ក្រុមហ៊ុនមួយរបស់ អាម៉េរិក គ្រោងនឹងបាញ់បង្ហោះប្រព័ន្ធបាឡុងហោះ (hot air balloon) ដែលមានភ្ជាប់បន្ទប់ជាយានជំនិះ សម្រាប់ដឹកភ្ញៀវឡើងទៅកាន់កម្ពស់ចាប់ពី 30,000 ម៉ែត្រ ដើម្បីគយគន់សណ្ឋានកោងរបស់ពិភពផែនដី។
World View Enterprises ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងស្រាវជ្រាវលម្ហអាកាសក្បែរទីអវកាសរបស់ សហរដ្ឋអាម៉េរិក នឹងផ្ដល់សេវាកម្មហោះហើរឡើងទៅកាន់ស្រទាប់ stratosphere ដោយប្រើប្រាស់ប្រព័ន្ធបាឡុងហោះភ្ជាប់នឹងបន្ទប់យាន ចាប់ពីឆ្នាំ 2024 ក្នុងនោះ ជើងហោះហើរនីមួយៗនឹងអូសបន្លាយពេលចាប់ពី 6 ទៅ 12 ម៉ោង ហើយសំបុត្រមានតម្លៃ 50,000 ដុល្លារ/កៅអី។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ទទួលបានការកក់ចំនួន 250 កៅអីរួចហើយ។ នេះបើតាម Business Insider ចុះផ្សាយកាលពីថ្ងៃទី 5 តុលា។
អ្នកទេសចរណ៍នឹងត្រូវបាននាំទៅកាន់កម្ពស់យ៉ាងតិច 30,000 ម៉ែត្រ ដើម្បីអាចមើលឃើញរូបរាងកោងរបស់ផែនដី នៅលើផ្ទៃអាកាសងងឹត។ ពួកគេនឹងអង្គុយក្នុងបន្ទប់ Explorer Capsule ជាយានដាក់អ្នកទេសចរណ៍ដែលដឹកដោយបាឡុងអេលីយ៉ូម ទំហំជិតប៉ុនទីតារាងបាល់។ ជើងហោះហើរនីមួយៗ នឹងអាចដឹកអ្នកទេសចរណ៍បានចំនួន 8 នាក់ និងអ្នកបើកបរ 2 នាក់។
ក្រុមហ៊ុននេះ គ្រោងនឹងបង្ហោះបាឡុងចំនួន 3,000 គ្រឿងជារៀងរាល់ឆ្នាំ។ បន្ទប់ជាយាននឹងត្រូវបានប្រើប្រាស់ឡើងវិញ ប៉ុន្តែ បាឡុង នឹងត្រូវប្រើប្រាស់តែម្ដងគត់។ នៅពេលត្រលប់មកកាន់ផែនដី ឆត្រយោងមួយឈុតដែលបំពាក់ប្រព័ន្ធកំណត់ទិស (GPS) នឹងនាំផ្លូវវាទៅដល់គោលដៅដែលបានកំណត់សម្រាប់ការចុះចត។
ជើងហោះហើរទៅកាន់បរិយាកាសក្បែរអវកាសរបស់ World View Enterprises នឹងមានផាសុកភាព និងភាពប្រណិតខ្លាំង។ នៅលើបន្ទប់ Explorer Capsule មានកាមេរ៉ាទំនើប តេឡេស្កុប Wi-Fi និងកន្លែងផ្គត់ផ្គង់អាហារ និងភេសជ្ជៈ។ Explorer Capsule អាចដឹកមនុស្សគ្រប់វ័យ និងស្ថានភាពសុខភាព។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន World View Enterprises៕