ខ្ទង់វិនិយោគនានារបស់ត្រកូល Walton កំពុងតែត្រូវបានបង្ហើបបន្តិចម្ដងៗ ឱ្យដឹងថា នៅចុងខែមីថុនា ពួកគេកំពុងកាន់កាប់ភាគហ៊ុនដែលមានតម្លៃប្រាក់ជិត 5 ពាន់លានដុល្លារផ្សេងទៀត តាមរយៈក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិមួយដែលមិនមានឈ្មោះល្បី។
យោងតាមឯកសាររបស់ WIT LLC (Walton Investment Team) ជាក្រុមហ៊ុនវិនិយោគនៃត្រកូល Walton ដែលត្រូវបានដាក់ទៅកាន់គណៈកម្មការមូលបត្ររបស់ សហរដ្ឋអាម៉េរិក (SEC) កាលពីចុងខែធ្នូ ខ្ទង់វិនិយោគរបស់ត្រកូលនេះ មានតម្លៃ 3.8 ពាន់លានដុល្លារ។ ក្នុងឆ្នាំ 2021 តួលេខនេះបានកើនឡើង ហើយភាគច្រើនត្រូវបានវិនិយោគទៅលើមូលនិធិ ETF នានា ដែលមានចំណាយទាប ដូចជា Vanguard FTSE Emerging Markets និងមូលនិធិ ETF ដែលតាមដានមូលបត្របំណុលរយៈពេលខ្លី។ ក្រៅពីនេះ ត្រកូល Walton ក៏បានបង្ហើបឱ្យដឹងអំពីខ្ទង់ភាគហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន Apollo Global Management Inc., Snowflake Inc. និង China’s Pinduoduo Inc. ផងដែរ។
ត្រកូល Walton បច្ចុប្បន្នគឺជាគ្រួសារធំដែលមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោក ដោយកាន់កាប់ទ្រព្យតម្លៃ 238 ពាន់លានដុល្លារ នេះបើតាម Bloomberg Billionaires Index។ ទ្រព្យសម្បត្តិប្រមាណជិតពាក់កណ្ដាលរបស់ពួកគេ បានមកពីបណ្ដាញលក់រាយធំបំផុតរបស់ពិភពលោក នោះគឺ Walmart ដែលត្រូវបាន Sam Walton បង្កើតឡើងកាលពីឆ្នាំ 1950។ បច្ចុប្បន្ន ត្រកូលនេះកាន់កាប់ភាគហ៊ុន 48% នៅក្នុងក្រុមហ៊ុន Walmart។
ច្រើនឆ្នាំមកនេះ ត្រកូល Walton តែងតែនៅស្ងៀម ទាក់ទងនឹងខ្ទង់វិនិយោគរបស់ពួកគេ។ ប៉ុន្តែ ការស្ងាត់ស្ងៀមនេះមិនអាចអូសបន្លាយយូរទៀត ដោយសារតែពួកគេរកបានរាប់ពាន់លានដុល្លារពីការលក់ភាគហ៊ុននៅក្នុង Walmart។ ត្រកូលនេះបានលក់ភាគហ៊ុនដែលមានតម្លៃប្រហែល 6.5 ពាន់លានដុល្លារ ចាប់ពីឆ្នាំ 2020។ អ្នកជំនាន់ក្រោយរបស់ Sam Walton នៅតែកាន់កាប់ដោយផ្ទាល់នូវមូលបត្រចំនួន 1,334,480,250 ហ៊ុន នៅក្នុងបណ្ដាញ Walmart ដោយតម្លៃរបស់វា បានកើន 23 ពាន់លានដុល្លារក្នុងឆ្នាំ 2020 ព្រោះតែតម្លៃមូលបត្រកើនឡើងខ្ពស់។
មកដល់ពេលនេះ ព័ត៌មានស្ដីពីការវិនិយោគរបស់ WIT ទើបតែទទួលបានការយកចិត្តទុកដាក់ជាងមុន។ Walton Enterprises ដែលជាការិយាល័យតំណាងក្រុមហ៊ុនរបស់ត្រកូល Walton មិនបានបង្ហើបឱ្យដឹងអំពីតម្លៃសរុបនៃទ្រព្យដែលពួកគេកំពុងកាន់កាប់នោះទេ បើទោះឯកសារពន្ធរបស់បណ្ដាក្រុមហ៊ុនផ្សេងៗដែលទទួលបានទុនពី Walton Enterprises បង្ហាញថា ត្រកូល Walton កំពុងកាន់កាប់ភាគហ៊ុននៅក្នុងមូលនិធិបម្រុងនានាដែលគ្រប់គ្រងដោយ Tiger Global Management និង Viking Global Investors៕