(សហរដ្ឋអាម៉េរិក)-Air Protein ដែលជាក្រុមហ៊ុនធុរកិច្ចថ្មី ប្រើប្រាស់ ប្រូតេអ៊ីន ដែលបង្កើតឡើងពីខ្យល់បរិយាកាសតាមរយៈការបំប្លែង CO2 ទៅជាវត្ថុធាតុដែលមានសារជាតិបំប៉នដូចទៅនឹង ប្រូតេអ៊ីន របស់សាច់សត្វ។
បច្ចេកវិទ្យារបស់ Air Protein ត្រូវបានអភិវឌ្ឍឡើងទៅតាមគំនិតដែល NASA ធ្លាប់បានស្រាវជ្រាវកាលពីទសវត្សរ៍ឆ្នាំ 1960។ កាលណោះ ក្រុមអ្នកវិទ្យាសាស្ត្រស្វែងរកវិធីផ្គត់ផ្គង់អាហារដល់ក្រុមអវកាសចរដែលធ្វើការនៅទីអវកាស ហើយបានរកឃើញថា អាចប្រើប្រាស់បណ្ដុំមីក្រូជីវសាស្ត្រដើម្បីបំប្លែង កាបូនឌីអុកស៊ីត (CO2) ពីខ្យល់ដង្ហើមរបស់អ្នកអវកាស ឱ្យទៅជាអាហារ។ ដោយប្រើប្រាស់យន្តការដូចគ្នានេះ នៅលើផែនដី បច្ចេកវិទ្យាដែលអភិវឌ្ឍដោយ Air Protein អាចជួយកាត់បន្ថយផលប៉ះពាល់ដែលកើតឡើងពីវិស័យឧស្សាហកម្មម្ហូបអាហារ ដល់បរិស្ថាន។
បច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ ប្រហាក់ប្រហែលនឹងដំណើរការនៃការផលិតទឹកដោះគោជូ។ នៅខាងក្នុងអាងដំបែ បាក់តេរីធម្មជាតិស្រូបយក CO2 និងបញ្ចេញសារជាតិបំប៉ន អាចយកមកបង្កើតជាវត្ថុធាតុដែលផ្ទុក ប្រូតេអ៊ីន 80%។ មិនដូច ប្រូតេអ៊ីន របស់សណ្ដែកសៀង ឬ ប្រូតេអ៊ីន របស់រុក្ខជាតិដទៃ នេះគឺជា ប្រូតេអ៊ីន ពេញលេញ ដោយមាន អាស៊ីតអាមីណូ (amino acids) ដូចទៅនឹង ប្រូតេអ៊ីន ក្នុងសាច់គោ ឬសាច់មាន់ ប៉ុន្តែ វាមិនមាន អង់ទីប៊ីយូទិក និង អ័រម៉ូន។ CO2 ដែលប្រើប្រាស់នៅក្នុងដំណើរការនៃការផលិត អាចត្រូវបានយកមកពីបច្ចេកវិទ្យាប្រមូល CO2 ផ្ទាល់ពីខ្យល់បរិយាកាស។
បច្ចុប្បន្ន ផ្ទៃដី ¼ របស់ពិភពលោក កំពុងត្រូវបានប្រើប្រាស់ដើម្បីចិញ្ចឹមសត្វ, 1/3 ជាដីដាំដុះសម្រាប់ចិញ្ចឹមសត្វ។ ដោយសារតម្រូវការសាច់កាន់តែច្រើន មនុស្សត្រូវកាប់ព្រៃឈើយកដីមកដាំដុះ។ ឆ្នាំ 2050 មនុស្សនឹងបរិភោគសាច់សត្វច្រើនជាង 68% ធៀបនឹងឆ្នាំ 2010។ ប៉ុន្តែ បើសិនជាគេអាចផលិតសាច់ពីរោងចក្រដែលប្រើប្រាស់វិធីដូចក្រុមហ៊ុន Air Protein នេះ នោះមនុស្សអាចសំច័យប្រភពធនធាតធម្មជាតិបានយ៉ាងច្រើន។
Air Protein គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Kiverdi ជាក្រុមហ៊ុនមួយដែលប្រើប្រាស់វិធីសាស្ត្រដូចគ្នានេះ ដើម្បីបំប្លែង CO2 ទៅជាផលិតផលជំនួសឱ្យជ័រកៅស៊ូ និងវត្ថុធាតុដូចជាប្រេងដូង។ ក្រុមអ្នកស្រាវជ្រាវរបស់ Air Protein បានចំណាយពេលអស់ជាច្រើនឆ្នាំដើម្បីអភិវឌ្ឍ ប្រូតេអ៊ីន និងរូបមន្តសម្រាប់គំរូអាហាររបស់ពួកគេ។ ម្សៅ ប្រូតេអ៊ីន របស់ Air Protein មានរសជាតិស្រាលល្មម អាចប្រើប្រាស់ជាមួយនឹងអាហារច្រើនមុខក្រៅពីសាច់ ដូចជាការបន្ថែមវាទៅក្នុងគ្រាប់ ឬម្សៅធញ្ញជាតិ ឬមួយបន្ទះ ប្រូតេអ៊ីន ជាដើម។
បច្ចុប្បន្ន ក្រុមហ៊ុន Air Protein កំពុងស្វែងរកប្រភេទអាហារសមស្របដើម្បីអាចដាក់លក់ក្នុងទីផ្សារ។ នេះបើតាមនាយិកាប្រតិបត្តិ Lisa Dyson នៃក្រុមហ៊ុនមេរបស់ Air Protein៕