់ ពិសេស​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ តាមរយៈ​ការភ្ជាប់​ការធ្វើដំណើរ​តាមផ្លូវ​ទឹក តាម​កប៉ាល់​លឿន ឬ​កប៉ាល់​ទេសចរណ៍​ខ្នាត​ធំ។ លោក​បន្តថា កំពង់ផែ​នេះ​ជា​ផ្នែក​មួយ​នៃ​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈ​ក្របខ័ណ្ឌ​នៃ​បណ្តា​ប្រទេស​ក្នុង​អនុតំបន់​ទន្លេមេគង្គ​នៃ​ច្រករបៀង​ភាគខាងត្បូង។

ក្នុង​គម្រោង​សាងសង់ កំពង់ផែ​នេះ​មាន​ទីតាំង​ក្នុងភូមិ​ជំ​គ្រាល ឃុំ​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្តកំពត។

លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​បន្តថា ទំហំ​វិសាលភាព​នៃ​កំពង់ផែ​ភ្ញៀវទេសចរ​នេះ​នឹងមាន​លទ្ធភាព​អាច​ឲ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់​បាន​ចំនួន 1.5លាន​នាក់​ក្នុង1ឆ្នាំ។ ក្នុង​គម្រោង​សាងសង់​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​តំបន់​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​ផងដែរ ដោយ​ក្នុងនោះ​វា​អាច​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ដែលមាន​បំណង​ចង់​បន្តដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ដូចជា​ពី​ខេត្តកំពត ទៅ​ភ្នំ​បូកគោ ទៅ​ខេត្ត​ព្រះសីហនុ និង​ទៅ​ខេត្តសៀមរាប​ជាដើម​បាន​ទៀតផង។

ទាក់ទង​នឹង​ការសាងសង់​កំពង់ផែ​ទេសចរណ៍​នេះ ឯកឧត្តម ចាន់ ជេ​ស្ដា អភិបាលខេត្ត កំពត​បាន​បញ្ជាក់ថា ផែ​ទេសចរណ៍​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រទេសជាតិ​ទាំងមូល ហើយ​វា​នឹង​ផ្ដល់​ការងារ​កាន់តែច្រើន​លើ​វិស័យ​ទេសចរណ៍​ដល់​ប្រជាជន​កម្ពុជា។ ឯកឧត្តម​ក៏បាន​បន្ថែមថា តាមរយៈ​កំពង់ផែ​នេះ វា​ក៏​ជា​ផ្នែក​មួយ​ដែល​នឹង​ស្រូបយក​ភ្ញៀវទេសចរ​អឺរ៉ុប​បាន​កាន់តែច្រើន​ផងដែរ ព្រោះ​កំពង់ផែ​នេះ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ជា​កញ្ចប់​ដែល​នាំ​ភ្ញៀវទេសចរ​ពី​ខេត្តកំពត​ទៅ​កោះត្រល់​ប្រទេស​វៀតណាម និង​ដែនសមុទ្រ​ប្រទេស​ថៃ​ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *