Skip to content

លោក​សុខ ចិន្ដា​សោភា៖ CDC នឹង​បន្ត​ផ្តល់​បរិយាកាស​ល្អ​ដល់​អ្នកវិនិយោគ​កម្ពុជា

ភ្នំពេញៈ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ​សុខ ចិន្តា​សោភា បាន​ថ្លែងថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅតែ​បន្ត​បេសកកម្ម​របស់ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាពល្អ​ប្រសើរ​បន្តទៀត។

អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​ក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​វិស័យ​ឯកជន​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ថា ការធ្វើ​បច្ចុប្បន្នភាព​របស់​រាជ​រដ្ឋាភិបាល លើ​ប្រធានបទ​មួយចំនួន គឺ​កំពុង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ច​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច រួមមាន​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្តសំខាន់ៗ ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ចាប់តាំងពី​ឆ្នាំ2014 រហូតដល់​បច្ចុប្បន្ន តួលេខ​ចម្បង និងសំខាន់ៗ ការធ្វើ​ធុរកិច្ច ការវិនិយោគ​នៅ​កម្ពុជា និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ2015-2025។

លោក​បន្តថា “រាជរដ្ឋាភិបាល និង​ផ្នែក​វិស័យ​ឯកជន គឺជា​ដៃគូ​ដ៏​ចាំបាច់ និង​មិនអាច​ខ្វះ​បាន​ដែល​ត្រូវបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុងការ​រួមចំណែក​ដល់​ការជំរុញ​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​លូតលាស់​បន្ថែមទៀត។ លោក​បន្តថា “ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅតែ​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​សម្របសម្រួល​ធ្វើយ៉ាងណា​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាពអំណោយ​ផល​ក្នុងទិសដៅ​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស​ឲ្យ​មក​បណ្តាក់ទុន​កាន់តែ​ច្រើនឡើង។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​វិស័យ​ឯកជន ចាប់តាំងពី​ឆ្នាំ1999មក​បាន​ធ្វើឡើង​ចំនួន17ដង​រួចមកហើយ ក្នុងនោះ​ស្ថាប័ន​នេះ​គឺជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ពិនិត្យ និង​សម្រេច​ការងារ​នីតិសម្បទា អភិវឌ្ឍ និង​ការវិនិយោគ​នានា​ដែល​តម្រូវ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ធ្វើការ​ស្អិតល្មួត​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​ក្នុង និង​ក្រៅ​ស្រុក​ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *