ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1990 បងប្អូនពីរនាក់របស់គ្រួសារត្រកូល Boersma សន្សំបានប្រាក់មួយចំនួនដើម្បីទិញរទេះរុញមួយគ្រឿង និងម៉ាស៊ីនឆុងកាហ្វេ espresso មួយគ្រឿង ដើម្បីលក់កាហ្វេតាមដងផ្លូវ។ ពួកគេចាប់ផ្ដើមលក់កាហ្វេនៅក្នុងទីក្រុង Grants Pass (Oregon)។ មិនយូរប៉ុន្មាន ពួកគេទិញបានរទេះរុញរហូតដល់ 5 គ្រឿងដើម្បីលក់កាហ្វេ។
Dane និង Travis Boersma គឺជាកសិករចិញ្ចឹមគោយកទឹកដោះ ជំនាន់ទីបីរបស់គ្រួសារ។ នៅពេលស្វែងរកការងារសមស្របមួយធ្វើនឹងគេ ក្រៅពីកិច្ចការចិញ្ចឹមគោរបស់គ្រួសារ ពួកគេសម្រេចចិត្តសាកល្បងកម្លាំងជាមួយនឹងកាហ្វេ។ ពួកគេក្រោយមកក៏រកបានប្រាក់ដែលអាចសន្សំ និងចាយវាយសម្រាប់ពិធីកំសាន្តធំៗបាន។
បន្ទាប់ពីបងប្រុស Dane បានស្លាប់ដោយសារជំងឺស្វឹតដៃជើង Travis ក៏បន្តមុខរបរប្រចាំថ្ងៃ។ បច្ចុប្បន្ន យីហោ Dutch Bros Inc. របស់ Travis គ្រប់គ្រងហាងចំនួន 471 កន្លែង នៅពាសពេញតំបន់ភាគខាងលិចនៃទឹកដី សហរដ្ឋអាម៉េរិក ដោយរកចំណូលបានជាង 400 លានដុល្លារក្នុងមួយឆ្នាំ។
មូលបត្ររបស់ក្រុមហ៊ុននេះ ផ្ដើមដាក់ឱ្យជួញដូរចាប់ពីថ្ងៃទី 15 កញ្ញា នៅលើផ្សារហ៊ុន NYSE ដោយមានឈ្មោះកូដ BROS។ តម្លៃមូលបត្រនេះបានកើនឡើងដល់ 34.01 ដុល្លារ/ហ៊ុន កើន 48% ធៀបនឹងពេលមានវត្តមានក្នុងផ្សារហ៊ុនដំបូង ដែលនេះបាននាំឱ្យតម្លៃមូលធនទីផ្សាររបស់ Dutch Bros ឡើងដល់ 5.6 ពាន់លានដុល្លារអាម៉េរិក។ Travis អាយុ 50 ឆ្នាំ បច្ចុប្បន្នគឺជាម្ចាស់ហ៊ុនធំជាងគេ ដោយមានភាគហ៊ុនតម្លៃ 2.3 ពាន់លានដុល្លារ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់អំពីចំនួនភាគហ៊ុនដែលលោកកំពុងកាន់កាប់នៅឡើយ។
ដោយមានគូប្រជែងធំៗ ដូចជា Starbucks, Dunkin’ និង Peet’s Coffee & Tea ជាដើម ទីផ្សារកាហ្វេនៅ សហរដ្ឋអាម៉េរិក ហាក់ពិបាកឱ្យគេលោតចូលរកស៊ី។ ប៉ុន្តែ Dutch Bros បែរជាបង្កើតបានទីផ្សារពិសេសដោយឡែក (niche market) ជាមួយនឹងអរិយធម៌ដែលគេហៅថា «Dutch Luv»។ ហាងកាហ្វេរបស់ Dutch Bros សុទ្ធតែដំណើរការដោយប្រើរូបមន្ត «អតិថិជនបើកឡានមកទិញយកទៅផ្ទះ» ដោយ Dutch Bros លក់តែភេសជ្ជៈត្រជាក់។
ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះគឺ 6.3 លានដុល្លារ នៅក្នុងចំណូលសរុប 404.5 លានដុល្លារសម្រាប់រយៈពេល 12 ខែ គិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 ខណៈដែលប្រាក់ចំណូលក្នុងឆ្នាំ 2018 មានត្រឹមតែ 186 លានដុល្លារ។
ក្រុមហ៊ុននេះ យកចិត្តទុកដាក់ខ្ពស់ទៅលើការពេញចិត្ត និងឱកាសរីកចម្រើនរបស់បុគ្គលិក។ អត្រាសុំឈប់ពីការងាររបស់ Dutch Bros ស្មើនឹង 40% ទាបជាងឆ្ងាយ បើធៀបនឹងអត្រាជាង 100% នៅក្នុងវិស័យទាំងមូល។ នេះបើតាមអ្នកវិភាគ Michael Galen មកពី Bloomberg Intelligence។
កាលពីខែកុម្ភៈ Travis បានលាលែងពីតំណែង CEO ប៉ុន្តែ នៅតែគ្រប់គ្រងតំណែងជាប្រធានក្រុមហ៊ុន។ ដំបូងឡើយក្រុមហ៊ុនឯកជន TSG Consumer Partners បានបោះទុនទៅក្នុងក្រុមហ៊ុន Dutch Bros កាលពីឆ្នាំ 2018 ហើយបច្ចុប្បន្ន TSG Consumer Partners កាន់កាប់មូលបត្រចំនួន 65 លានហ៊ុន ក្រោយពីបានធ្វើ IPO ដំបូង និងក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេលំដាប់ទីពីរបន្ទាប់ពី Travis៕