(ហ្វាំងឡង់)-អ្នកវិទ្យាសាស្ត្រមួយក្រុម យកកោសិការបស់ដើមកាហ្វេរស់ និងអភិវឌ្ឍវានៅក្នុងបន្ទប់ពិសោធន៍ ហើយក៏បង្កើតបានកាហ្វេដែលមានក្លិនឈ្ងុយដូចកាហ្វេពិតៗដែលមាននៅលើទីផ្សារ។
បណ្ឌិត Heiko Rscher ប្រធានផ្នែកបច្ចេកវិទ្យាជីវសាស្ត្ររុក្ខជាតិ ប្រចាំវិទ្យាស្ថានស្រាវជ្រាវ VTT នៃប្រទេសហ្វាំងឡង់ កំពុងទទួលខុសត្រូវលើគម្រោងស្រាវជ្រាវទាក់ទងនឹងការផលិតកាហ្វេនៅក្នុងបន្ទប់ពិសោធន៍។ កាលពីសប្ដាហ៍មុន ការប្រឹងប្រែងរបស់ពួកគេ ទទួលបានផ្លែផ្កាគួរឱ្យពេញចិត្ត នៅពេលបង្កើតបានកាហ្វេមួយពែងដំបូងដែលមានរសជាតិ និងក្លិនដូចទៅនឹងកាហ្វេដែលផលិតពីគ្រាប់របស់ដើមកាហ្វេពិត។ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 20 កញ្ញា។
ពិភពលោកផលិតកាហ្វេជិត 10 ពាន់លានគីឡូក្រាម ជារៀងរាល់ឆ្នាំ ហើយតម្រូវការនេះនឹងកើនឡើងនាពេលខាងមុខ។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ មនុស្សនឹងត្រូវកាប់ព្រៃបន្ថែមទៀតដើម្បីដាំដើមកាហ្វេ។
បច្ចេកវិទ្យាថ្មីរបស់ បណ្ឌិត Heiko Rscher បានបង្ហាញអំពីរូបមន្តនៃ «កសិកម្មកោសិកា» ក្នុងនោះ បណ្ដាផលិតផលត្រូវបានផលិតឡើងដោយការចិញ្ចឹមកោសិកាដែលមិនមែនជាសត្វ ឬរុក្ខជាតិពិត។ ដូច្នេះ ដំណើរការនេះត្រូវការថាមពល ទឹក និងបញ្ចេញឧស្ម័នក្នុងកម្រិតទាប។
«គំនិតនៅទីនេះគឺ ការប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រជំនួសឱ្យការដាំដុះបែបបុរាណដើម្បីផលិតអាហារ។ ដំណោះស្រាយនេះ ទាមទារទឹក និងសកម្មភាពដឹកជញ្ជូនតិចជាងធម្មតា។ ពួកវាក៏មិនពឹងផ្អែកលើរដូវកាល និងមិនត្រូវការថ្នាំសម្លាប់សត្វល្អិត» លោក Riscer បកស្រាយដូច្នេះ។
លោកបន្ថែមថា៖ «ដំណើរការនៃការផលិតគឺ ត្រូវប្រើប្រាស់កោសិកាពិតរបស់ដើមកាហ្វេរស់។ កោសិកាដំបូងត្រូវបានចិញ្ចឹមដោយផ្សាំពីផ្នែកមួយរបស់ដើមកាហ្វេ ដូចជាស្លឹកជាដើម។ បន្ទាប់មក កោសិកានឹងដុះឡើងច្រើននៅក្នុងបរិស្ថានដែលមានសារធាតុចិញ្ចឹមសមស្រប។ ចុងក្រោយ ពួកវាត្រូវបានដឹកទៅកាន់រោងចក្រប្រតិកម្មជីវសាស្ត្រដើម្បីប្រមូលផល។ បន្ទាប់មក កោសិការបស់កាហ្វេត្រូវបានគេសម្ងួត និងលីង រួចហើយ អាចយកមកឆុងជាកាហ្វេបាន»។
Rischer បញ្ជាក់ថា៖ «យោងតាមសេណារីយោដែលប្រកបដោយសុទិដ្ឋិនិយមបំផុត ផលិតផលមួយសម្រាប់សកម្មភាពពាណិជ្ជកម្ម អាចនឹងត្រៀមរួចរាល់ដើម្បីបង្ហាញខ្លួននៅក្នុងរយៈពេល 4 ឆ្នាំខាងមុខ»៕