Douyin ដែលជាកំណែសម្រាប់អ្នកប្រើប្រាស់នៅប្រទេសចិន របស់ TikTok បានប្រកាសថានឹងកាត់បន្ថយពេលវេលានៃការប្រើប្រាស់របស់ក្មេងដែលមានអាយុក្រោម 14 ឆ្នាំ ដោយអនុញ្ញាតឱ្យពួកគេលេងត្រឹមតែ 40 នាទីប៉ុណ្ណោះ ក្នុង 1 ថ្ងៃ។
ByteDance ជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Douyin កាលពីថ្ងៃទី 18 កញ្ញា បានប្រកាសអនុវត្តគោលការណ៍សម្រាប់ក្មេងជំទង់ ក្នុងនោះ អ្នកប្រើប្រាស់បណ្ដាញសង្គម TikTok កំណែសម្រាប់ប្រទេសចិន ដែលមានអាយុក្រោម 14 ឆ្នាំ អាចលេង Douyin បានតែ 40 នាទីប៉ុណ្ណោះក្នុង 1 ថ្ងៃ ក្នុងអំឡុងពេលពីម៉ោង 6 ព្រឹក ដល់ម៉ោង 22 យប់។
Douyin បានដាក់មុខងារមួយចំនួនដូចគ្នានេះដែរ តាំងពីឆ្នាំ 2018 ប៉ុន្តែ ជាមុខងារដែលអាចជ្រើសរើសបាន។ ការកំណត់ខាងលើដែលនឹងអនុវត្តចំពោះអ្នកប្រើប្រាស់ចុះឈ្មោះពិត និងមានអាយុក្រោម 14 ឆ្នាំនេះ ត្រូវបានធ្វើឡើងដើម្បីការពារក្មេងៗពីខ្លឹមសារអាក្រក់។
ក្នុងរយៈពេល 40 នាទីរៀងរាល់ថ្ងៃ Douyin នឹងណែនាំដល់អ្នកប្រើប្រាស់នូវខ្លឹមសារដែលសម្បូរចំណេះដឹង ដូចជា ការពិសោធផ្នែកវិទ្យាសាស្ត្រ ឬពិព័រណ៍សារមន្ទីរ និងមេរៀនប្រវត្តិសាស្ត្រជាដើម។ Douyin អំពាវនាវឱ្យអាណាព្យាបាលគ្រប់រូប ចុះឈ្មោះ និងអាយុពិតរបស់កូន ដើម្បីជួយគាំទ្រដល់គោលការណ៍ថ្មីរបស់បណ្ដាញសង្គមមួយនេះ។
ការកំណត់ខាងលើរបស់ Douyin ត្រូវបានធ្វើឡើងនៅពេលរដ្ឋាភិបាលចិន ស្វែងរកវិធីគ្រប់គ្រងបណ្ដាក្រុមហ៊ុនបណ្ដាញសង្គមដែលផ្ដល់ខ្លឹមសារលើអ៊ីនធើណិតនៅប្រទេសចិន ដោយចោទពួកគេថា រំលោភច្បាប់ប្រឆាំងការរកស៊ីផ្ដាច់មុខ បញ្ហាការពារទិន្នន័យ និងកម្លាំងពលកម្ម។
ប្រទេសចិន កាលពីខែមិថុនា បានធ្វើវិសោធនកម្មច្បាប់ការពារអនីតិជន ដោយស្នើដល់ក្រុមអ្នកផ្គត់ផ្គង់ខ្លឹមសារឌីជីថល បំពាក់ឧបករណ៍គ្រប់គ្រងពេលវេលានៃការប្រើប្រាស់របស់អតិថិជន កាត់បន្ថយមុខងារមួយចំនួន និងកាត់បន្ថយការលក់ផលិតផលចំពោះអ្នកប្រើប្រាស់ដែលមានអាយុក្រោម 18 ឆ្នាំ។
កម្មវិធី (App) ចែករំលែកវីដេអូ Kuaishou របស់ក្រុមហ៊ុន Kuaishou Technology ដែលជាគូប្រជែងធំនៅប្រទេសចិន របស់ Douyin បានកំណត់របបសម្រាប់ក្មេងមិនទាន់គ្រប់អាយុ ដូចទៅនឹង Douyin តាំងពីឆ្នាំ 2019 ក្រោមរូបភាពអាចជ្រើសរើសបាន។ ចំណែក WeChat ដែលជាកម្មវិធីទាក់ទងគ្នាដ៏ល្បីល្បាញនៅប្រទេសចិន របស់ក្រុមហ៊ុន Tencent, TokTik ដែលជាកំណែអន្តរជាតិរបស់ Douyin ជាដើម ក៏បាន និងកំពុងអនុវត្តគោលការណ៍នានាដើម្បីជួយការពារអនីតិជនផងដែរ៕