(កូរ៉េខាងត្បូង)-ក្រុមហ៊ុន Samsung កំពុងអភិវឌ្ឍវិធីសាស្ត្រ «ថតចម្លង» ប្រព័ន្ធខួរក្បាលរបស់មនុស្សទៅក្នុងឈីបរបស់កុំព្យូទ័រ ដោយមានជំនួយពីក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Harvard។
Samsung Electronics បង្ហាញវិធីសាស្ត្រថ្មីដើម្បីរក្សាទិន្នន័យរបស់ខួរក្បាលមនុស្សនៅក្នុងអង្គចងចាំខាងក្រៅ ដែលព័ត៌មាននេះត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Nature Electronics។ អត្ថបទសារព័ត៌មានដែលមានចំណងជើងថា «សរសៃប្រសាទអេឡិចត្រូនិកដែលយោងទៅតាមការថតចម្លងពីខួរក្បាល» (Neuromorphic electronics based on copying and pasting the brain) គឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យ Ham Don-hee នៅសាកលវិទ្យាល័យ Harvard, វិទ្យាស្ថានបច្ចេកវិទ្យាទំនើបរបស់ Samsung, សាស្ត្រាចារ្យ Park Hong-kun នៅសាកលវិទ្យាល័យ Harvard, Hwang Sung-woo នាយកប្រតិបត្តិរបស់ Samsung SDS និង Kim Ki-nam អនុប្រធានរបស់ក្រុមហ៊ុន Samsung Electronics។
អត្ថបទបានរៀបរាប់អំពីវិធីសាស្ត្រក្នុងការថតចម្លងផែនទីតភ្ជាប់ neuron ក្នុងខួរក្បាល ដោយប្រើបន្ទះឈីបអេឡិចត្រូនិកមហាសែនតូច ដែលអភិវឌ្ឍដោយសាស្ត្រាចារ្យ Ham និង សាស្ត្រាចារ្យ Park ហើយចម្លងផែនទីនេះទៅក្នុងប្រព័ន្ធអង្គចងចាំបីវិមាឌដែលមានដង់ស៊ីតេខ្ពស់។ តាមរយៈវិធីសាស្ត្រ «ថត និងចម្លង» នេះ ក្រុមស្រាវជ្រាវមានបំណងបង្កើតឈីបចងចាំមួយដែលត្រាបតាមចំណុចពិសេសៗរបស់ខួរក្បាលមនុស្ស ដូចជា ការប្រើប្រាស់ថាមពលតិច, រៀនសូត្របានងាយស្រួល, ស៊ាំនឹងបរិស្ថាន, សមត្ថភាពគ្រប់គ្រងខ្លួនឯង និងការយល់ដឹងជាដើម ដែលបច្ចុប្បន្ន ទាំងនេះនៅតែជារឿងដែលបច្ចេកវិទ្យាមិនទាន់ធ្វើបាន។ ប្រព័ន្ធខួរក្បាល រួមមាន neuron ក្នុងបរិមាណច្រើន និងប្រព័ន្ធសរសៃប្រសាទ ទទួលបន្ទុកក្នុងការប្រើប្រាស់មុខងារនានា។ យល់ច្បាស់អំពីប្រព័ន្ធនេះគឺជាកត្តាគន្លឹះដែលជួយក្នុងការរចនាខួរក្បាលនិម្មិត។
គោលដៅដំបូងនៃការស្រាវជ្រាវថ្មីរបស់ Samsung និងសាកលវិទ្យាល័យ Harvard គឺការធ្វើត្រាបតាមប្រព័ន្ធខួរក្បាល។ បណ្ដាញអេឡិចត្រូតអារ៉េ កម្រិត ណាណូ អាចត្រូវបានបញ្ជ្រាបចូលទៅក្នុង neuron ដើម្បីថតយករលកសញ្ញាអេឡិចត្រូនិករបស់ពួកគេ ប្រកបដោយសុក្រឹតភាពខ្ពស់។ ប្រព័ន្ធថតចម្លងនេះ ផ្ដល់ទិន្នន័យអំពីប្រព័ន្ធសរសៃប្រសាទ ទីតាំងរបស់ neuron ដែលតភ្ជាប់នឹងគ្នា រួមនឹងភាពខ្លាំងនៃការតភ្ជាប់។ ដោយការថតចម្លង ក្រុមស្រាវជ្រាវអាចបង្កើតផែនទីស្ដីពីការតភ្ជាប់របស់សរសៃប្រសាទ។
ផែនទីខាងលើ ក្រោយមក អាចត្រូវបាន «ចម្លង» ទៅកាន់ប្រព័ន្ធឈីបចងចាំ ដូចជា flash ពាណិជ្ជកម្ម (SSD) ឬអង្គចងចាំ RRAM។
ការស្រាវជ្រាវនេះនឹងអាចរកឃើញវិធីចម្លងផែនទី neuron របស់សរសៃប្រសាទ ទៅក្នុងប្រព័ន្ធអង្គចងចាំ។ នៅពេលត្រូវបានបញ្ជាផ្ទាល់ដោយរលកសញ្ញាដែលត្រូវបានកត់ត្រាពីកោសិកាខាងក្នុង ប្រព័ន្ធអង្គចងចាំអេឡិចត្រូនិក អាចសិក្សា និងបង្ហាញផែនទីតភ្ជាប់របស់ neuron។
ដោយសារតែខួរក្បាលមនុស្ស មានសរសៃប្រសាទ neuron ប្រហែល 100 ពាន់លាន និងចំនួនចំនុចតភ្ជាប់របស់សរសៃប្រសាទច្រើនជាងប្រហែល 1,000 ដង ដូច្នេះ ឈីបសរសៃប្រសាទនឹងត្រូវការ neuron និម្មិត និងតំណភ្ជាប់នៃសរសៃប្រសាទនិម្មិតរហូតដល់ 100 ទ្រីលាន (1 លានលាន) ឯណោះ។ ការបំពាក់អង្គចងចាំដ៏ធំនៅលើឈីបមួយគឺអាចទៅរួច ដោយសារថា នេះគឺជាបច្ចេកវិទ្យាមួយដែល Samsung កំពុងតែនាំមុខគេ៕