បន្ទាប់ពីប្រកាសខ្លួនជាអ្នកតំណាងចែកចាយផលិតផលរបស់ក្រុមហ៊ុន Apple សម្រាប់ទីផ្សារកម្ពុជារួចមក ក្រុមហ៊ុន Falcon Tech បានប្រកាសចេញនូវកម្មវិធីពិសេសបំផុតសម្រាប់ប្អូនៗសិស្ស-និស្សិតកម្ពុជានាឱកាសបវេសនកាលថ្មីឆ្នាំ 2017-2018 ជាមួយនឹងការបញ្ចុះតម្លៃលើផលិតផលទូរស័ព្ទ iPhone ដោយគ្រាន់តែបង្ហាញកាតសម្គាល់ខ្លួនសិស្ស-និស្សិតតែប៉ុណ្ណោះ។
លោក អ៊ូ ភានិត ប្រធានផ្នែកលក់នៃក្រុមហ៊ុន Falcon Tech បានឱ្យដឹងក្នុងថ្ងៃប្រកាសខ្លួនជាក្រុមហ៊ុនទទួលសិទ្ធិស្របច្បាប់ក្នុងការចែកចាយផលិតផល Apple Inc សម្រាប់ទីផ្សារកម្ពុជាកាលពីពេលកន្លងទៅថា ក្នុងនាមជាក្រុមហ៊ុនតំណាង Apple ដែលទើបទទួលបានសិទ្ធិ ខ្លួនចង់ផ្ដល់អ្វីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់កម្ពុជា ជាពិសេសសិស្ស-និស្សិតសម្រាប់ពេលបវេសនកាលថ្មីនេះតែម្ដង។ លោកបន្ដថា Falcon បានធ្វើការពិភាក្សាគ្នាជាយូរ មុននឹងសម្រេចចេញកម្មវិធី Back-To-School នេះ។
លោកថ្លែងថា៖«ជារឿងងាយស្រួលទេ ពេលមកជាវទូរស័ព្ទ ពួកគាត់គ្រាន់តែបង្ហាញកាតសិស្ស នោះម្ចាស់ហាងលក់នឹងធ្វើការបញ្ចុះតម្លៃឱ្យគាត់ហើយ»។
លោកបញ្ជាក់បន្ថែមថា ការផ្ដល់ជូននេះ ក្រុមហ៊ុនធ្វើឡើងសម្រាប់ការជាវទូរស័ព្ទ iPhone 6 ទំហំ 32GB ស៊េរីឆ្នាំ 2017 ដោយសិស្ស-និស្សិតនឹងទទួលបានការបញ្ចុះតម្លៃ 28 ដុល្លារពីក្រោមតម្លៃដើម 398 ដុល្លារ ជាមួយនឹងការធានារយៈពេលមួយឆ្នាំពី Apple និងធានាដូរថ្មីវិញក្នុងរយៈពេល 30ថ្ងៃ ក្នុងករណីមានបញ្ហាបច្ចេកទេស។ កម្មវិធីនេះនឹងធ្វើឡើងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2017 គ្រប់ហាងទូទាំងប្រទេស។ ក្រៅពីកម្មវិធីនេះ ប្រធានផ្នែកលក់នៃក្រុមហ៊ុន Falcon Tech ខាងលើបានឱ្យដឹងទៀតថា ក្រុមហ៊ុននឹងមានកម្មវិធីជាច្រើនទៀត ឆ្លាស់តាមផលិតផលដែលមានលក់សម្រាប់អ្នកប្រើប្រាស់កម្ពុជា៕