(ប្រទេសចិន)-មន្ទីរពេទ្យមួយនៅទីក្រុង Shenzhen បង្ហាញ រ៉ូបូត ដែលបំពាក់បច្ចេកវិទ្យាស្គាល់មុខមាត់ និងគ្រប់គ្រងកម្លាំង ជួយយកសំណាក COVID-19 ដោយសុក្រឹត និងស្វ័យប្រវត្ត។
រ៉ូបូត នេះ កំពុងតែជួយដល់ក្រុមបុគ្គលិកសុខាភិបាលក្នុងការយកសំណាករបស់អ្នកជំងឺ និងអ្នកជាប់សង្ស័យ ហើយវាគឺជា រ៉ូបូត យកសំណាកស្វ័យប្រវត្តិទាំងស្រុងដំបូងគេបង្អស់ក្នុងពិភពលោក។ រ៉ូបូត នេះ បំពាក់បច្ចេកវិទ្យាស្នូលចំនួនពីរគឺ បច្ចេកវិទ្យាសម្គាល់មុខមាត់ និងបច្ចេកវិទ្យាគ្រប់គ្រងកម្លាំង ដើម្បីកំណត់ទីតាំងដែលត្រូវយកសំណាក។ វាក៏មានបច្ចេកវិទ្យា deep-learning សម្រាប់ជួយកែសម្រួលលក្ខណៈសម្បត្តិរបស់ រ៉ូបូត ផងដែរ។
Sun Xizhuo ប្រធានមន្ទីរពេទ្យប្រជាជន Shenzhen Luohu បានឱ្យដឹងថា៖ «បច្ចេកវិទ្យាសម្គាល់មុខមាត់ នៅ ប្រទេសចិន ទំនើបណាស់ និងត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមព្រលានយន្តហោះ គយ និងសណ្ឋាគារ។ វាពិតជាសុក្រឹត»។
ដោយមានកាមេរ៉ា រ៉ូបូត នេះ អាចស្វែងរកឃើញទីតាំងច្រមុះរបស់អ្នកត្រូវយកសំណាក។ នេះបើតាមលោក Sun Xizhuo។
បច្ចេកវិទ្យាសំខាន់ទីពីររបស់ រ៉ូបូតនេះ គឺ ប្រព័ន្ធគ្រប់គ្រងកម្លាំង។ នៅពេលប្រដាប់ត្បារច្រមុះត្រូវបាននាំទៅដល់កន្លែងដែលបានកំណត់ ប្រព័ន្ធនឹងគណនាកម្លាំងក្នុងកម្រិត 0.2 Newton (N)។ អនាគត វានឹងអាចត្រូវបានសម្រួលទៅជា 0.19 N ឬ 0.21 N។
លោក Sun Xizhuo និយាយថា «ដោយសារតែ រ៉ូបូត បំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) យើងនឹងដាក់កម្មវិធីស្វែងយល់ស្វ័យប្រវត្តឱ្យវា។ រ៉ូបូត យកសំណាកកាន់តែច្រើន វានឹងកាន់តែស្ទាត់ជំនាញ ព្រោះតែមានបន្ថែមមុខងារ សិក្សាស៊ីជម្រៅ (deep learning)»។
វានឹងកត់ត្រារាល់សំណាកដែលធ្លាប់បានយកកន្លងមក។ ឧទាហរណ៍ បើសិនជា រ៉ូបូត យកសំណាករបស់មនុស្សណាម្នាក់ វានឹងស្គាល់សំណាកនោះនៅពេលយកលើកក្រោយ។ ជួនកាលនៅតំបន់ដែលមានហានិភ័យខ្ពស់ គេត្រូវការពិសោធ អាស៊ីតនុយក្លេអ៊ិក (Nucleic acid) រាល់ថ្ងៃ ឬ ពីរថ្ងៃម្ដង ដូច្នេះការគណនារបស់ រ៉ូបូត នឹងត្រូវបានកំណត់។
រ៉ូបូត នេះ ត្រូវបានបង្ហាញជាសាធារណៈកាលពីដើមខែកញ្ញា ហើយបច្ចុប្បន្ន វាកំពុងស្ថិតនៅក្នុងដំណាក់កាលពិសោធន៍។ COVID-19 នឹងអាចបាត់ខ្លួន ប៉ុន្តែ ជំងឺឆ្លងនឹងនៅតែបន្តកើតមាន។ រ៉ូបូត អាចជំនួសមនុស្ស ក្នុងការបំពេញភារកិច្ចទាំងឡាយណាដែលប្រឈមនឹងហានិភ័យខ្ពស់ និងងាយឆ្លងរោគ៕