ក្នុង «ផ្ទះបាយខ្មោច» មួយកន្លែង នៅតំបន់ឧស្សាហកម្មជាយក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ ក្រុមចុងភៅកំពុងញាប់ដៃ ញាប់ជើង ចម្អិនអាហារដែលមិនត្រូវបានបម្រើអតិថិជននៅក្នុងភោជនីយដ្ឋាននោះទេ៖ ស្វាគមន៍មកកាន់ពិភពលោក «ផ្ទះបាយខ្មោច»។
មុន COVID-19 មកដល់ វិស័យប្រគល់អាហារដល់ផ្ទះអតិថិជន បានរីកចម្រើនណាស់ទៅហើយ ប៉ុន្តែ នៅពេលបម្រាមគោចរត្រូវបានអនុវត្ត បន្ទាប់ពី COVID-19 បង្ហាញខ្លួន វិស័យនេះបន្តរីកចម្រើនថែមមួយកម្រិតទៀតនៅទ្វីបអាស៊ី។
នៅពេលកម្មវិធីទូរស័ព្ទ (App) បញ្ជាទិញ និងប្រគល់អាហារបានផ្ទុះឡើង ក៏មានន័យថា អតិថិជនបានស៊ាំនឹងការហៅមុខអាហារ ឬភេសជ្ជៈពីចម្ងាយ និងទទួលបានយ៉ាងឆាប់រហ័ស។ ឆ្លើយតបនឹងតម្រូវការនេះ ភោជនីយដ្ឋានកាន់តែច្រើនឡើងៗ នាំគ្នាបង្កើតសេវាកម្មលក់អាហារដោយមិនបម្រើនៅនឹងកន្លែង ឬហៅថា «ផ្ទះបាយពពក» (cloud kitchens) ឬ «ផ្ទះបាយខ្មោច» (ghost kitchens)។ ក្រោយមក មហារោគរាតត្បាត បានមកដល់ ធ្វើឱ្យមនុស្សរាប់ពាន់លាននាក់មិនអាចទៅកាន់ភោជនីយដ្ឋានដើម្បីបរិភោគ។
«COVID-19 ពិតជាបានជំរុញឱ្យវិស័យនេះរីកចម្រើនខ្លាំងក្លា ពិតជាផ្ដល់ផលប្រយោជន៍ច្រើនដល់យើងខ្ញុំ» Jason Chen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន JustKitchen និយាយដូច្នេះ។
JustKitchen ចាប់ផ្ដើមដំណើរការ «ផ្ទះបាយខ្មោច» ដំបូងនៅ តៃវ៉ាន់ ចាប់ពីដើមឆ្នាំ 2020។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសាខាចំនួន 17 នៅ កោះតៃវ៉ាន់, 1 កន្លែងនៅ ហុងកុង និងកំពុងមានគម្រោងពង្រីកទៅកាន់ប្រទេសហ្វីលីពីន និង សិង្ហបុរី នៅចុងឆ្នាំនេះ។
បណ្ដាក្រុមហ៊ុនធំៗក្នុងវិស័យដឹកជញ្ជូនអាហារក្នុងតំបន់ ក៏បានក្ដោបក្ដាប់និន្នាការនេះបាន និងបានពង្រីកផ្ទះបាយពពកនៅពាសពេញតំបន់ អាស៊ីអាគ្នេយ៍ ចាប់តាំងពី COVID-19 រាតត្បាតខ្លាំង។
យោងតាម Researchchandmarkets.com វិស័យ «ផ្ទះបាយខ្មោច» នៅទូទាំងសកលលោក ត្រូវគេរំពឹងថានឹងមានកំណើន 12% ជារៀងរាល់ឆ្នាំ ហើយមានតម្លៃសរុបប្រមាណ 139.37 ពាន់លានដុល្លារ គិតត្រឹមឆ្នាំ 2028។ អាស៊ីប៉ាស៊ីហ្វិក ជាតំបន់ដែលមានប្រជាជន 4.3 ពាន់លាននាក់ កាន់កាប់ចំណែកទីផ្សារពិភពលោកក្នុងវិស័យនេះ ប្រហែល 60%។
ក្រុមហ៊ុនស្រាវជ្រាវ Euromonitor បានគណនាឃើញថា ផ្ទះបាយពពក ចំនួន 7,500 កន្លែង កំពុងដំណើរការនៅប្រទេសចិន, 3,500 កន្លែង នៅ ឥណ្ឌា, 1,500 នៅ សហរដ្ឋអាមេរិក និង 750 នៅប្រទេសអង់គ្លេស។
Natalie Phanphensophon ត្រូវប្ដូរទិសដៅអាជីវកម្មនៃក្រុមហ៊ុនគ្រប់គ្រងភោជនីយដ្ឋានអាយុកាល 45 ឆ្នាំរបស់ខ្លួន ទៅជាសេវាអាហារវេចទៅផ្ទះ ដោយសារតែ COVID-19។ គ្រួសាររបស់នាង គ្រប់គ្រងបណ្ដាញភោជនីយដ្ឋាន Mango Tree & Coca នៅប្រទេសថៃ។
ដើមឆ្នាំនេះ ពួកគេបានបើកភោជនីយដ្ឋានពពកដំបូង នៅជាយក្រុងបាងកក និងកំពុងត្រៀមបើកបន្ថែម 2 កន្លែងផ្សេងទៀត។ «គោលដៅរបស់យើងគឺធានាឱ្យបុគ្គលិកគ្រប់រូបក្នុងបណ្ដាញ អាចឆ្លងផុតការលំបាករួមគ្នា» ស្ត្រីវ័យ 35 ឆ្នាំខាងលើ និយាយដូច្នេះ។
ប្រាក់ចំណេញដែលផ្ទះបាយ ឬភោជនីយដ្ឋានពពកនាំមកគឺតិចជាង បើធៀបនឹងភោជនីយដ្ឋានបែបបុរាណ ព្រោះតែមានអតិថិជនតិចតួចដែលបញ្ជាទិញអាហារច្រើនមុខក្នុងពេលតែមួយ។ ប៉ុន្តែ ជំនួសមកវិញ ប្រាក់ចំណាយសម្រាប់ដំណើរការហាងគឺទាបជាងច្រើន។
iBerry Group ក្រុមហ៊ុនគ្រប់គ្រងបណ្ដាញភោជនីយដ្ឋាន និងហាងការ៉ែម ដែលនៅក្នុងបណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសថៃ ក៏បានបើកក្រុមហ៊ុនដឹកជញ្ជូនអាហារដល់ផ្ទះមួយកន្លែងផងដែរ។
«ផ្ទះបាយពពក ជាមូលដ្ឋាន គ្រាន់តែជាម៉ាសអុកស៊ីសែន សម្រាប់ពួកយើងនៅក្នុងសម័យ COVID-19» Thitanun Taveebhol នាយកផ្នែកម៉ាក យីហោ (Brand Manager) របស់ iBerry Group បញ្ជាក់ដូច្នេះ។
នៅពេលបណ្ដាក្រុមហ៊ុន និងបណ្ដាញភោជនីយដ្ឋាន ងាកទៅរកអាជីវកម្មប្រគល់ទំនិញដល់ផ្ទះ បណ្ដាផ្ទះបាយពពកលក្ខណៈគ្រួសារ ក៏ចាប់ផ្ដើមពេញនិយម។
បន្ទាប់ពីបានចូលនិវត្តន៍ពីក្រុមហ៊ុនអាកាសចរណ៍ Air India លោក Nirjash Roy Chowdhury ក៏បានយកប្រាក់សន្សំបានទៅបើកភោជនីយដ្ឋានពពកមួយ នៅទីក្រុង ម៉ុមបៃ។ អ្នកជំនួញរូបនេះបានជួលបុគ្គលិក 6 នាក់ ដែលធ្លាប់បានធ្វើការនៅសណ្ឋាគារ។
Chowdhury ឱ្យដឹងថា លោកចំណាយពេល 6 ខែ ទើបរកបានប្រាក់ដើមមកវិញ ប៉ុន្តែ លោកជឿជាក់ថា វិស័យនេះនៅតែបន្តមានសក្ដានុពលយូរអង្វែង។
ក្រុមអ្នកជំនាញយល់ថា នេះគឺជាទិសដៅដែលប្រកបដោយសុវត្ថិភាព។ Nailul Huda អ្នកវិភាគប្រចាំវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឱ្យដឹងថា កត្តាថ្លៃដំណើរការទាបជាង និងទម្លាប់ហៅអាហារដែលដឹកជញ្ជូនដល់ផ្ទះរបស់ក្រុមយុវវ័យសម័យថ្មី នឹងធានាស្ថិរភាពនៃកំណើនសេដ្ឋកិច្ចសម្រាប់វិស័យផ្ទះបាយពពក៕