ភ្នំពេញ៖ សៀមរាបជាទីក្រុងសម្បូរទៅដោយប្រសាទបុរាណបន្សល់ពីដូនតាដែលអាចទាក់ទាញទេសចរមកទស្សនាបានច្រើនជាងគេក្នុងចំណោមតំបន់ដែលមានប្រាង្គប្រាសាទបុរាណនានានៅលើពិភពលោក។
ដោយយោងទៅលើសក្តានុពលក្នុងការទាក់ទាញទេសចរនេះ រដ្ឋាភិបាលបានសម្រេចដាក់បញ្ចូលទីក្រុងសៀមរាបជាបេក្ខភាពក្នុងយុទ្ធនាការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ2018មួយក្នុងចំណោមទីក្រុងស្អាតដទៃទៀតរបស់កម្ពុជា។
ផែនការនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំការងារវិស័យទេសចរណ៍រដ្ឋ-ឯកជនកាលពីថ្ងៃទី04 ខែកញ្ញា ឆ្នាំ2017ម្សិលមិញ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ និងមន្ទីរជំនាញពាក់ព័ន្ធ នគរបាលទេសចរណ៍ ស្ថានកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ប្រតិបត្តិករទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍យុវជន និងទេសចរជាតិ-អន្តរជាតិសរុបប្រមាណ 350នាក់។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានារបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដោយផ្សារភ្ជាប់នូវកម្មវិធីផ្សព្វផ្សាយការប្រទ្បងប្រណាំងបង្គន់សាធារណៈកម្ពុជា ចលនាប្រទ្បងប្រណាំងទីក្រុងស្អាតទេសចរណ៍អាស៊ាន និងយុទ្ធនាការកម្ពុជាស្អាត Cambodia Clean-Up សម្រាប់ខេត្តសៀមរាបផងដែរ។
ខេត្តសៀមរាបត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដែលទាក់ទាញទេសចរណ៍គ្រប់ជាតិសាសន៍មកកម្សាន្ត។ ជាក់ស្តែងក្នុងរយៈពេល7ខែ ឆ្នាំ2017 ខេត្តសៀមរាបទទួលបានទេសចរសរុប 3,783,724នាក់ កើនទ្បើង 11.94% ធៀបនឹងឆ្នាំ2016 ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន 2,367,696នាក់ កើនទ្បើង 11.97% និងភ្ញៀវទេសចរអន្តរជាតិចំនួន 1,416,028នាក់ កើនទ្បើង 11.99%។
ក្នុងឱកាសនោះដែរ ឯកឧត្តម ថោង ខុន បានឯកភាពដាក់ចេញកម្មវិធីការងារចាត់តាំងអនុវត្ត ដើម្បីបេក្ខភាពខេត្តសៀមរាប ជាបេក្ខភាពចលនាប្រទ្បងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន 2018 មានដូចខាងក្រោម៖
1៖ បន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចល្អដល់ភ្ញៀវទេសចរ។
2៖ បន្តពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមគោលដៅទេសចរណ៍សំខាន់ ដោយទប់ស្កាត់ឲ្យបាននូវការប្រើប្រាស់ដីចំណីផ្លូវសម្រាប់ធ្វើអាជីវកម្ម ការចតម៉ូតូ រ៉ឺម៉ក រថយន្ត គ្មានសណ្តាប់ធ្នាប់ និងបន្តរៀបចំឲ្យមានផ្លូវដើរសម្រាប់ទេសចរឲ្យបានច្រើន ពិសេសពង្រឹងសណ្តាប់ធ្នាប់នៅតំបន់ផាប់ស្ទ្រីត។ ក្នុងនោះលោក ឃឹម ប៊ុនសុង បានដាក់ចេញនូវឱសានវាទត្រឹមដើមខែតុលា ឆ្នាំ2017 ឲ្យអាជីវកម្មទាំងអស់ដែលបំពានយកដីចំណីផ្លូវ ត្រូវរុះរើជាបន្ទាន់ និងដាច់ខាត និងទប់ស្កាត់ឲ្យបាននូវការរំខានដោយសំឡេងដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអាជីវកម្មដទៃទៀត ដោយចុះធ្វើការណែនាំដល់ទីតាំងផ្ទាល់ ក្នុងនោះរដ្ឋបាលខេត្តសៀមរាបនឹងចាត់វិធានការច្បាប់ចំពោះម្ចាស់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដែលបន្តមិនគោរពតាមការណែនាំអប់រំកិច្ចសន្យា ដោយអាចឈានដល់ការបិទអាជីវកម្មតែម្តង។
3៖ រៀបចំយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងសំណល់រឹង ពិសេសយន្តការប្រមូលសំរាមក្នុងតំបន់ទីប្រជុំជន ផ្សារ និងតំបន់ដែលមានការឆ្លងកាត់ញឹកញាប់ និងបន្តគាំទ្រការពារ និងការគ្រប់គ្រងបរិស្ថាន និងសំរាមនៅតំបន់ចុងឃ្នាស និងភ្ជាប់តំបន់ទន្លេសាប។
4៖ បន្តពង្រឹង និងពង្រីកការសាងសង់បង្គន់សាធារណៈឲ្យបានគ្រប់គ្រាន់ ពិសេសតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តសៀមរាប យ៉ាងហោចឲ្យបានបង្គន់សាធារណៈកម្ពុជា 8-10កន្លែងទៀត ឲ្យស្របតាមស្តង់ដារបង្គន់សាធារណៈកម្ពុជា និងស្តង់ដារបង្គន់សាធារណៈអាស៊ាន ដោយជ្រើសទីតាំងឲ្យបានស្របនឹងចំនួនទេសចរដែលរួមជាមួយនឹងមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ស្ថានីយចំណតរថយន្ត ឬមជ្ឈមណ្ឌលពាណិជកម្ម ឬនៅដាច់ដោយឡែក។
5៖ ពង្រឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ក្នុងនោះទប់ស្កាត់ក្មេងលក់ដូររំខានដល់ភ្ញៀវទេសចរដែលអាជ្ញាធរជាតិអប្សរា និងបន្តសហការជាមួយផ្នែកពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច និងអតីតយុវជន និងអង្គការនានា ដើម្បីរៀបចំ និងដាក់ចេញនូវវិធានការអប់រំ និងវិធានការរដ្ឋបាលជំនួសដោយការផ្តល់ការអប់រំដល់ក្មេងៗ និងមុខរបរជំនួសសម្រាប់ឱពុកម្តាយក្មេងៗនោះ។ បន្តគាំទ្រការអភិវឌ្ឍសហគមន៍ទេសចរណ៍នៅតំបន់បន្ទាយស្រី ដោយតម្រូវឲ្យមានការសហការគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអប្សរា និងកិច្ចសហការជាមួយស្ថាប័នជំនាញ ពិសេសមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម មន្ទីរធនធានទឹក។ល។
6៖ ដើម្បីគាំទ្រលើការដោះស្រាយបញ្ហាប្រឈមនានា ដែលលើកទ្បើងដោយវិស័យឯកជនពាក់ព័ន្ធ និងសម្រាប់អនាម័យបរិស្ថាននៅក្រុងសៀមរាប អង្គប្រជុំបានឯកភាព និងគាំទ្រយុទ្ធនាការកម្ពុជាស្អាត Cambodia Clean-Up ដោយព្រមព្រៀងបង្កើតក្រុមការងារអចិន្ត្រៃយ៍រួមទាំងរដ្ឋបាលខេត្តសៀមរាប ផ្នែកឯកជន ភ្ញៀវទេសចរ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចាត់តាំងអភិវឌ្ឍឲ្យមានជាកម្មវិធីជាប្រចាំរៀងរាល់ចុងសប្តាហ៍។
7៖ ដើម្បីគាំទ្របេក្ខភាពទីក្រុងសៀមរាបក្នុងចលនាប្រទ្បងប្រណាំងទីក្រុងស្អាត រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តគិតគូរ និងរៀបចំឲ្យមានបង្គន់សាធារណៈស្របតាមស្តង់ដារ កន្លែងហាត់ប្រាណ សួនច្បារ តំបន់បៃតងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចំណតរថយន្ត ផ្លូវថ្មើរជើង និងពង្រឹងយន្តការគ្រប់គ្រងការប្រមូលសំរាមក្នុងក្រុងសៀមរាបឲ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា ទន្ទឹមនឹងការគិតគូរដោយការពង្រឹងការគ្រប់គ្រងក្នុងក្រុងសៀមរាប និងតំបន់អង្គរឲ្យស្អាត និងបៃតងចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ឲ្យបានច្រើនថែមទៀត ពិសេសសហគមន៍ទេសចរណ៍ដែលមានសក្ដានុពលនៅតំបន់ជុំវិញខេត្តសៀមរាប ក្នុងនោះមានសហគមន៍ជ្រាវ សហគមន៍កំពង់ភ្លុក និងសហគមន៍បន្ទាយស្រី សហគមន៍ទេសចរណ៍ចុងឃ្នាសជាដើម និងគោលដៅអេកូទេសចរណ៍ព្រែកទាល់ ភ្នំគូលែន ដើម្បីបង្កើតជាផលិតផលទេសចរណ៍ថ្មីផ្តល់ជូនភ្ញៀវទេសចរ និងតាមរយៈសហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ថ្មីៗទាំងនោះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក និងចូលរួមដល់កិច្ចការពារ អភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព៕