(អង់គ្លេស)-បុរស និងស្ត្រីជាង 800 នាក់ នាំគ្នាអាក្រាតកាយ នៅឈូងសមុទ្រ Druridge ដើម្បីទទួលអំណរថ្ងៃនៃរដូវស្លឹកឈើជ្រុះ «Autumnal Equinox» ខាងមុខ។
មនុស្សរាប់រយនាក់ ប្រមូលផ្ដុំគ្នាទស្សនាការរាំរែកនៅជុំវិញភ្លក់ភ្លើងមុនពេលដោះសម្លៀកបំពាក់ទាំងអស់ និងត្រាំខ្លួនក្នុងទឹកនៅឈូងសមុទ្រ Druridge ក្នុងតំបន់ Northumberland ភាគឦសាននៃប្រទេសអង់គ្លេស កាលពីថ្ងៃទី 19 កញ្ញ។ សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងបំណងអបអរថ្ងៃ Autumnal Equinox ជាថ្ងៃដំបូងនៃរដូវស្លឹកឈើជ្រុះដែលនឹងកើតឡើងនៅថ្ងៃទី 22 កញ្ញា។ យោងតាមវិទ្យាសាស្ត្រអឺរ៉ុប Autumnal equinox ឬ September Equinox ឬក៏ Fall Equinox គឺជាថ្ងៃដំបូងនៃរដូវស្លឹកឈើជ្រុះនៅអឌ្ឍគោលខាងជើង។
ក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយនៅលើឆ្នេរសមុទ្រ ដើម្បីត្រៀមបង្ការ និងសង្គ្រោះនៅពេលមានហេតុការណ៍គ្រោះថ្នាក់កើតឡើង ប៉ុន្តែ ពុំមានបញ្ហាណាមួយនោះទេនៅក្នុងព្រឹត្តិការណ៍នេះ។
ពិធីបុណ្យអាក្រាតកាយដ៏ធំដែលត្រូវបានធ្វើឡើងដើម្បីអបអររដូវស្លឹកឈើជ្រុះនៅឈូងសមុទ្រ Druridge បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ បន្ទាប់ពីត្រូវបានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ 2012 ដើម្បីរៃអង្គាសប្រាក់ជូនដល់អង្គការមនុស្សធម៌ដែលធ្វើការខាងសុខភាពផ្លូវចិត្ត MIND។
កាលពីឆ្នាំ 2020 ព្រឹត្តិការណ៍នេះត្រូវបានគេលុបចោលបណ្ដោះអាសន្ន ដោយសារតែបម្រាមគោចរ។ ឆ្នាំ 2019 ព្រឹត្តិការណ៍នេះទាក់ទាញបានអ្នកចូលរួមជាង 700 នាក់។
«គ្រប់យ៉ាងពិតជាអស្ចារ្យ និងប្រព្រឹត្តទៅយ៉ាងរលូន។ យើងមានគ្នាចូលរួមយ៉ាងតិច 820 នាក់ បើទោះតួលេខចុងក្រោយមិនទាន់ប្រកាស» Jax Higginson អ្នកគ្រប់គ្រងព្រឹត្តិការណ៍ និយាយដូច្នេះ និងបន្ថែមថា ឆ្នាំនេះអាចរៃអង្គាសបានប្រាក់ប្រហែល 20,000 ផោន ស្មើនឹងជាង 27,000 ដុល្លារអាម៉េរិក សម្រាប់ជួយដល់មូលនិធិ MIND៕