(អូស្ត្រាលី)-ក្រុមហ៊ុនដឹកជញ្ជូនទំនិញដោយយន្តហោះដ្រូនមួយ ត្រូវផ្អាកដំណើរការរបស់ខ្លួននៅតំបន់ជាយក្រុងកង់បេរ៉ា (Canberra) ដោយសារតែការគំរាមកំហែងនៅលើអាកាស ពីសត្វក្អែកដែលចង់ការពារដែនដីរបស់ពួកវា។
បញ្ហាសត្វស្លាបហោះច្រាសពីអាកាស សំដៅអ្នកដំណើរនៅលើដីគឺជារឿងដែលកើតឡើងញឹកញាប់នៅប្រទេសអូស្ត្រាលី។ នៅក្នុងរដូវបន្តពូជ សត្វស្លាបជាច្រើនប្រភេទដូចជា សារិកាអាស៊ី-អឺរ៉ុប (Eurasian magpie) ជាដើម អាចវាយប្រហារអ្នកទាំងឡាយណាដែលចូលទៅក្បែរសម្បុករបស់ពួកវា។ សត្វក្អែកក៏មានទម្លាប់ការពារសម្បុក និងដែនដីរបស់ពួកវាដែរ។ ពេលខ្លះ សត្វក្អែក ថែមទាំងវាយប្រហារទៅលើយន្តហោះដ្រូនដឹកជញ្ជូនទំនិញទៀតផង។
នៅក្នុងវីដេអូ ដែលថតបានដោយ បែន រ៉ូបឺត (Ben Robert) ជាពលរដ្ឋរស់នៅក្នុងតំបន់ ហារីសុន (Harrison) ជាយក្រុងកង់បេរ៉ា បង្ហាញឱ្យឃើញថា សត្វក្អែកហោះទៅរកយន្តហោះដ្រូនដែលកំពុងត្រៀមចុះចតដើម្បីប្រគល់កាហ្វេឱ្យអតិថិជន។ ដ្រូនបន្ទាបខ្លួនបន្តិចម្ដងៗ និងត្រៀមទម្លាក់ថង់កាហ្វេ ប៉ុន្តែ ភ្លាមនោះ ក្អែកបានហោះមកចាប់ដ្រូន និងច្រាសប្រហារនៅកណ្ដាលអាកាស។
ការច្រាសប្រហារនេះកើតឡើងជាច្រើនវិនាទី។ ស្លាបកង្ហាររបស់ដ្រូនបន្លឺសំឡេងខ្លាំងជាងមុន នៅពេលវាព្យាយាមរក្សាលំនឹង។ បន្ទាប់មក សត្វក្អែកនេះក៏បានហោះចេញទៅ ហើយដ្រូនក៏អាចបន្ទាបថង់ទំនិញដោយខ្សែពួរ ដើម្បីប្រគល់ជូនអតិថិជន។
នេះមិនមែនជាករណីទីមួយនោះទេ ដែលថង់កាហ្វេរបស់ រ៉ូបឺត បានក្លាយជាគោលដៅវាយប្រហារពីសត្វស្លាប។ កន្លងមក ហ្វូងសត្វស្លាបក៏ធ្លាប់ព្យាយាមចូលទៅចាប់យន្តហោះដ្រូនដែលដឹកជញ្ជូនទំនិញឱ្យបុរសនេះ ហើយពួកវាទំនងជាចេះគេចពីស្លាបកង្ហារទៀតផង។
រដ្ឋធានីកង់បេរ៉ា កំពុងស្ថិតក្នុងអំឡុងពេលនៃការអនុវត្តបម្រាមគោចរដោយសារ COVID-19 នាំឱ្យតួលេខអ្នកបញ្ជាទិញទំនិញដែលដឹកជញ្ជូនដោយយន្តហោះដ្រូន មានការកើនឡើងខ្ពស់។ វីង (Wing) ដែលជាក្រុមហ៊ុនគ្រប់គ្រងយន្តហោះដ្រូន សម្រេចចិត្តផ្អាកដំណើរការនៅតំបន់ ហារីសុន នៅពេលរង់ចាំក្រុមអ្នកគ្រប់គ្រងសត្វស្លាប ពិនិត្យសកម្មភាពរបស់ហ្វូងសត្វដែលដូចទៅនឹងករណីរបស់ រ៉ូបឺត។ ក្រុមហ៊ុន វីង បានបង្ហាញអត្តសញ្ញាណរបស់សត្វក្អែកមួយចំនួនដែលធ្វើសកម្មភាពការពារដែនដីរបស់ពួកវា ហើយក្រុមហ៊ុននេះមានបំណងធ្វើឱ្យប៉ះពាល់តិចតួចបំផុតទៅលើការរស់នៅរបស់ពួកវា។
នីល ហឺមេស (Neil Hermes) ជាប្រធានអង្គការគ្រប់គ្រងសត្វស្លាប Canberra Ornithologists Group បានឱ្យដឹងថា សត្វក្អែកតែងតែវាយប្រហារវត្ថុ ឬមនុស្សដែលទៅជិតសម្បុករបស់វា។ ដូច្នេះ លោកយល់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន វីង គឺជារឿងត្រឹមត្រូវ ខណៈរង់ចាំសមត្ថកិច្ចពិចារណា និងដោះស្រាយ៕