ទំហំនៃតម្លៃទ្រព្យសម្បត្តិរបស់នាង ប្រាកដជាធ្វើឱ្យអ្នកត្រូវជញ្ជក់មាត់កោតសរសើរ ក៏ប៉ុន្តែ បើទោះនាងមានគ្រប់យ៉ាងក៏ដោយ នារីដ៏ស្រស់ស្អាតរូបនេះ នៅតែមិនចង់យកគូស្រករ។
បង្ហាញវត្តមាននៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់ ជប៉ុន កាលពីឆ្នាំ 2019 Reiko Takashima ពេលនោះ មានអាយុទើបតែ 31 ឆ្នាំ តែនាងរកបានទ្រព្យជាង 4 ពាន់លានយ៉េន (ប្រហែល 35,750,000 ដុល្លារអាម៉េរិក) ពីមុខជំនួញផ្ទាល់ខ្លួន។ នៅ ជប៉ុន នាងត្រូវបានគេចាត់ទុកថា ជាស្រីស្អាតដែលមានទ្រព្យច្រើនជាងគេ។
Reiko គឺជាកូនស្រីមួយរូបនៅក្នុងគ្រួសារដែលមានការអប់រំខ្ពស់ ប្រកបដោយសណ្ដាប់ធ្នាប់។ នាងធ្លាប់បានទៅសិក្សារយៈពេល 6 ឆ្នាំ នៅ ប្រទេសអូស្ត្រាលី និង នូវែលសេឡង់ ព្រមទាំងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យល្បីឈ្មោះមួយនៅ ជប៉ុន។ Reiko ចេះភាសាបរទេសចំនួន 3 គឺ អង់គ្លេស អាល្លឺម៉ង់ និង បារាំង។
ក្នុងវ័យ 24 ឆ្នាំ Reiko បង្កើតក្រុមហ៊ុនផ្នែកគ្រឿងថែរក្សាសម្រស់ផ្ទាល់ខ្លួន។ តាមការគណនា ប្រាក់ចំណូលក្នុងឆ្នាំ 2019 នៃផ្នែកគ្រឿងថែរក្សាសម្រស់របស់ក្រុមហ៊ុននេះគឺ ប្រហែល 3 ពាន់លានយ៉េន (26,812,000 ដុល្លារអាម៉េរិក)។ ទន្ទឹមនឹងនេះ Reiko ថែមទាំងធ្វើជំនួញផ្នែកគ្រឿងលំអសម្រស់ ផលិតផលសម្រាប់អ្នកតមអាហារ ថែទាំសក់ជាដើម ក៏រកបានចំណូលច្រើនដល់នាងផងដែរ។ ក្នុងវ័យ 29 ឆ្នាំ Reiko បានក្លាយជាថៅកែស្រីនៃក្លឹបរាត្រីចំនួន 3 នៅ ជប៉ុន។
ដូច្នេះ ពុំមានអ្វីចម្លែកនោះទេ នៅពេលដែលនាងបានចំណាយប្រាក់រាប់លានយ៉េនដើម្បីថែរក្សាសម្ផស្ស ឬទិញសម្ភារថ្លៃៗសម្រាប់ខ្លួនឯង។ ម៉ាសដាំពេជ្រ និងត្បូងប្រណិតៗរបស់ Reiko មានតម្លៃ 150 លានយ៉េន (1,340,000 ដុល្លារ)។ ចំណែកចិញ្ចៀនទាំងអស់របស់នាង ក៏សុទ្ធតែមានតម្លៃខ្ទង់ 500 លានយ៉េន (4,468,000 ដុល្លារ) ដូចគ្នា។ នៅក្នុងផ្ទះរបស់ Reiko មានបន្ទប់មួយសម្រាប់រក្សាទុកកាបូបម៉ាក Hermes ចំនួន 200 ឈុត ហើយអ្វីដែលគួរទាក់ទាញជាងនេះ នោះគឺថា ពួកវាសុទ្ធតែជាផលិតផលកម្រ។
Reiko បានចែករំលែកអំពីជោគជ័យបច្ចុប្បន្នរបស់ខ្លួនថា កើតឡើងដោយបញ្ហាមួយកាលពីអតីតកាល។ កាលពីអាយុ 22 ឆ្នាំ នាងធ្លាប់ត្រូវបានមិត្តប្រុសម្នាក់ដែលនាងស្រលាញ់ពេញឧរា ចង្អុលមុខដោយត្រង់ និងរិះគន់ថា នាងជានារីកន្ធាត់ ហើយថា គាត់ខ្មាស់គេណាស់ នៅពេលដើរជាមួយនាងចូលទៅក្នុងក្លឹមរាត្រី។ ដោយសារតែអតីតកាលដ៏ជូរចាត់នេះហើយ ទើបធ្វើឱ្យ Reiko «ក្រោកឈរ» និងក្លាយជានារីដ៏ស្រស់ស្អាត រឹងមាំ និងទាក់ទាញចំណាប់អារម្មណ៍ជាងមុនឆ្ងាយ ហើយបន្ទាប់មក នាងមានទ្រព្យសម្បត្តិសម្បូរហូរហៀរ។
នៅក្នុងដំណាក់កាលជូរចត់ Reiko បានព្យាយាមសម្រកទម្ងន់ និងបានសុំចូលធ្វើការនៅក្នុងក្លឹប ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ក្រោយមក នាងក៏បានចូលធ្វើការក្នុងក្រុមហ៊ុនបរទេស។ ដោយសារតែមានជំនាញខាងទំនាក់ទំនង និងនិយាយភាសាបរទេសបានល្អ Reiko ក៏មានឱកាសរីកចម្រើនរហូតមកដល់សព្វថ្ងៃ។
មានសម្រស់ស្រស់សោភា មានសមត្ថភាព សម្បូរទ្រព្យ និងភាពឯករាជ្យ ប៉ុន្តែ នៅក្នុងវ័យ 33 ឆ្នាំ Reiko នៅតែមិនទាន់ចង់បានគូស្រករដដែល។ មិនដឹងថា នេះគឺដោយសាររបួសចាស់មិនទាន់សះ ឬយ៉ាងណានោះទេ តែនាងបានអះអាងថា ខ្លួនមិនមានចំណាប់អារម្មណ៍នឹងរឿងរៀបការ ហើយនាងក៏បានបញ្ជាក់អំពីការយល់ឃើញផ្ទាល់ខ្លួនថា៖ «មានតែប្រាក់ និងសុនកប៉ុណ្ណោះ ទើបមិនចេះក្បាត់យើង!»៕