ទាំងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងខ្សែប្រយុទ្ធឆ្នើមចាន់ វឌ្ឍនាការ សុទ្ធសឹងបានអំពាវនាវឲ្យអ្នកគាំទ្របង្ហាញពីភាពស្មោះត្រង់ និងបង្ហាញពីការគាំទ្រយ៉ាងពិតប្រាកដ នៅពេលជួបជាមួយនឹងក្រុមជម្រើសជាតិវៀតណាម ក្នុងការប្រកួតជម្រុះ Asian Cup ជុំទី3 ក្នុងពូល C នាពហុកីឡដ្ឋានជាតិអូឡាំពិក នៅពេលល្ងាចនេះ។
ក្រោយពីទទួលបានលទ្ធផលដ៏សែនខកចិត្តក្នុងយុទ្ធនាការស៊ីហ្គេមកាលពីពេលថ្មីៗនេះរួចមក លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមកម្ពុជាបានស្នើឲ្យអ្នកគាំទ្ររបស់ខ្លួនបង្ហាញភាពជាអ្នកកីឡា និងចូលរួមគាំទ្រដោយភាពស្មោះត្រង់។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «អ្នកគាំទ្រត្រូវបានបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន និងមិនគួរប្រើប្រាស់កាយវិការមិនសមរម្យណាមួយឡើយ។ យើងត្រូវតែបង្ហាញពីការជឿជាក់លើក្រុមរបស់យើង»។ ប៉ុន្តែ ទាំងគ្រូបង្វឹកថ្មីរបស់វៀតណាម និងគ្រូបង្វឹករបស់កម្ពុជា សុទ្ធសឹងរំពឹងទុកថា ការប្រកួតនៅថ្ងៃអង្គារនេះ នឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយក្រុមទាំងពីរត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រកួតដ៏តានតឹងមួយនេះ។
លោក Mai Duc Chung ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់វៀតណាម ជំនួសលោក Nguyen Huu Thang នោះ បានឲ្យដឹងថា៖ «យើងមិនអាចមើលស្រាលទៅលើក្រុមម្ចាស់ផ្ទះបានឡើយ ខណៈដែលកាលពីពេលថ្មីៗនេះ ពួកគេបានបង្ហាញភាពរឹងមាំរបស់ខ្លួន តាមរយៈការផ្តួលក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន លើទឹកដីខ្លួនឯង»។
ក្រុមជម្រើសជាតិកម្ពុជា នឹងឈានទៅកាន់ការប្រកួតនេះដោយការស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ក្នុងពូល ដោយមាន3ពិន្ទុ ពី2ប្រកួត បន្ទាប់ពីបានយកឈ្នះលើក្រុមអាហ្វហ្គានីស្ថាន 1-០ កាលពីខែមិថុនា និងចាញ់ហ្ស៊កដានី 7-០ កាលពីថ្ងៃបើកឆាក។ ប៉ុន្តែ ក្រុមម្ចាស់ផ្ទះ នឹងឈានទៅកាន់ការប្រកួតនេះទាំងការជឿជាក់ ខណៈដែលតារាឆ្នើម វឌ្ឍនាការ ក៏ត្រៀមបង្ហាញខ្លួនផងដែរ។ ក្រោយពីបានស្នើសុំឲ្យអ្នកគាំទ្រចូលរួមទស្សនា ក៏ដូចជាបន្តគាំទ្រក្រុមកម្ពុជា វឌ្ឍនាការ បានឲ្យដឹងថា៖ «វៀតណាមជាក្រុមខ្លាំង ប៉ុន្តែខ្ញុំក៏បានត្រៀមលក្ខណៈសម្រាប់ការប្រកួតនេះរួចហើយដែរ»។
ក្រុមជម្រើសជាតិវៀតណាម នឹងឈានទៅកាន់ការប្រកួតនេះដោយមាន2ពិន្ទុ ពីការប្រកួត2លើក ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើពេលជួបក្រុមខ្លាំងហ្ស៊កដានី និងអាហ្វហ្គានីស្ថាន។ ក្នុងការជួបគ្នាជាលើកចុងក្រោយរវាងក្រុមទាំងពីរកាលពីឆ្នាំ2016 វៀតណាមបានយកឈ្នះលើកម្ពុជា 2-1៕