ភ្នំពេញ៖ ពិធីសែនក្បាលទឹកនៅឆ្នាំនេះត្រូវគេធ្វើឡើងនៅថ្ងៃទី5 ខែកញ្ញា ត្រូវនឹងថ្ងៃទី15 កើត ខែភទ្របទ-អស្សុជ ឆ្នាំរកា នព្ទស័ក ព.ស 2561 ដែលហៅជាភាសាចិនថា 中元节 (Zhong Yuan Jie) ដែលមានអត្ថន័យជាខ្មែរស្រដៀងទៅនឹងបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរដូច្នោះដែរ និងមានអត្ថន័យថា ជាបុណ្យខ្មោចដែលត្រូវបានប្រជាជនចិន វៀតណាម និងខ្មែរកាត់ចិនធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ។
បុណ្យនេះត្រូវបានគេធ្វើឡើងក្នុងខែ7របស់ចិននៅថ្ងៃ14កើត សម្រាប់ជនជាតិចិនកន្តាំង ហុកគៀន តែសម្រាប់បងប្អូនចិនទៀជាវវិញ គឺគេធ្វើនៅថ្ងៃ15កើត គឺនៅថ្ងៃទី5 កញ្ញានេះ។ តែដោយសារប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិនទៀជាវច្រើន ទើបគេនាំគ្នាធ្វើទាំងព្រមគ្នា ដោយកំណត់ក្នុងប្រតិទិនយកថ្ងៃ15កើតដូចៗគ្នា។
តើពិធីបុណ្យនេះគេធ្វើឡើងដើម្បីឧទ្ទិសទៅដល់អ្នកណា និងអាចសែនបានប៉ុន្មានដង?
បើតាមសៀវភៅប្រវត្តិសាស្ត្ររបស់ចិន ពិធីបុណ្យនេះគេអាចសែនព្រេនបាន2ដង គឺលើកទីមួយនៅពេលថ្ងៃសែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថាដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញប្រហាក់ប្រហែលនិងសែនព្រេនក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីប្រជាជនខ្មែរយើងដែរ។
ពិធីនេះគេមិនមែនធ្វើឡើងដើម្បីជួបជុំគ្នានៅតាមទីអារាមសាសនានោះទេ គឺធ្វើឡើងនៅតាមផ្ទះរៀងៗខ្លួន ដោយមិនចាំបាច់រៀបចំសម្អាតផ្ទះ ឬតាំងផ្កាភ្ញីលម្អអ្វីច្រើននោះទេ។ ការសែនព្រេនអាស្រ័យតាមគ្រួសារនីមួយៗ គ្រួសារខ្លះគេសែនផ្លែឈើនំនែកពីព្រឹក ហើយពេលថ្ងៃត្រង់ សែនបាយសម្លម្តងទៀត ក៏សន្មតថាចប់ ដោយមិនសែនពេលល្ងាចនោះទេ។ តែគ្រួសារខ្លះ ក៏សែនល្ងាចម្តងទៀតតាមជំនឿរៀងៗខ្លួន។ មិនខុសពីប្រពៃណីខ្មែរនោះទេ បន្ទាប់ពីការសែនព្រេនរួចហើយ គឺមានការដុតក្រដាស លុយ មាស ប្រាក់ សម្លៀកបំពាក់ គ្រឿងសក្ការៈបូជា និងតង្វាយផ្សេងៗ ខ្លះមានទាំងលិខិតឆ្លងដែន និងរថយន្តទំនើបទៀតផង ជាថ្នូរនិងការសុំមកវិញនូវសេចក្តីសុខចម្រើន និងសុភមង្គលក្នុងគ្រួសារ៕